ព័ត៌មានអន្ដរជាតិ
ជំនួបខ្លីនៅ G7៖ កូរ៉េខាងត្បូងស្នើ ត្រាំ ធ្វើជាអ្នកដឹកនាំផ្សះផ្សាវិបត្តិនុយក្លេអ៊ែរកូរ៉េខាងជើង ដូចនៅមជ្ឈិមបូព៌ា
ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃទី១៦ ខែមិថុនា ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae-Myung) បានស្នើឲ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើរតួនាទីនាំមុខក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង អំឡុងពេលនៃការពិភាក្សាខ្លីមួយ នៅក្នុងកិច្ចប្រជុំកំពូលនៃប្រទេសរីកលួតលាស់ឧស្សាហកម្ម ហៅកាត់ថា «G7» ។

អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី កាង យូជុង (Kang Yu-jung) បានថ្លែងថា មេដឹកនាំទាំងពីរ បានសួរសុខទុក្ខគ្នាទៅវិញទៅមក អំឡុងពេលថតរូបជុំគ្នារបស់មេដឹកនាំនៃ ក្រុមប្រទេសជាសមាជិក G7 ដែលនៅពេលនោះលោក ត្រាំ បានសាកសួរ លោក លី ជេម្យុង អំពីស្ថានភាពបច្ចុប្បន្ននៃទំនាក់ទំនងរវាងកូរ៉េទាំងពីរ។ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters។
យោងតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង បានស្នើឲ្យលោក ត្រាំ ដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងដោយសន្តិវិធី ដូចដែលលោកធ្លាប់បានធ្វើចំពោះបញ្ហាសង្គ្រាមនៅមជ្ឈិមបូព៌ាដែរ។ លោកស្រី យូជុង បានបន្ថែមថា លោក ត្រាំ បានឆ្លើយតបវិញថា លោកនឹងខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើងនេះ។
គួររំលឹកផងដែរថា លោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ធ្លាប់បានជួបពិភាក្សាគ្នាចំនួនបីដងរួចមកហើយ អំឡុងពេលដែលលោក ត្រាំ កាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូង រួមមានកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៨ កិច្ចប្រជុំកំពូលលើកទីពីរនៅទីក្រុងហាណូយក្នុងឆ្នាំ២០១៩ និងការជួបគ្នានៅចុងឆ្នាំដដែលនោះនៅតំបន់គ្មានយោធា (DMZ) រវាងកូរ៉េទាំងពីរ ដែលនៅពេលនោះ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកកំពុងកាន់តំណែងដំបូងគេបង្អស់ ដែលបានឈានជើងចូលទៅក្នុងទឹកដីកូរ៉េខាងជើង។
ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនាពេលនោះបានទទួលបរាជ័យទាំំងស្រុង បន្ទាប់ពីកិច្ចប្រជុំកំពូលនៅក្រុងហាណូយមិនអាចឈានដល់កិច្ចព្រមព្រៀងលើការរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង និងការបន្ធូរបន្ថយទណ្ឌកម្មដែលដឹកនាំដោយអាមេរិកនោះឡើយ។
រហូតមកដល់ពេលនេះ លោក ត្រាំ បានបង្ហាញសញ្ញាជាបន្តបន្ទាប់ អំពីការចាប់អារម្មណ៍ក្នុងការស្តារការទូតដោយផ្ទាល់ជាមួយលោក គីម ជុងអ៊ុន ឡើងវិញ។ លោកបានថ្លែងកាលពីខែសីហា ឆ្នាំ២០២៥ ថា លោកទន្ទឹងរង់ចាំជួបមេដឹកនាំកូរ៉េខាងជើងរូបនេះ «នៅក្នុងពេលវេលាដ៏សមស្របណាមួយនាពេលអនាគត» ហើយលោកក៏បានបញ្ជាក់កាលពីខែតុលាផងដែរថា លោក «ចង់» ជួបលោក គីម ម្តងទៀត។
កាលពីសប្តាហ៍មុន លោក ត្រាំ ក៏បានបង្ហោះរូបថតមួយសន្លឹករបស់ខ្លួន ជាមួយលោក គីម ជុងអ៊ុន ដោយគ្មានសរសេរចំណងជើងអ្វីទាំងអស់នៅលើបណ្តាញសង្គម Truth Social ដែលនេះ ហាក់ដូចជាការរំលឹកឡើងវិញអំពីទំនាក់ទំនងការទូតកាលពីអតីតកាលរបស់ពួកគេផងដែរ។
សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំកំពូល G7 នាឆ្នាំនេះ គឺជាឆ្នាំទីពីរជាប់ៗគ្នាហើយ ដែលកូរ៉េខាងត្បូងត្រូវបានអញ្ជើញឲ្យចូលរួមក្នុងនាមជាប្រទេសដៃគូ។ ក្រៅពីសមាជិក G7 រួមមានបារាំង, អាល្លឺម៉ង់, សហរដ្ឋអាមេរិក, កាណាដា, អ៊ីតាលី, ជប៉ុន និងចក្រភពអង់គ្លេស ប្រទេសម្ចាស់ផ្ទះក៏បានអញ្ជើញប្រទេសជាច្រើនទៀតឲ្យចូលរួមផងដែរ ដូចជាប្រេស៊ីល, អេហ្ស៊ីប, ឥណ្ឌា និងកេនយ៉ា ជាដើម៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


