ព័ត៌មានអន្ដរជាតិ
អាមេរិក ជះលុយអស់ ២៩ពាន់លានដុល្លារហើយ ក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់
គិតត្រឹមពេលនេះ សហរដ្ឋអាមេរិក បានជះលុយអស់ ២៩ពាន់លានដុល្លារហើយ ក្នុងសង្គ្រាមជាមួយ អ៊ីរ៉ង់ ទាំងដែលមិនដឹងគោលដៅ នៅឯណា ចំណែកសញ្ញានៃទីបញ្ចប់ ក៏មិនទាន់ឃើញ។

ការអះអាងនេះ គឺចេញពីមាត់មន្ត្រីឈ្មោះ Jay Hurst ដែលកំពុងបំពេញតួនាទី ជាអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ នៃមន្ទីរបញ្ចកោណ ហើយត្រូវបាន យកមកចុះផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦។
ថ្លែងក្នុងសវនាការរបស់ គណៈកម្មាធិការផ្តល់ថវិកា នៃសភាតំណាងរាស្ត្រ លោក Hurst និយាយថា៖ « ពេលផ្តល់សក្ខីកម្មចំពោះមុខ គណៈកម្មាធិការសេវាកងទ័ព នៃសភាតំណាងរាស្ត្រ តួលេខគឺ ២៥ ពាន់លានដុល្លារ ប៉ុន្តែក្រុមការងារអគ្គបញ្ជាការចម្រុះ និងក្រុមការងារត្រួតពិនិត្យហិរញ្ញវត្ថុ កំពុងពិនិត្យមើលលើការប៉ាន់ប្រមាណនោះជាបន្តបន្ទាប់ ហើយឥឡូវ យើងគិតថា វាប្រហែលក្បែរ ២៩ ពាន់លានដុល្លារវិញ»។
លោកបញ្ជាក់ថា៖ «នោះគឺដោយសារតែ ការធ្វើបច្ចុប្បន្នភាពលើតម្លៃជួសជុល និងការផ្លាស់ប្តូរគ្រឿងបរិក្ខារ ក៏ដូចជាចំណាយប្រតិបត្តិការទូទៅ ដើម្បីរក្សាកម្លាំងទ័ពនៅក្នុងតំបន់ជម្លោះ។ យ៉ាងណា តួលេខ ២៩ ពាន់លានដុល្លារនេះ នៅមិនទាន់រាប់បញ្ចូល ទាំងតម្លៃ នៃការខូចខាតដល់មូលដ្ឋានទ័ពសហរដ្ឋអាមេរិក ក្នុងតំបន់មជ្ឈិមបូព៌ា នៅឡើយទេ»។

រម្លឹកទៅកាលពីចុងខែមេសា បើតាមការលើកឡើងរបស់លោក Hurst ដដែលនេះ, អាមេរិក បានចំណាយអស់ប្រាក់ប្រមាណ ២៥ពាន់លានដុល្លារ នៅក្នុងប្រតិបត្តិការយោធា «Epic Fury» ដែលភាគច្រើនបំផុត គឺត្រូវបានប្រើប្រាស់ ទៅលើគ្រាប់រំសេវ និងគ្រឿងយុទ្ធភណ្ឌផ្សេងៗ ក្នុងសមរភូមិ។
ត្រឹម១០០ម៉ោងដំបូង នៃសង្គ្រាមជាមួយអ៊ីរ៉ង់, បើយោងតាមទិន្នន័យ ដែលចងក្រងដោយ ស្ថាប័នសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS), សហរដ្ឋអាមេរិក បានចំណាយអស់ប្រហែល ៣.៧ពាន់លានដុល្លារឯណោះ។ ក្នុងនោះ មានតែ ១៧៨លានដុល្លារប៉ុណ្ណោះ ដែលស្ថិតក្នុងកញ្ចប់ថវិកាគ្រោងទុក រីឯ ៣.៥ ពាន់លានដុល្លារទៀត គឺជាការចំណាយក្រៅគម្រោង ដែលទាមទារឲ្យមានការអនុម័តថវិកាបន្ថែម ពីសភា។
សូមជម្រាបជាថ្មី សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ប្រឆាំងនឹងកងទ័ព និងថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
មកទល់បច្ចុប្បន្ន សង្គ្រាមនេះ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ នៅជុំវិញពិភពលោក ទាំងមិនទាន់មានដំណោះស្រាយច្បាស់លាស់ ណាមួយនៅឡើយទេ៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


