Connect with us

ព័ត៌មានអន្ដរជាតិ

CNN៖ ចិនត្រៀមបញ្ជូនប្រព័ន្ធ​មីស៊ីលការពារ​ដែន​អាកាស​ទៅឲ្យ​អ៊ីរ៉ង់

បានផុស

នៅ

ខណៈ​ពិភពលោកកំពុងរង់ចាំ​អ៊ុត​លទ្ធផល​នៃ​កិច្ចចរចាសន្តិភាពរវាង​សហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់​នា​ថ្ងៃសៅរ៍​ទី​១១​ខែ​មេសា​ឆ្នាំ​២០២៦​នេះ សេចក្តីរាយការណ៍​​សម្ងាត់ថ្មីមួយបានបង្ក​ឲ្យ​មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​ប្រភពចារកម្ម​​​អាមេរិកបានអះអាង​ប្រាប់​សារព័ត៌មាន CNN ថា ប្រទេសចិនកំពុងរៀបចំផែនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទស្ពាយដាក់ស្មា (MANPADs) ទៅ​ឲ្យ​ប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសទីបីដើម្បីបិទបាំងប្រភពដើម។

(រូបថត៖ Shutterstock)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីស៊ីលប្រភេទនេះត្រូវបានគេដឹងថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់យន្តហោះយោធាអាមេរិកដែលហោះហើរក្នុងកម្រិតទាប។

ភាគីចិនបានចេញមុខបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ ដោយចាត់ទុកថាវាជាព័ត៌មានមិនពិត និងគ្មានមូលដ្ឋាន។ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនបានសង្កត់ធ្ងន់ថា ចិនមិនដែលផ្តល់អាវុធដល់ភាគីជម្លោះណាមួយឡើយ ហើយតែងតែដើរតួជាអ្នកសម្របសម្រួលដើម្បីកាត់បន្ថយភាពតានតឹង។ យ៉ាងណាក៏ដោយ អ្នកវិភាគជឿថា នេះគឺជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងដែលព្យាយាមរក្សាទំនាក់ទំនងមិត្តភាពជាមួយអ៊ីរ៉ង់ ដែលជាប្រភពប្រេងកាតដ៏សំខាន់របស់ខ្លួន ខណៈពេលដែលរក្សារូបភាពជាប្រទេសអព្យាក្រឹតនៅលើឆាកអន្តរជាតិ។

រឿងរ៉ាវនេះកាន់តែមានភាពស្មុគស្មាញ ខណៈដែលប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលឆាប់ៗខាង​មុខ។ គេកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើការចោទប្រកាន់ទាំងនេះនឹងជះឥទ្ធិពលដល់ជំនួបកំពូលរវាងលោកត្រាំ និងលោក ស៊ី ជីនពីង យ៉ាងដូចម្តេច ហើយថាតើកិច្ចចរចាសន្តិភាពនៅអ៊ីស្លាម៉ាបាដនឹងអាចបន្តដំណើរទៅមុខដោយរលូន ឬ​ក៏​យ៉ាងណា៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម