Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ត្រៀមខ្លួនទទួលព្យុះខែប្រាំងថ្មីទៀត ដែលនឹងវាយប្រហារដល់ ចុងសប្តាហ៍

បានផុស

នៅ

វិបត្តិគ្រោះធម្មជាតិនៅតែបន្តយាយីថៃ ដោយខ្យល់ព្យុះវាយប្រហារប្រទេសនេះជាបន្តបន្ទាប់ ហើយពេលនេះ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមាន ឲ្យត្រៀមខ្លួនចំពោះព្យុះខែប្រាំងថ្មីទៀត ដែលនឹងបោកបាក់រហូតដល់ចុងសប្តាហ៍។

(រូប៖ The Nation)

តាមសេចក្តីប្រកាសដែលផ្សាយបន្តដោយសារព័ត៌មាន Bangkok Post នៅថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦, ព្យុះខែប្រាំងនឹងវាយប្រហារប្រទេសថៃ ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ខណៈតំបន់ដែលនឹងរងគ្រោះខ្លាំងជាងគេ គឺប៉ែកខាងជើង។

សេចក្តីប្រកាសដដែលបញ្ជាក់ថា បាតុភូតនេះគឺបណ្ដាលមកពីប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់ពីប្រទេសចិន ដែលបានរីកសាយភាយគ្របដណ្ដប់លើតំបន់ភាគឦសាន និងសមុទ្រចិនខាងត្បូង។

(រូប៖ The Nation)

វានឹងបង្កឲ្យមានព្យុះភ្លៀង ផ្គរន្ទះ លាយឡំជាមួយខ្យល់កន្ត្រាក់ ដែលមិនត្រឹមវាយប្រហារភាគខាងជើងប្រទេសថៃទេ វាក៏នឹងបោកបក់លើប៉ែកឦសាននិងខាងកើត រួចបន្តដល់តំបន់ទំនាបកណ្តាល ព្រមទាំងរាជធានីបាងកកផងដែរ។

ព្យុះនេះកើតឡើង បន្ទាប់ពីព្យុះខែប្រាំងដ៏កាចសាហាវមួយទៀត វាយប្រហារ៧ខេត្តនៅថៃ បណ្តាលឲ្យផ្ទះសម្បែងពលរដ្ឋរាប់រយខ្នងរងការខូចខាតយ៉ាងដំណំ។

(រូប៖ The Nation)

ព្យុះខែប្រាំងដែលបោកបក់ជាមួយកម្លាំងខ្យល់ខ្លាំង បានវាយប្រហារខេត្ត Yasothon, Lop Buri, Ubon Ratchathani, Amnat Charoen, Surin, Nakhon Ratchasima និង Prachin Buri កាលពីថ្ងៃអាទិត្យទី១៩ខែមេសាឆ្នាំ២០២៦។

សរុបជារួម ផ្ទះ២៦៨ខ្នងត្រូវបំផ្លាញក្នុង៦៥ភូមិ ២១ឃុំ ១០ស្រុក ខណៈខេត្តដែលរងគ្រោះខ្លាំងជាងគេគឺ Yasothon និង Lop Buri ដោយនៅទីនោះ ក៏មានសេចក្តីរាយការណ៍អំពីការដាច់ចរន្តអគ្គិសនីផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម