Connect with us

ព័ត៌មានអន្ដរជាតិ

លុយ៦ពាន់លានដុល្លារ ដែលបង្កក៖ អ៊ីរ៉ង់ គ្រោង​យកទៅទិញទំនិញ​ចាំបាច់ ឱ្យ​ប្រជាជន

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃពុធ ទី​១ ខែកក្កដា ឆ្នាំ​២០២៦ ថា ខ្លួននឹងយកផ្នែកខ្លះនៃប្រាក់ចំនួន ៦​ពាន់លានដុល្លារ ដែលធ្លាប់ត្រូវបានគេបង្កកទុក ទៅ​ប្រើប្រាស់សម្រាប់ទិញទំនិញដែលកំពុងត្រូវការចាំបាច់ សម្រាប់​ប្រជាជន។ ការសម្រេចចិត្តនេះ បានធ្វើឡើងបន្ទាប់ពីមានកិច្ចពិភាក្សាគ្នាយ៉ាងសំខាន់មួយនៅក្នុងទីក្រុងដូហា ប្រទេសកាតា។

លោក Kazem Gharibabadi (រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kazem Gharibabadi ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងជាប្រធានអ្នកចរចា បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA ថា នៅក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់របស់ប្រទេសកាតា ភាគីទាំងពីរបានជជែកគ្នាយ៉ាងលម្អិតអំពីរបៀបចំណាយលុយមួយផ្នែកនេះ។ លោកបានបញ្ជាក់ថា បន្ទាប់ពីការពិនិត្យឡើងវិញ គេបានព្រមព្រៀងគ្នាថានឹងចាត់ចែងទិញទំនិញផ្សេងៗ ទៅតាមតម្រូវការជាក់ស្តែងដែលអ៊ីរ៉ង់បានស្នើសុំ ដើម្បីយកទៅ​ផ្គត់ផ្គង់ដល់ប្រទេសជាតិ។ យ៉ាងណាមិញ លោកអនុរដ្ឋមន្ត្រីមិនបានហៅការចាត់ចែងសាច់ប្រាក់នេះថាជា «កិច្ចព្រមព្រៀងផ្លូវការ» ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនរបស់អាមេរិកនោះទេ។

កាលពីសប្តាហ៍មុន ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់កំពុងតែប្រឈមមុខនឹងបញ្ហាខ្វះខាតស្បៀងអាហារ ហើយខាងភាគីអាមេរិក នឹងយកលុយមួយចំនួនរបស់អ៊ីរ៉ង់នេះ ទៅទិញស្រូវសាលី សណ្តែកសៀង និងពោតពីអាមេរិកផ្ទាល់ ដើម្បីផ្ញើទៅឱ្យអ៊ីរ៉ង់វិញ។ លោក ដូណាល់ ត្រាំ បានចាត់ទុកចំណាត់ការនេះថា ជាការបើកទីផ្សារថ្មីមួយ សម្រាប់ប្រជាកសិករអាមេរិកផងដែរ។

ការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រូបនេះ ធ្វើឡើង បន្ទាប់ពីគណៈប្រតិភូអ៊ីរ៉ង់ បានជួបពិភាក្សាជាមួយអ្នកសម្របសម្រួលមកពីប្រទេសកាតា និងប៉ាគីស្ថាន ដើម្បីតាមដានការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្លាម៉ាបាដ ជាមួយសហរដ្ឋអាមេរិក។ នៅក្នុងជំនួបត្រីភាគីនោះ គ្រប់ភាគីទាំងអស់ បានសម្រេចចិត្តបង្កើត «បណ្តាញទំនាក់ទំនងបន្ទាន់» មួយឡើង ដើម្បីងាយស្រួលក្នុងការកត់ត្រា និងពិនិត្យមើលការអនុវត្តការងារឱ្យបានច្បាស់លាស់។

ជាចុងក្រោយ លោក Gharibabadi ក៏បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតថា មិនមានជំនួបផ្ទាល់ណាមួយរវាងតំណាងអ៊ីរ៉ង់ និងអាមេរិកនៅក្នុងទីក្រុងដូហានោះឡើយ។ បន្ថែមពីលើនេះ ក្រុមការងារអ៊ីរ៉ង់ ក៏បានលើកឡើងអំពីករណី ដែលសហរដ្ឋអាមេរិកបានរំលោភលើការសន្យារបស់ខ្លួន នៅក្នុងចំណុចដំបូងនៃអនុស្សរណៈ ជាពិសេសចំណុចដែលទាក់ទងនឹងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសលីបង់៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម