Connect with us

ព័ត៌មានអន្ដរជាតិ

ច្រើនដងហើយ ដែលអត្ថបទរបស់ WSJ ត្រូវលោកត្រាំ ចាត់ទុក ជាព័ត៌មានក្លែងក្លាយ

បានផុស

នៅ

កាសែត Wall Street Journal (WSJ) តែងរងការរិះគន់យ៉ាងចាស់ដៃពីអន្តរជាតិព្រោះតែការផ្សាយអត្ថបទខ្លះ ត្រូវគេមើលឃើញថាជា ព័ត៌មានគ្មានវិជ្ជាជីវៈនិងផ្ទុយពីការពិត ដែលសូម្បីមេដឹកនាំប្រទេសមហាអំណាចផុតលេខ ដូណាល់ ត្រាំ ក៏ទ្រាំមិនបាន ចេញមុខស្តីឲ្យមិនសំចៃមាត់ផងដែរ។

លោក ដូណាល់ ត្រាំ (រូប៖ Reuters)

ប៉ុន្មានដងហើយ ដែលប្រធានាធិបតីអាមេរិក ពន្លះខ្លាំងៗដាក់សារព័ត៌មាននេះ ដោយបន្ទោសថា ចុះផ្សាយព័ត៌មានមិនពិត ដើម្បីតែបម្រើដល់ផលប្រយោជន៍នយោបាយប៉ុណ្ណោះ។

មានករណីធំៗចំនួន៣ហើយ ដែលធ្វើឲ្យលោកត្រាំ ទ្រាំមិនបាន ដល់ថ្នាក់ស្តីឲ្យកប់ៗមាត់ទៅ WSJ។ ករណីទាំងនោះមានដូចជា៖

១. អត្ថបទវិចារណកថារបស់អ្នកកាសែត Elliot Kaufman

(រូប៖ X)

មូលហេតុចម្បងដែលលោក ត្រាំ ផ្ទុះកំហឹងកាលពីថ្ងៃទី២១ខែមេសាឆ្នាំ២០២៦ គឺដោយសារអត្ថបទមួយដែលមានចំណងជើងថា៖ «អ៊ីរ៉ង់ចាត់ទុក ត្រាំ ជាមនុស្សចាញ់បោកគេ»។

លោក Kaufman សរសេរថា អ៊ីរ៉ង់បានបោកប្រាស់លោក ត្រាំ ជាច្រើនលើកច្រើនសាដោយសន្យាថានឹងបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុន្តែបែរជាបិទវិញដើម្បីទាមទារអត្ថប្រយោជន៍បន្ថែម។

ជុំវិញរឿងនេះ លោកបានហៅអ្នកកាសែតរូបនេះថាជា «មនុស្សល្ងង់» ហើយអះអាងថា នេះគឺជាព័ត៌មានក្លែងក្លាយ ព្រោះលោកបានកម្ទេចកងទ័ពអាកាស កងទ័ពជើងទឹក និងមន្ទីរពិសោធន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់អស់ទៅហើយ ដូច្នេះអ៊ីរ៉ង់គ្មានផ្លូវបោកលោកបានឡើយ។

២. ករណីសំបុត្រនិងរូបភាពអាសអាភាសផ្ញើទៅ Jeffrey Epstein

(រូប៖ Getty)

នៅពាក់កណ្តាលខែមេសាឆ្នាំ២០២៦ នេះ ចៅក្រមសហព័ន្ធបានទម្លាក់ចោលពាក្យបណ្ដឹងបរិហារកេរ្តិ៍មួយដែលលោក ត្រាំ ប្ដឹងប្រឆាំងនឹង WSJ និងលោក Rupert Murdoch។

កាសែតនេះបានរាយការណ៍ថា កាលពីឆ្នាំ ២០០៣ លោក ត្រាំ ធ្លាប់បានផ្ញើសំបុត្រនិងរូបភាពគំនូរអាសអាភាសទៅឲ្យលោក Jeffrey Epstein ដែលជាមហាសេដ្ឋីជាប់ចោទពីបទជួញដូរផ្លូវភេទ។

យ៉ាងណា លោកត្រាំ ចាត់ទុករឿងនេះថា ជាការមួលបង្កាច់ និងជាព័ត៌មានក្លែងក្លាយទាំងស្រុង។ លោកក៏បានប្ដឹងផ្ដល់ ប៉ុន្តែត្រូវបានចៅក្រមបដិសេធ ដោយសារគ្មានព័ស្តុតាងគ្រប់គ្រាន់។

៣. ករណីទំនាក់ទំនងជាមួយសម្តេចប៉ាប និង រូបភាព AI

(រូប៖ Truth Social)

WSJ ក៏បានចូលរួមរាយការណ៍អំពីភាពចម្រូងចម្រាសដែល ត្រាំ បង្ហោះរូបភាព AI បង្ហាញពីរូបលោកជា «គ្រូពេទ្យ» ឬ «ព្រះយេស៊ូ» កំពុងព្យាបាលអ្នកជំងឺផងដែរ។

ខ្លឹមសារ WSJ និងសារព័ត៌មានដទៃ បានរិះគន់ ហើយវិភាគថា ជារូបភាពបោកប្រាស់ដើម្បីទាក់ទាញអ្នកគាំទ្រសាសនា ប៉ុន្តែលោកត្រាំ បានហៅការបកស្រាយរបស់សារព័ត៌មានទាំងនេះថាជា «Fake News» ដោយអះអាងថា រូបភាពនោះគ្រាន់តែចង់បង្ហាញពីការគាំទ្ររបស់លោកចំពោះកាកបាទក្រហមតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម