Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ គ្រោងដកទ័ពអាមេរិកចេញពី​អាល្លឺម៉ង់ ក្រោយទាស់សម្ដីគ្នាខ្លាំង រឿងសង្គ្រាមអ៊ីរ៉ង់

បានផុស

នៅ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យ​ដឹងថា វ៉ាស៊ីនតោនកំពុងតែពិចារណាកាត់បន្ថយចំនួនទ័ពរបស់ខ្លួន ដែលកំពុងឈរជើងនៅប្រទេសអាល្លឺម៉ង់ ក្រោយ​កើត​មាន​ជម្លោះពាក្យសម្ដីយ៉ាងតានតឹង​ជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ពាក់ព័ន្ធនឹងបញ្ហាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់។

(រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​​សារព័ត៌មាន TRT World ​ចុះផ្សាយ​​នា​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​​២០២៦នេះ លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា អាមេរិកកំពុងសិក្សា និងពិនិត្យមើលលទ្ធភាពក្នុងការដកទ័ពទាំងនោះ ហើយការសម្រេចចិត្តច្បាស់លាស់ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗខាងមុខ។

យោង​តាមតួលេខកាលពីឆ្នាំ២០២៤ អាមេរិកមានទ័ពប្រមាណ ៣៥ ០០០​នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែបច្ចុប្បន្នចំនួននេះ ត្រូវបានគេជឿថា បានកើនឡើងដល់ជិត ៥០ ០០០​នាក់ទៅហើយ។ កន្លងមក លោក ត្រាំ ធ្លាប់បាននិយាយដដែលៗ ពីការចង់កាត់បន្ថយចំនួនទ័ព ដើម្បីរិះគន់អង្គការណាតូ ប៉ុន្តែលើកនេះមើលទៅរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនហាក់ដូចជាមាន​ការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអនុវត្តមែនទែនតែម្ដង។

ដើមហេតុដែលនាំឲ្យ​មានភាពរកាំរកូសនេះ គឺផ្ដើមចេញពីភាពតានតឹងជុំវិញបញ្ហាប្រទេសអ៊ីរ៉ង់។ អធិការបតីអាល្លឺម៉ង់ លោក Merz បានក្លាយជាផ្ទាំងស៊ីបនៃការខឹងសម្បារបស់លោក ត្រាំ បន្ទាប់ពីលោកបានលើកឡើងថា ប្រទេសអ៊ីរ៉ង់កំពុងតែធ្វើ​ឲ្យអាមេរិកបាក់មុខនៅលើតុចរចា។ ជាការឆ្លើយតបវិញ លោក ត្រាំ បានវាយបកថា លោក Merz ហាក់ដូចជាយល់ព្រម​ឲ្យ​អ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរទៅវិញ។

ទោះជាយ៉ាងណា មេដឹកនាំអាល្លឺម៉ង់ ព្យាយាមធ្វើឲ្យ​ស្ថានការណ៍ស្ងប់ស្ងាត់វិញ ដោយលោកបានអះអាងថា ទំនាក់ទំនងផ្ទាល់ខ្លួនរវាងលោក និងប្រធានាធិបតីអាមេរិកនៅតែល្អដូចដើម។ ប៉ុន្តែលោកក៏បានបង្ហាញពីក្ដីបារម្ភចំពោះផលវិបាកនៃសង្គ្រាម ដោយបញ្ជាក់ថា អាល្លឺម៉ង់ក៏ដូចជាអឺរ៉ុបទាំងមូល កំពុងតែរងគ្រោះយ៉ាងខ្លាំងពីឥទ្ធិពលនៃជម្លោះមួយនេះ។

ក្រៅពីអាល្លឺម៉ង់ អាមេរិកក៏ហាក់ដូចជាកំពុងពិចារណាមធ្យោបាយសងសឹកផ្សេងទៀត ចំពោះសម្ព័ន្ធមិត្តលោកខាងលិចផងដែរ។ យោងតាមសេចក្ដីរាយការណ៍មួយចំនួន អាមេរិកកំពុងគិតគូរពីការដកប្រទេសអេស្ប៉ាញ ចេញពីអង្គការណាតូ ហើយថែមទាំងអាចនឹងពិនិត្យមើលឡើងវិញនូវជំហររបស់ខ្លួន ចំពោះការគ្រប់គ្រងរបស់ចក្រភពអង់គ្លេសលើកោះ Falkland ទៀតផង ដែលនេះសបញ្ជាក់​ឲ្យ​ឃើញថា ទំនាក់ទំនងរវាងអាមេរិក និងមិត្តចាស់នៅអឺរ៉ុបកំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម