Connect with us

ព័ត៌មានអន្ដរជាតិ

ហេតុផល​នៅពីក្រោយខ្នង​អ៊ីរ៉ង់ ដែលបន្ត​ប្រហារជីវិត​ពលរដ្ឋខ្លួនឯង ចំពេល សង្គ្រាម​ជាមួយអាមេរិក​មិនទាន់​ចប់

បានផុស

នៅ

ខណៈដែលតួកគីនិងនិងប៉ាគីស្ថាន កំពុងព្យាយាមដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ប្រទេសអ៊ីរ៉ង់បែរជាបានបង្កើនការអនុវត្តទណ្ឌកម្មប្រហារជីវិតយ៉ាងគំហុកគួឲ្យកត់សម្គាល់។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន DW កាលពីថ្ងៃ ទី២១ ខែឧសភា។

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថានភាពនេះបានបង្កើតជាចម្ងល់យ៉ាងខ្លាំងដល់សហគមន៍អន្តរជាតិ ប៉ុន្តែបើយោងតាមការវិភាគរបស់ក្រុមអ្នកជំនាញ និងអង្គការសិទ្ធិមនុស្ស វាគឺជាយុទ្ធសាស្ត្រដ៏ច្បាស់លាស់មួយរបស់របបដឹកនាំក្រុងតេហេរ៉ង់ ក្នុងការរក្សាអំណាច និងការបង្ក្រាបការបះបោរផ្ទៃក្នុង។ ឫសគល់ចម្បងដែលធ្វើឲ្យអ៊ីរ៉ង់បន្តប្រហារជីវិតមនុស្សជាបន្តបន្ទាប់ គឺដើម្បីបំបាក់ស្មារតីប្រជាជនផ្ទាល់ខ្លួន ក្រោយពេលមានបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ កាលពីចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦។

រដ្ឋាភិបាលអ៊ីរ៉ង់ក៏យល់ឃើញថា ភាពមិនច្បាស់លាស់នៃសង្គ្រាមជាមួយអាមេរិក និងអ៊ីស្រាអែល អាចធ្វើឲ្យសន្តិសុខផ្ទៃក្នុងរង្គោះរង្គើ និងជំរុញឲ្យប្រជាជនក្រោកឈរឡើងប្រឆាំងរបបដឹកនាំម្តងទៀត។ ហេតុដូចនេះហើយ ទើបតុលាការអ៊ីរ៉ង់បានពន្លឿនការកាត់ទោស និងព្យួរក សកម្មជនបាតុករ ក្រោមបទចោទប្រកាន់ធ្ងន់ធ្ងរដូចជាការបះបោរប្រដាប់អាវុធ អំពើភេរវកម្ម និងការធ្វើប្រវេសនកម្ម ដើម្បីបង្ហាញពីអំណាចដាច់ខាត និងព្រមានពលរដ្ឋដទៃទៀតកុំឲ្យហ៊ានបង្កចលាចល ស្របពេលដែលរដ្ឋភិបាលកំពុងរងសម្ពាធពីខាងក្រៅ។

ស្របពេលជាមួយគ្នានេះ របបដឹកនាំអ៊ីរ៉ង់ក៏ប្រើប្រាស់ការប្រហារជីវិតជាឧបករណ៍នយោបាយសម្រាប់កិច្ចចរចាអន្តរជាតិផងដែរ។ តាមរយៈការបង្ហាញជំហររឹងត្អឹង និងមិនចុះញញើតក្នុងការអនុវត្តច្បាប់ផ្ទៃក្នុង ទីក្រុងតេហេរ៉ង់ចង់ផ្ញើសារទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា សម្ពាធយោធា ឬទណ្ឌកម្មសេដ្ឋកិច្ចរបស់លោក មិនអាចកំញើញ ឬធ្វើឲ្យរដ្ឋាភិបាលកុម្មុយនីស្តអ៊ីស្លាមមួយនេះទន់ជ្រាយបានឡើយ។

ម្យ៉ាងវិញទៀត ទោះបីជាមន្ត្រីការទូតតួកគី និងប៉ាគីស្ថាន បានអះអាងពីវឌ្ឍនភាព និងលទ្ធភាពក្នុងការបញ្ចប់ជម្លោះក៏ដោយ ក៏រដ្ឋាភិបាលអ៊ីរ៉ង់នៅតែមានការប្រុងប្រយ័ត្នខ្ពស់ និងមិនទាន់មានទំនុកចិត្តទាំងស្រុងលើសំណើរបស់ទីក្រុងវ៉ាស៊ីនតោននោះទេ ដោយសារតែលោក ត្រាំ កាលពីពេលថ្មីៗនេះ នៅតែបន្តប្រើប្រាស់វោហារសាស្ត្រគំរាមកំហែងកម្ទេចអ៊ីរ៉ង់ ប្រសិនបើការចរចាមិនត្រូវរ៉ូវគ្នា។

ដោយឡែក ផ្អែកលើទិន្នន័យពីអង្គការលើកលែងទោសអន្តរជាតិ អ៊ីរ៉ង់បានកាត់ទោសប្រហារជីវិតមនុស្សជាង ២,១៥០ នាក់ ដែលជាចំនួនកើនឡើងយ៉ាងគំហុក។ ស្ថានភាពនេះសហគមន៍អន្តរជាតិមើលឃើញថា ដរាបណាកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការរវាងអាមេរិក និងអ៊ីរ៉ង់ មិនទាន់ត្រូវបានចុះហត្ថលេខាជាស្ថាពរ ហើយការហ៊ុមព័ទ្ធសេដ្ឋកិច្ចមិនទាន់ត្រូវបានដកចេញទេនោះ ទីក្រុងតេហេរ៉ង់នឹងនៅតែបន្តប្រើប្រាស់ «ម៉ាស៊ីនប្រហារជីវិត» នេះ ធ្វើជាខែលការពារអំណាចផ្ទៃក្នុងរបស់ខ្លួន ដើម្បីទប់ទល់នឹងរលកបាតុកម្មផង និងដើម្បីបង្កើនទម្ងន់ក្នុងការចរចាជាមួយលោកខាងលិចផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ

អ៊ីរ៉ង់ ព្យួរក បុរសពីរនាក់ ពីបទបះបោរប្រដាប់អាវុធ និងជាប់ពាក់ព័ន្ធក្រុមភេរវករបំបែកខ្លួន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម