Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ផ្ទុះកំហឹងខ្លាំង និង​ជេរនាយករដ្ឋមន្ត្រីអ៊ីស្រាអែលថា «ឆ្កួត» ដែល​រំខាន​ដល់​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់

បានផុស

នៅ

កាលពីឆ្នាំមុន ទំនាក់ទំនងរវាងលោក ដូណាល់ ត្រាំ និងលោក បេនចាមីន ណេតាន់យ៉ាហ៊ូ មើលទៅល្អូកល្អិនខ្លាំង រហូតមេដឹកនាំអ៊ីស្រាអែលសរសើរលោក ត្រាំ ជាមិត្តល្អបំផុត​មិន​ធ្លាប់​មាន​នៅ​ក្នុងសេតវិមាន។ ប៉ុន្តែបច្ចុប្បន្ន ស្ថានការណ៍បានប្រែក្រឡាប់ចាក់​ទាំងស្រុង ដោយលោក ត្រាំ បានវាយប្រហារពាក្យសម្តីធ្ងន់ៗ​ទៅ​លើលោក ណេតាន់យ៉ាហ៊ូ ដល់ថ្នាក់​ហៅ​លោក​ថាជាមនុស្ស «ឆ្កួត» និងទាមទារគុណសម្បត្តិថា បើគ្មានរូបលោកទេ​ ក៏គ្មានអ៊ីស្រាអែលថ្ងៃនេះដែរ។ នេះ​បើយោងតាម​ការ​ចុះផ្សាយ​របស់​ CBS News ដែល​ដកស្រង់​សម្ដី​របស់​លោក ត្រាំ ថ្លែង​​​អំឡុង​កិច្ច​ប្រជុំ​ G7 ​នៅ​ក្នុង​ប្រទេស​បារាំង កាល​ពី​ថ្ងៃទី​១៦ ខែ​មិថុនា ឆ្នាំ​២០២៦។

លោក ត្រាំ និង​លោក ណេតាន់យ៉ាហ៊ូ (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឫសគល់នៃភាពតានតឹងនេះ គឺកើតចេញពីការដែលលោក ត្រាំ កំពុងខិតខំជំរុញ​កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់ ដែលគ្រោងចុះហត្ថលេខា នៅថ្ងៃសុក្រ​សប្ដាហ៍​នេះ ក្នុងទីក្រុងហ្សឺណែវ។ ប៉ុន្តែ អ៊ីស្រាអែលបែរជាបានបើកការវាយប្រហារថ្មីៗនៅក្នុងប្រទេសលីបង់ ដែលទង្វើនេះបានក្លាយជាឧបសគ្គយ៉ាងធំ រំខានដល់ដំណើរការចរចាដ៏រសើបរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់។

លោក ត្រាំ ត្រូវការបញ្ចប់សង្គ្រាមនេះឱ្យបានឆាប់បំផុត ដើម្បីដោះស្រាយសម្ពាធនយោបាយនៅក្នុងប្រទេសខ្លួនឯង ព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ានេះ មិនទទួលបានការគាំទ្រពីប្រជាជនអាមេរិកឡើយ ហើយវាថែមទាំងបានរុញច្រានតម្លៃប្រេងសាំងឱ្យហក់ឡើងខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាប្រិយភាពរបស់លោក។ បើតាមការ​ផ្សាយ​របស់​សារព័ត៌មាន PBS ក្រុមអ្នកវិភាគគោលនយោបាយ បានលើកឡើងថា ប្រសិនបើលោក ណេតាន់យ៉ាហ៊ូ នៅតែបន្តធ្វើជាដុំគ្រួសរារាំងផ្លូវដែលលោក ត្រាំ ចង់បាន នោះលោក ត្រាំ នឹងមិនរារែកក្នុងការប្រើប្រាស់ឥទ្ធិពល និងអំណាចទាំងអស់ដែលខ្លួនមាន ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលនោះឡើយ។

ជាប្រវត្តិសាស្ត្រ ការគាំទ្រលើប្រទេសអ៊ីស្រាអែល តែងតែជាចំណុចឯកច្ឆន្ទរវាងគណបក្សធំៗទាំងពីររបស់អាមេរិក ប៉ុន្តែពេលដែលសង្គ្រាមជាមួយ​អ៊ីរ៉ង់​កាន់តែអូសបន្លាយ ជំហរនេះបានចាប់ផ្តើមរង្គោះរង្គើ។ ក្រុមអ្នកនយោបាយឆ្វេងនិយម បានសម្តែងការមិនពេញចិត្តកាន់តែខ្លាំង ចំពោះសកម្មភាពយោធារបស់អ៊ីស្រាអែល ខណៈក្រុមអ្នកអភិរក្សនិយមខ្លះ ក៏បានចាប់ផ្តើមចោទសួរពីតម្លៃនៃការកាតព្វកិច្ចការពារអ៊ីស្រាអែលផងដែរ។ យ៉ាងណាមិញ មតិ​​ខ្លះយល់ថា នេះគ្រាន់តែជាការឈ្លោះប្រកែកគ្នាបន្តិចបន្តួចដូចសមាជិកគ្រួសារតែមួយតែប៉ុណ្ណោះ ព្រោះលោក ត្រាំ បានបង្ហាញសកម្មភាពគាំទ្រអ៊ីស្រាអែលយ៉ាងពិតប្រាកដរួចទៅហើយក្នុងអាណត្តិដំបូង ដូចជាការប្តូរស្ថានទូតអាមេរិកទៅទីក្រុងហ្សេរុយសាឡឹម និងការជួយរំដោះចំណាប់ខ្មាំងអ៊ីស្រាអែលពីតំបន់ហ្គាហ្សាក្នុងអាណត្តិទីពីរនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម