ព័ត៌មានអន្ដរជាតិ
អាមេរិកហៅអ៊ីស្រាអែល និងលីបង់ចូលតុចរចា
ក្រសួងការបរទេសអាមេរិកបានប្រកាសថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំមួយនៅសប្តាហ៍ក្រោយ ដើម្បីឲ្យភាគីអ៊ីស្រាអែល និងលីបង់អង្គុយតុចរចាគ្នា។ នេះបើយោងតាមសារព័ត៌មាន France24 ចុះផ្សាយថ្ងៃសុក្រទី១០ខែមេសាឆ្នាំ២០២៦។

ការប្រកាសនេះធ្វើឡើងចំពេលដែលពិភពលោកកំពុងបារម្ភយ៉ាងខ្លាំងថា ការវាយប្រហារយ៉ាងចាស់ដៃរបស់អ៊ីស្រាអែលទៅលើទឹកដីលីបង់ អាចនឹងធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់ដ៏ផុយស្រួយរវាងអាមេរិក និងអ៊ីរ៉ង់ ត្រូវរលាយសាបសូន្យទៅវិញ។ កាលពីថ្ងៃពុធកន្លងទៅ អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរបំផុតលើលីបង់ បណ្តាលឲ្យមនុស្សរាប់រយនាក់បាត់បង់ជីវិត ដែលនេះបានធ្វើឲ្យបទឈប់បាញ់ដែលទើបតែមានអាយុមិនដល់៤៨ម៉ោងផងនោះ ត្រូវរង្គោះរង្គើយ៉ាងខ្លាំង។
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានបង្គាប់ឲ្យរដ្ឋមន្ត្រីរបស់លោកស្វែងរកការចរចាដោយផ្ទាល់ជាមួយលីបង់ ដោយផ្ដោតសំខាន់លើការដកហូតអាវុធពីក្រុមហេសបូឡា។ ប៉ុន្តែខាងមន្ត្រីរដ្ឋាភិបាលលីបង់បានឆ្លើយតបវិញថា បើចង់ចរចា លុះត្រាតែមានការឈប់បាញ់គ្នាជាមុនសិន។ ទន្ទឹមនឹងនេះ ស្ថានការណ៍នៅសមរភូមិកាន់តែឡើងកម្ដៅ ដោយក្រុមហេសបូឡាបានប្រកាសថា ពួកគេកំពុងវាយតបតជាមួយកងទ័ពថ្មើរជើងអ៊ីស្រាអែលនៅភាគខាងត្បូងលីបង់ ខណៈដែលមេទ័ពអ៊ីស្រាអែលបានចុះទៅសួរសុខទុក្ខកងទ័ពដល់ក្នុងដីលីបង់ និងអះអាងថាបានវាយកម្ទេចកម្លាំងសត្រូវយ៉ាងដំណំ។
ក្រៅពីបញ្ហានៅលីបង់ ជម្លោះពាក្យសម្តីក៏បានផ្ទុះឡើងក្នុងចំណោមអ្នកសម្របសម្រួលផងដែរ។ រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបានរិះគន់អ៊ីស្រាអែលយ៉ាងចាស់ដៃថាជា «បណ្តាសារបស់មនុស្សជាតិ» ដែលកំពុងបង្កសង្គ្រាមក្នុងពេលចរចា។ សម្តីនេះបានធ្វើឲ្យអ៊ីស្រាអែលក្ដៅស្លឹកត្រចៀកយ៉ាងខ្លាំង និងចាត់ទុកថាជាការប្រមាថដែលមិនអាចទទួលយកបាន។ បញ្ហានេះកាន់តែស្មុគស្មាញ ដោយសារប៉ាគីស្ថានមិនទទួលស្គាល់អ៊ីស្រាអែលជារដ្ឋ ហើយយល់ថាការឈប់បាញ់ត្រូវតែរួមបញ្ចូលទាំងលីបង់ផងដែរ ខណៈដែលអ៊ីស្រាអែលនៅតែទទូចថា លីបង់មិនស្ថិតក្នុងកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីរ៉ង់នោះទេ។
មេដឹកនាំពិភពលោកជាច្រើន រួមទាំងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានព្រមានដែរថា បើការបំផ្លិចបំផ្លាញនៅលីបង់នៅតែបន្ត ដំណើរការសន្តិភាពទាំងមូលនឹងត្រូវបរាជ័យជាមិនខាន។ ដោយឡែក លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសម្តែងការមិនពេញចិត្តចំពោះអ៊ីរ៉ង់ ដោយចោទប្រកាន់ថា អ៊ីរ៉ង់មិនបានគោរពតាមកិច្ចព្រមព្រៀងក្នុងការបើកច្រកសមុទ្រ Hormuz ឲ្យបានល្អនោះទេ។ លោកបានព្រមានអ៊ីរ៉ង់កុំឲ្យព្យាយាមទាមទារកម្រៃពីកប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រដ៏សំខាន់នេះ ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកសម្រាប់ដឹកជញ្ជូនប្រេង និងហ្គាស៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៤ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
កីឡា៣ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ


