Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ

បានផុស

នៅ

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចេញកំហឹងដាក់កាសែត Wall Street Journal ព្រោះតែការចុះផ្សាយព័ត៌មានវាយប្រហារលោក ជុំវិញសង្គ្រាមអ៊ីរ៉ង់ ដោយស្តីបន្ទោសថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

កាសែតនោះ បានផ្សាយអត្ថបទវិចារណកថាមួយដោយដាក់ចំណងជើងថា៖ «អ៊ីរ៉ង់ចាត់ទុក ត្រាំ ជាមនុស្សចាញ់បោកគេ» ដែលរឿងនេះធ្វើឲ្យប្រមុខសេតវិមាន ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំង។

ប្រតិកម្មទៅរឿងនេះ ប្រធានាធិបតីអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម Truth Social នៅថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦ ដើម្បីវាយបកទៅវិញ។

ខាងក្រោមនេះគឺជាខ្លឹមសារទាំងស្រង់ដែលលោក ត្រាំ បង្ហោះលើ Truth Social៖

«សារព័ត៌មាន THE WALL STREET JOURNAL វង្វេងផ្លូវហើយ!»

មនុស្សល្ងង់ខ្លៅម្នាក់នៅក្នុងក្រុមប្រឹក្សាភិបាលនិពន្ធរបស់សារព័ត៌មាន The Wall Street Journal ឈ្មោះថា Elliot Kaufman ទើបតែបានសរសេរអត្ថបទវិចារណកថាមួយ ដែលមានចំណងជើងថា «ពួកអ៊ីរ៉ង់ចាត់ទុក ត្រាំ ជាមនុស្សចាញ់បោកគេ»។ មែនឬ? អស់រយៈពេល៤៧ឆ្នាំមកហើយ ដែលពួកគេបានសម្លាប់ប្រជាជនរបស់យើងនិងមនុស្សជាច្រើនទៀត ហើយបានកេងចំណេញពីប្រធានាធិបតីគ្រប់រូបលើកលែងតែខ្ញុំ ហើយតើខ្ញុំបានផ្ដល់អ្វីខ្លះដល់ពួកគេ? គឺប្រទេសមួយដែលខ្ទេចខ្ទី! កងទ័ពជើងទឹកទាំងមូលរបស់ពួកគេគឺស្ថិតនៅបាតសមុទ្រ កងទ័ពអាកាសរបស់ពួកគេត្រូវបានកម្ទេច ប្រព័ន្ធប្រឆាំងយន្តហោះនិងរ៉ាដាត្រូវបានលុបបំបាត់ មន្ទីរពិសោធន៍នុយក្លេអ៊ែរនិងឃ្លាំងផ្ទុករបស់ពួកគេត្រូវបានបំផ្លាញខ្ទេចខ្ទីគ្មានសល់ ដោយយន្តហោះទម្លាក់គ្រាប់បែក B-2 ដ៏អស្ចារ្យរបស់យើងកាលពីល្ងាចខែមិថុនាដ៏ខ្មៅងងឹតមួយ។

មេដឹកនាំរបស់ពួកគេស្លាប់អស់ហើយ រួមទាំងឧត្តមសេនីយ៍ Soleimani ជាមេគំនិតដ៏អាក្រក់ ដែលបានបំផ្លាញជីវិតមនុស្សជាច្រើនជាមួយនឹងគ្រាប់បែកកែច្នៃតាមដងផ្លូវ។ ច្រកសមុទ្រ Hormuz ត្រូវបានបិទខ្ទប់និងគ្រប់គ្រងទាំងស្រុងដោយសហរដ្ឋអាមេរិក ដោយមិនអនុញ្ញាតឲ្យមានកប៉ាល់ណាមួយចូលទៅកាន់កំពង់ផែអ៊ីរ៉ង់ឡើយ។ គេនិយាយថា ពួកគេកំពុងខាតបង់ប្រាក់៥០០លានដុល្លារក្នុងមួយថ្ងៃដោយសាររឿងនេះ ប្រទេសរបស់ពួកគេគឺជាមហន្តរាយសេដ្ឋកិច្ច ដែលកំពុងស្ថិតក្នុងស្ថានភាពដង្ហើមចង្រិត។

Barack Hussein Obama បានផ្តល់លុយសុទ្ធដល់ពួកគេចំនួន ១.៧ ពាន់លានដុល្លារ ដឹកតាមយន្តហោះ Boeing 757 ទៅឲ្យមេដឹកនាំរបស់ពួកគេ និងលុយរាប់រយពាន់លានដុល្លារទៀត ដើម្បីជួយពួកគេក្នុងការបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។ ប្រធានាធិបតីផ្សេងទៀតមិនបានធ្វើអ្វីសោះដើម្បីបញ្ឈប់ពួកគេ វាគឺជាស្នាមអុជខ្មៅ លើតំណែងប្រធានាធិបតី។

ទោះជាមានរឿងទាំងអស់នេះក៏ដោយ ក៏ខ្ញុំនៅតែមាន មនុស្សល្ងង់ ម្នាក់នៅក្នុងក្រុមប្រឹក្សានិពន្ធនៃសារព័ត៌មាន The Wall Street Journal សរសេរថាខ្ញុំត្រូវបានគេបោកប្រាស់ទៅវិញ។ អ៊ីរ៉ង់ប្រាកដជាមិនគិតដូច្នេះទេ ហើយក៏គ្មានអ្នកណាម្នាក់គិតដូច្នេះដែរ។ ខ្ញុំស្មានថា Rupert Murdoch ជាអ្នកប្រាប់ឲ្យសរសេរបែបនេះ ព្រោះ The Wall Street Journal បានវង្វេងផ្លូវហើយ លែងជាសារព័ត៌មានដែលចាំបាច់ត្រូវអានទៀតហើយ វាគ្រាន់តែជាកាកសំណល់នយោបាយដែលបរាជ័យមួយទៀតតែប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម