Connect with us

ព័ត៌មានអន្ដរជាតិ

សម្តេចប៉ាប Leo ខកចិត្តខ្លាំង​​ក្នុង​សង្គ្រាម​អាមេរិក-អ៊ីរ៉ង់ ដែល​ចរចាមិនត្រូវគ្នា​​​​​

បានផុស

នៅ

​ម្ចាស់​​វិមាន​បុរីវ៉ាទីកង់ សម្តេចប៉ាបលីអូ ទី​១៤​ (Leo XIV) ​នៅ​​ថ្ងៃទី ២៣ ខែ​​មេសា បានបង្ហាញកង្វល់ និងសម្តែងនូវការខកចិត្តដែលមេដឹកនាំសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទាន់អាចរក​វិធី​បញ្ចប់សង្គ្រាម​​តាម​ផ្លូវ​ការទូត ខណៈដែលជនស៊ីវិលជាច្រើនកំពុងរងទុក្ខវេទនា។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន nbcnews

រូបភាព៖Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ថ្ងៃខ្លះអ៊ីរ៉ង់ឆ្លើយថា «ព្រម» តែអាមេរិកបែរជាឆ្លើយថា «​ទេ​» ហើយថ្ងៃស្អែកវាផ្ទុយពីនេះ។ យើងមិនដឹងថាបញ្ហានេះនឹងនាំទៅដល់ទីណានោះទេ ដែលវាបានបង្កឲ្យមានស្ថានភាពវឹកវរជាថ្មីម្តងទៀត ហើយនេះគឺជាសញ្ញាអាសន្នដ៏ធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចពិភពលោក។» នេះជា​ការលើក​ឡើង​របស់សម្តេចប៉ាប លីអូ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅលើជើងហោះហើរត្រឡប់ទៅកាន់បុរីវ៉ាទីកង់វិញ បន្ទាប់ពីបានបញ្ចប់​​ដំណើរ​សាសន​ទូត​​ រយៈពេល ១១ថ្ងៃ នៅទ្វីបអាហ្វ្រិក។

មេដឹកនាំបុរីវ៉ាទីកង់ បានថ្លែងឡើងក្នុងបរិបទដែលកិច្ចព្រមព្រៀងឈប់បាញ់ រវាងសហរដ្ឋ​អាមេរិក និងអ៊ីរ៉ង់ ​ដែល​កំពុងត្រូវបានសាកល្បងដោយសារការប្រឈមមុខដាក់គ្នាដោយផ្ទាល់ នៅជុំវិញតំបន់យុទ្ធសាស្ត្រច្រកសមុទ្រ Hormuz​ ។ សម្តេច​ប៉ាប បានសម្តែងការ​ខក​ចិត្ត ដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតមិនអាចបញ្ចប់ភាពទាល់ច្រកនេះបាន ខណៈដែល ប្រជាជនអ៊ីរ៉ង់​ទូទាំង​ប្រទេស​ និងមនុស្សស្លូតត្រង់ជាច្រើន កំពុងរងទុក្ខវេទនាដោយសារតែសង្គ្រាម។

នៅពេលត្រូវបានសួរអំពីសេចក្តីរាយការណ៍ដែលថា របបដឹកនាំរឹងរូសរបស់អ៊ីរ៉ង់កំពុងប្រហារជីវិតក្រុមអ្នកប្រឆាំងនយោបាយ សម្តេចប៉ាប លីអូ បាន​​ឆ្លើយ​តប​ថា ព្រះអង្គថ្កោលទោសចំពោះទោសប្រហារជីវិត។

សម្តេចប៉ាប បន្ត​ថា «ដូច្នេះនៅពេលដែលរបបមួយ ឬប្រទេសមួយធ្វើការសម្រេចចិត្តដែលដកហូតជីវិតអ្នកដទៃដោយអយុត្តិធម៌ វាច្បាស់ណាស់ថាពួកគេត្រូវការថ្កោលទោស»។

ទោះជាយ៉ាងណាក៏ដោយ កាលពីពេលថ្មីៗនេះ ​ការ​អត្ថាធិប្បាយ​​របស់​សម្តេចប៉ាប បានធ្វើឲ្យលោកត្រាំ ខឹងសម្បារយ៉ាងខ្លាំង តាមរយៈការចេញមុខអំពាវនាវឲ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់។ ជម្លោះពាក្យសម្តីជាសាធារណៈនេះ បានបិទបាំងនូវភាពលេចធ្លោនៃដំណើរបំពេញទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសចំនួន៤ក្នុងទ្វីបអាហ្វ្រិក ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ឥណ្ឌាវាយបក ​លោក ត្រំា ដែលមាក់ងាយ​ឥណ្ឌា ថា ជា «រន្ធនរក»
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម