Connect with us

ព័ត៌មានអន្ដរជាតិ

អធិការបតី​អាល្លឺម៉ង់ យល់ថា អ៊ុយក្រែន ប្រហែលជា​ត្រូវបោះ​បង់​ទឹកដីខ្លះជាថ្នូរ​សន្តិភាព​និង​​ចូល​អឺរ៉ុប​​​

បានផុស

នៅ

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាន​​​អត្ថាធិប្បាយ​ថា រដ្ឋាភិបាល​អ៊ុយក្រែនប្រហែលជាត្រូវទទួលយកការ​បាត់បង់ទឹកដីមួយផ្នែក នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដើម្បីបើកផ្លូវសម្រាប់ការចូលជាសមាជិកសហភាពអឺរ៉ុប (EU)។ នេះបើយោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Yahoo នៅថ្ងៃទី២៨ ខែមេសា។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងលោកហ្សេឡេនស្គី (រូបភាព៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«នៅចំណុចណាមួយ អ៊ុយក្រែននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ ហើយសង្ឃឹមថា បន្ទាប់មកនឹងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ នៅពេលនោះ ទឹកដីមួយផ្នែករបស់អ៊ុយក្រែន ប្រហែលជាមិនមែនជារបស់ពួកគេទៀតឡើយ»។ នេះគឺជា​ការ​លើក​ឡើង​របស់ លោក Merz ដែល​ធ្វើនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង Marsberg នៃរដ្ឋ North Rhine-Westphalia កាលពីថ្ងៃទី២៧ ខែមេសា។

យោងតាមលោក Merz កិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានជាមួយរុស្ស៊ី គឺជាអ្វីដែលអ៊ុយក្រែនចាំបាច់ត្រូវសម្រេច​ឲ្យបាន ដើម្បីបើកផ្លូវសម្រាប់ដំណើរការនៃការចូលជាសមាជិកសហភាពអឺរ៉ុប។ រុស្ស៊ីបានស្នើសុំដដែលៗឲ្យអ៊ុយក្រែនធ្វើសម្បទានទឹកដី (បោះបង់ទឹកដីខ្លះ) ដើម្បីឈានទៅរកកិច្ចព្រមព្រៀងសន្តិភាព ខណៈដែលទីក្រុងកៀវ នៅតែបន្តបដិសេធយ៉ាងដាច់អហង្ការ។

លោក អធិការបតី ​​បាន​លើក​ឡើង​ដែរ​ថា​ ប្រធានាធិបតី​អ៊ុយក្រែន​​ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី នឹងត្រូវការសំឡេងភាគច្រើន​តាមរយៈការបោះឆ្នោតប្រជាមតិ សម្រាប់ការសម្រេចចិត្តដើរជំហានបែបនេះ។ ជាពិសេស ដើម្បីទទួលបានសំឡេង​ភាគ​ច្រើន​នោះ លោកហ្សេឡេនស្គី នឹងត្រូវប្រាប់ប្រជាជនអ៊ុយក្រែនថា៖ «ខ្ញុំបានបើកផ្លូវសម្រាប់អ្នករាល់គ្នាឆ្ពោះទៅកាន់អឺរ៉ុបហើយ»។

ទោះជាយ៉ាងណាក៏ដោយ លោក Merz បានព្រមានកុំឲ្យមានសុទិដ្ឋិនិយមពេកអំពីការរំពឹងទុករបស់អ៊ុយក្រែនចូលរួមជាមួយសហភាពអឺរ៉ុបយ៉ាងឆាប់រហ័ស។ លោកលើកឡើងថា អ៊ុយក្រែនមិនអាចចូលរួមជាមួយប្លុកនេះបានទេ ខណៈពេលដែលកំពុងមានសង្គ្រាម ហើយត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងជាមុនសិន រួមទាំងលក្ខណៈវិនិច្ឆ័យស្តីពីនីតិរដ្ឋ និងការប្រឆាំងអំពើពុករលួយ។

មេដឹកនាំ​អាល្លឺម៉ង់ បានបន្ថែមទៀតថា លោក ហ្សេឡេនស្គី ធ្លាប់បានលើកឡើងនូវគំនិតដែលថា អ៊ុយក្រែននឹងក្លាយជាសមាជិករបស់សហភាពអឺរ៉ុប នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៧។ នោះគឺជាចំណុចដែលមិនអាចទៅរួចនោះទេ។ សូម្បីតែកាលបរិច្ឆេទថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ ក៏មិនប្រាកដនិយមដែរ។

លោកអធិការបតីអាល្លឺម៉ង់បានស្នើឲ្យអនុវត្តជំហានមធ្យមនានា ដូចជាការផ្ដល់តួនាទីជាអ្នកសង្កេតការណ៍ដល់អ៊ុយក្រែន នៅក្នុងស្ថាប័ននានារបស់សហភាពអឺរ៉ុប ។ លោកបាននិយាយថា សំណើនេះត្រូវបានគាំទ្រដោយមេដឹកនាំអឺរ៉ុបជាច្រើន នៅក្នុងកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុននៅប្រទេសស៊ីប (Cyprus) ដែលលោកហ្សេឡេនស្គី  ក៏បានចូលរួមផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

លោក ត្រាំ ​អះអាង​អំពី​ «កិច្ចសន្ទនាល្អៗ» ជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ឆ្ពោះ​ទៅ​បញ្ចប់សង្គ្រាម
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម