ព័ត៌មានអន្ដរជាតិ
មុនកិច្ចប្រជុំកំពូល អាមេរិក ដាស់តឿនឲ្យ ណាតូ ក្រើនរំឭកសមាជិកពន្លឿនបង្កើនការចំណាយ តាមត្រាំចង់បាន
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការណាតូ បានព្រមានជាថ្មីទៀត កាលពីថ្ងៃទី ១ ខែកក្កដា ថា ប្រទេសអឺរ៉ុបមួយចំនួនមិនទាន់ធ្វើការងារគ្រប់គ្រាន់ ដើម្បីបំពេញតាមការសន្យាចំណាយលើវិស័យការពារជាតិនៅឡើយទេ ដែលការព្រមាននេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងអង់ការ៉ា ជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ។

ប្រេសិតអាមេរិក ប្រចាំអង្គការណាតូ លោក Matthew Whitaker បានប្រាប់អ្នកយកព័ត៌មានថា «សម្ព័ន្ធមិត្តខ្លះកំពុងធ្វើការងារបានច្រើនជាងសម្ព័ន្ធមិត្តដទៃទៀត ហើយយើងមានប្រទេសដូចជា ប៉ូឡូញ បណ្តាប្រទេសអឺរ៉ុបខាងជើង (ណូឌីក) បណ្តាប្រទេសបាល់ទិក និងអាល្លឺម៉ង់ ដែលកំពុងនាំមុខគេ។ ប៉ុន្តែមានប្រទេសមួយចំនួនដែលកំពុងដើរយឺតយ៉ាវ គឺពួកគេមិនទាន់បានចំណាយថវិកាគ្រប់គ្រាន់នៅពេលបច្ចុប្បន្ន ឬក៏មិនទាន់មានផែនការច្បាស់លាស់ដើម្បីឈានទៅសម្រេចបាននូវការប្តេជ្ញាចិត្តការពារជាតិក្នុងទីក្រុងឡាអេនោះទេ»។នេះបើតាមការចេញផ្សាយលើបណ្តាញ Yahoo ។
លោក Whitaker បាននិយាយទៀតថា លោក ត្រាំ រំពឹងយ៉ាងពេញទំហឹងថា សម្ព័ន្ធមិត្តទាំងអស់នឹងឈានជើងឡើងភ្លាមៗ ហើយដើរលើផ្លូវឆ្ពោះទៅរកការចំណាយ ៥ ភាគរយ ព្រមទាំងធ្វើវាដោយការយកចិត្តទុកដាក់បំផុត។
លោក Whitaker ក៏បានចង្អុលបង្ហាញប្រទេសអេស្ប៉ាញថា បានធ្វើឲ្យលោកត្រាំ «ខកចិត្ត» ជុំវិញបញ្ហាប្រទេសអុីរ៉ង់ និងចំពោះភាពមិនចង់បង្ហាញផែនការច្បាស់លាស់ដើម្បីឈានទៅសម្រេចការចំណាយ ៥ ភាគរយ។ យ៉ាងណា លោកក៏មិនបានរំពឹងឲ្យមានការប៉ះទង្គិចគ្នានៅក្នុងកិច្ចប្រជុំកំពូលរវាងត្រាំ និងនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នោះដែរ។
ខណៈដែលការចំណាយលើវិស័យការពារជាតិកំពុងកើនឡើងនៅទូទាំងសម្ព័ន្ធភាព លោក Whitaker បាននិយាយថា ពេលនេះអឺរ៉ុបត្រូវតែបង្ហាញថា ខ្លួនកំពុងបំប្លែងសាច់ប្រាក់ដែលកើនឡើងទាំងនោះ ឲ្យទៅជាសមត្ថភាពការពារជាតិពិតប្រាកដ។
លោក Whitaker បាននិយាយ បន្ថែមថា អាមេរិកស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបក្នុងការបង្កើនផលិតកម្មអាវុធ ប៉ុន្តែបានព្រមានប្រឆាំងនឹងការបង្កើតរបាំងរារាំងសម្រាប់ក្រុមហ៊ុនផលិតអាវុធអាមេរិក។ យើងពិតជាមិនគាំទ្រភាសាបែបគាំពារនិយម ដែលជារឿយៗគំនិតផ្តួចផ្តើមក្នុងវិស័យការពារជាតិរបស់អឺរ៉ុបជាច្រើនបានដាក់បញ្ចូល ដែលវានឹងកាត់ផ្តាច់សម្ព័ន្ធមិត្តចេញនោះទេ។ នោះគឺជាចំណុចមួយដែលអាចនឹងត្រូវលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកំពូល ហើយយើងរំពឹងថា យើងអាចឈានទៅដល់កិច្ចព្រមព្រៀងណាមួយលើបញ្ហាប្រឈមនោះ។
គួរបញ្ចាក់ថា កាលពីឆ្នាំ២០១៤ ណាតូបានព្រមព្រៀងគ្នាឲ្យសមាជិកទាំងអស់ចំណាយយ៉ាងហោចណាស់ ២% នៃ GDP លើវិស័យការពារជាតិ។ ប៉ុន្តែ ប្រទេសជាច្រើន ជាពិសេស អាល្លឺម៉ង់ អេស្ប៉ាញ និងអ៊ីតាលី តែងតែចំណាយមិនគ្រប់។ ក្រោមសម្ពាធយ៉ាងខ្លាំងពីប្រធានាធិបតី ត្រាំ នៅក្នុងកិច្ចប្រជុំមួយកាលពីឆ្នាំមុន នៅឯទីក្រុងក្រុងឡាអេ មេដឹកនាំណាតូបានសម្រេចដំឡើងគោលដៅនេះរហូតដល់ ៥% នៃ GDP ត្រឹមឆ្នាំ២០៣៥ ដែលនេះគឺជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


