Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខការទូតអ៊ីរ៉ង់ បញ្ជាក់ច្បាស់ៗថា លោកទៅជួប ពូទីន ដើម្បីពិភាក្សា រឿងសង្គ្រាម

បានផុស

នៅ

និយាយដោយឥតលាក់លៀម រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi បានប្រាប់ទៅអ្នកសារព័ត៌​មាន ភ្លាមៗនៅពេលទៅដល់ទីក្រុង St Petersburg ថា លោកមករុស្ស៊ីនេះ គឺដើម្បីពិភាក្សាជាមួយ ​ប្រមុខវិមានក្រឹមឡាំង វ្ល៉ាឌីមៀរ ពូទីន ស្តីពី សង្គ្រាមមជ្ឈិមបូព៌ា និងស្ថានការណ៍វិវឌ្ឍចុងក្រោយ។

លោក Abbas Araghchi នៅរុស្ស៊ី (រូប៖ Reuters)

សារព័ត៌មាន Al Jazeera បានដកស្រង់សម្តី ប្រមុខការទូតអ៊ីរ៉ង់ វ័យ ៦៣ឆ្នាំរូបនេះ ដែលបញ្ជាក់យ៉ាងច្បាស់នៅថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២៦ ថា លោកមករុស្ស៊ី ក្នុងគោលបំណងបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ រវាងទីក្រុងតេហេរ៉ង់ និងមូស្គូ លើបញ្ហាតំបន់និងអន្តរជាតិ ហើយដំណើរនេះ នឹងក្លាយជាឱកាសដ៏ល្អ ដើម្បីពិភាក្សាអំពីការវិវត្តនៃសង្គ្រាម និងពិនិត្យមើលស្ថានភាពចុងក្រោយបង្អស់។

ដំណើរនេះកើតឡើង ស្របពេលកិច្ចចរចាសន្តិភាពអាមេរិក-អ៊ីរ៉ង់ ត្រូវជាប់គាំង បន្ទាប់ពី ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ សម្រេចចិត្ត លុបចោលគម្រោងបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅកាន់ប្រទេសប៉ាគីស្ថាន។

លោក Abbas Araghchi នៅរុស្ស៊ី (រូប៖ Reuters)

តាម​ការ​ផ្សាយ​របស់ BBC កាលពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែមេសា ឆ្នាំ​២០២៦ លោក ត្រាំ បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចង់ឲ្យ​ប្រេសិតពិសេស និងកូនប្រសា Jared Kushner ទៅខាតពេលវេលាឥតប្រយោជន៍នោះទេ ហើយបើអ៊ីរ៉ង់ពិតជាចង់ចរចាមែន អ្វីដែលពួកគេត្រូវធ្វើ គឺគ្រាន់តែលើកទូរស័ព្ទមកនិយាយជាមួយលោកផ្ទាល់ជាការស្រេច។

សូមជម្រាបថា ចំណុចក្ដៅនៃជម្លោះ គឺស្ថិតនៅច្រកសមុទ្រហ័រមូស ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារកាលពីខែកុម្ភៈ អ៊ីរ៉ង់បានឆ្លើយតបដោយការរឹតបន្តឹងការធ្វើដំណើរ តាមច្រកសមុទ្រនេះ ដែលនាំឲ្យអាមេរិកបង្កើនកម្លាំងជើងទឹកនៅទីនោះ ដើម្បីរារាំងការនាំចេញប្រេងរបស់អ៊ីរ៉ង់វិញ។

យ៉ាងណា ភាពទាល់ច្រកនេះក៏ជាប់ពាក់ព័ន្ធនឹងមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់ផងដែរ ដែលអាមេរិកសង្ស័យថា អ៊ីរ៉ង់ កំពុងលួចផលិតគ្រាប់បែកអាតូមិក ប៉ុន្តែទីក្រុងតេហេរ៉ង់ តែងតែបដិសេធ និងអះអាងថា ពួកគេធ្វើដើម្បីតែថាមពលអគ្គិសនីប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម