ព័ត៌មានអន្ដរជាតិ
មេទ័ពប៉ាគីស្ថាន ហោះទៅចរចារឿងសង្គ្រាម នៅអ៊ីរ៉ង់ ស្របពេលអាមេរិក គំរាមចង់វាយបន្ថែម
ខណៈពេលដែលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា កំពុងតែស្ថិតក្នុងភាពមិនច្បាស់លាស់ មេបញ្ជាការកងទ័ពដ៏មានឥទ្ធិពលរបស់ប្រទេសប៉ាគីស្ថាន លោកសេនាប្រមុខ Asim Munir បានធ្វើដំណើរទៅដល់ទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់ ហើយកាលពីថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបន្តបេសកកម្មជាអាជ្ញាកណ្តាលផ្លូវការ ក្នុងការស្វែងរកសន្តិភាព។

តាមការចុះផ្សាយនាថ្ងៃសៅរ៍ នេះ របស់ទីភ្នាក់ងារព័ត៌មាន AFP ការធ្វើដំណើររបស់លោក Munir កើតឡើង ចំពេលដែលអ៊ីរ៉ង់ កំពុងតែពិនិត្យមើលសំណើសន្តិភាពថ្មីចុងក្រោយមួយ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកបែរជាធ្លាយព័ត៌មានមកថា សេតវិមាន ក៏កំពុងតែពិចារណាលទ្ធភាពបើកការវាយប្រហារថ្មី ទៅលើអ៊ីរ៉ង់ផងដែរ។ ជុំវិញបញ្ហានេះ ខាងអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានដាស់តឿនថា ដំណើរទស្សនកិច្ចនេះ មិនទាន់អាចចាត់ទុកថាជាចំណុចរបត់ជោគជ័យភ្លាមៗនោះទេ ព្រោះរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែមានរឿងមិនចុះសម្រុងគ្នាយ៉ាងជ្រាលជ្រៅ និងធំធេងណាស់។
រំឮកកាលពីដើមឡើយ សង្គ្រាមនេះ បានផ្ទុះឡើងតាំងពីថ្ងៃទី២៨ ខែកុម្ភៈ ដោយសារការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់ ដែលបានបង្កឱ្យមានការបិទខ្ទប់ផ្លូវទឹក នៅច្រកសមុទ្រហ័រមូស។ ច្រកសមុទ្រនេះ ជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ ដែលផ្ទុកចំណែកមួយភាគប្រាំនៃប្រេង ជុំវិញពិភពលោក ហើយការបិទច្រកនេះ បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ និងធ្វើឱ្យតម្លៃថាមពលហក់ឡើងខ្ពស់កប់ពពក។ ទោះបីជាមានការឈប់បាញ់គ្នាកាលពីថ្ងៃទី៨ ខែមេសា និងមានការចរចាគ្នាផ្ទាល់ជាប្រវត្តិសាស្ត្រ ដែលប៉ាគីស្ថានធ្វើជាម្ចាស់ផ្ទះអស់ជាច្រើនសប្តាហ៍ក៏ដោយ ក៏គេនៅតែមិនទាន់អាចឈានទៅរកកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ ឬបើកច្រកសមុទ្រនេះឡើងវិញបានពេញលេញឡើយ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការចរចានេះ បច្ចុប្បន្នកំពុងស្ថិតនៅលើបន្ទាត់រវាងការត្រូវរ៉ូវគ្នា និងការផ្ទុះអាវុធដាក់គ្នាជាថ្មី។ លោក ត្រាំ ថែមទាំងសុខចិត្តខកខានមិនទៅចូលរួមពិធីមង្គលការរបស់កូនប្រុសលោក នៅចុងសប្តាហ៍នេះ ក្រោមហេតុផលថា ត្រូវនៅប្រចាំការដោះស្រាយការងាររដ្ឋាភិបាលដ៏តានតឹងនេះ។
ស្ថានភាពមើលទៅគួរឱ្យបារម្ភ ហើយខាងអ៊ីរ៉ង់ផ្ទាល់ក៏មិនសូវទុកចិត្តអាមេរិក ប៉ុន្តែរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់ថា អ៊ីរ៉ង់នៅតែចូលរួមក្នុងកិច្ចចរចា ដោយស្មោះត្រង់ និងម៉ឺងម៉ាត់បំផុត ដើម្បីស្វែងរកលទ្ធផលមួយដ៏យុត្តិធម៌។ ផ្ទុយទៅវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បាននិយាយក្នុងកិច្ចប្រជុំណាតូនៅប្រទេសស៊ុយអែតថា ទោះបីជាមានការរីកចម្រើនខ្លះក្នុងការចរចា ប៉ុន្តែវានៅឆ្ងាយណាស់ទើបដល់ចំណុចជោគជ័យ។ លោកបានសង្កត់ធ្ងន់ថា លោក ត្រាំ ចង់បានការចរចាដោយសន្តិវិធី ប៉ុន្តែបើវាមិនអាចទៅរួចទេ លោកប្រធានាធិបតី មានជម្រើសផ្សេងទៀតរួចជាស្រេចហើយ។
ផលប៉ះពាល់នៃសង្គ្រាមនេះ បានរាលដាលដល់ជីវភាពរស់នៅរបស់ប្រជាជនយ៉ាងខ្លាំង។ នៅអាមេរិក ទំនុកចិត្តរបស់អ្នកប្រើប្រាស់ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ១៩៥២ មក ព្រោះតែទំនិញឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។ ស្របពេលជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏កំពុងរៀបចំដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់ ដែលពាក់ព័ន្ធនឹងការបិទច្រកសមុទ្រហ័រមូសផងដែរ។
ក្រៅពីបញ្ហាសេដ្ឋកិច្ច សង្គ្រាមនៅជួរមុខក្នុងប្រទេសលីបង់ ក៏កាន់តែអាក្រក់ទៅៗ។ ក្រុមហេសបូឡា (Hezbollah) បានចូលរួមក្នុងសង្គ្រាមនេះ ដើម្បីសងសឹកឱ្យមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ដែលបានស្លាប់។ ដ្បិតមានការព្រមព្រៀងឈប់បាញ់គ្នាកាលពីថ្ងៃទី១៧ មេសា ក៏អ៊ីស្រាអែល នៅតែបន្តវាយប្រហារយ៉ាងខ្លាំងក្លា។ ជាក់ស្តែង កាលពីយប់ថ្ងៃសុក្រ អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសចំនួន ៥លើកនៅភាគខាងកើតប្រទេសលីបង់ ក្បែរព្រំដែនស៊ីរី ដែលជាតំបន់មិនដែលធ្លាប់រងការវាយប្រហារទាល់តែសោះ តាំងពីមានបទឈប់បាញ់មក។ គិតចាប់តាំងពីដើមខែមីនា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សនៅលីបង់អស់ជាង ៣ ០០០នាក់ទៅហើយ ដោយក្នុងនោះការវាយប្រហារកាលពីថ្ងៃសុក្រតែមួយ បានសម្លាប់មនុស្ស ១០នាក់ រួមទាំងកុមារ និងក្រុមអ្នកជួយសង្គ្រោះផងដែរ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


