Connect with us

ព័ត៌មានអន្ដរជាតិ

ជំងឺអេបូឡា នៅកុងហ្គោ! ពលរដ្ឋដុតមន្ទីពេទ្យ ព្រោះខឹងមិនឲ្យយកអ្នកស្លាប់ ទៅបញ្ចុះ ខណៈអ្នកជំងឺខ្លះ រត់ចេញពីពេទ្យ

បានផុស

នៅ

ស្របពេលជំងឺអេបូឡា កំពុងផ្ទុះខ្លាំងហើយនោះ កំហឹងរបស់ប្រជាជនកុងហ្គោ ក៏កំពុងពោរពុះផងដែរ ឈានដល់ការវាយប្រហារមន្ទីរពេទ្យ ដោយគប់ភ្លើង និងដុតតង់ដែលរៀបចំជាកន្លែងធ្វើចត្តាឡីស័ក ក្នុងមន្ទីរពេទ្យ ព្រោះតែខឹងសម្បា ចំពោះការហាមឃាត់មិនឲ្យយកសពអ្នកស្លាប់ ទៅបញ្ចុះ។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC នៅថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦, មនុស្សមួយក្រុមធំ ដែលក្នុងនោះមានទាំងសាច់ញាតិអ្នកស្លាប់ផងដែរ បានប្រមូលផ្តុំគ្នានៅមន្ទីរពេទ្យ Rwampara ដើម្បីទាមទារឲ្យក្រុមគ្រូពេទ្យ អនុញ្ញាតឲ្យពួកគេ យកសពអ្នកស្លាប់ចេញ ដើម្បីយកទៅបញ្ចុះតាមប្រពៃណី ទាំងដែលដឹងថា នោះ គឺជាសពអ្នកស្លាប់ ដោយសារជំងឺអេបូឡា។

មន្ទីរពេទ្យនេះ មានទីតាំងស្ថិតនៅក្បែរក្រុង Bunia នៃខេត្ត Ituri ដែលជាកន្លែង មានការផ្ទុះករណីឆ្លងរាលដាលជំងឺអេបូឡា ខ្លាំងបំផុត។ 

(រូប៖ Reuters)

យ៉ាងណា ដោយមិនខ្វល់ពីគ្រោះថ្នាក់ និងការណែនាំរបស់អាជ្ញាធរ មនុស្សមួយក្រុមនោះ បាននាំគ្នាស្រែកជេរ ឈានដល់ការគប់ដុំថ្ម និងគ្រឿងផ្ទុះចូលមន្ទីពេទ្យ ថែមទាំងដុតតង់ចត្តាឡីស័កទៀតផង។

ក្នុងស្ថានភាពដ៏វឹកវរ អំពើហិង្សាក៏កើតឡើង ដោយគ្រូពេទ្យមួយចំនួន ត្រូវរបួសដោយដុំថ្ម ទើបប៉ូលិស សម្រេចចិត្តបាញ់ឡើងលើ ដើម្បីបំបែកហ្វូងមនុស្ស។

(រូប៖ Reuters)

រឿងដ៏គួរឲ្យបារម្ភខ្លាំងនោះគឺថា ពេលកើតចលាចល មានអ្នកជំងឺ ៦នាក់ រត់ចេញពីមន្ទីរពេទ្យ ហើយក្នុងនោះ មាន ៣នាក់ ដែលត្រូវបញ្ជាក់ថា ផ្ទុកជំងឺអេបូឡា នៅក្នុងខ្លួន។

សូមជម្រាបថា ជំងឺអេបូឡា កំពុងផ្ទុះរាលដាលខ្លាំងទៅៗនៅ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយករណីឆ្លងចេះតែកើនច្រើនឡើងៗ ខណៈបើតាមការបញ្ជាក់ពីអង្គារសុខភាពពិភពលោក (WHO), ករណីសង្ស័យឆ្លងជំងឺអេបូឡានៅប្រទេសនេះ បានឈានដល់ ៦០០ករណី ចំណែកអ្នកជំងឺស្លាប់ ក៏កើនដល់ ១៣៩នាក់ដែរ។

(រូប៖ Reuters)

ពាក់ព័ន្ធរឿងនេះ អ្នកជំនាញ WHO សន្និដ្ឋានថា ការផ្ទុះអេបូឡា នៅកុងហ្គោ ប្រហែលចាប់ផ្តើមនៅថ្ងៃទី២០ ខែមេសា ហើយនៅពេលមានមនុស្សស្លាប់ដំបូង វាប្រហែលជាឆ្លងរាលដាលខ្លាំង ពេលមនុស្សទៅចូលរួមពិធីបុណ្យសព របស់អ្នកជំងឺ។

ជំងឺអេបូឡា ឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។

រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម