Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ កើបចំណូលជាង ១,៤ ប៊ីលានដុល្លារ ពីអាជីវកម្មគ្រីបតូ កាលពីឆ្នាំមុន

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ​ រកចំណូលបានជាង ១,៤ ប៊ីលាន​ដុល្លារ កាលពីឆ្នាំមុន ពីអាជីវកម្មគ្រីបតូ (រូបិយប័ណ្ណឌីជីថល) របស់គ្រួសារលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដែលស្រង់ទិន្នន័យពី​របាយការណ៍ហិរញ្ញវត្ថុចុងក្រោយបង្អស់របស់លោកចេញផ្សាយកាលពីថ្ងៃអង្គារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍បាន​បង្ហាញថា ឥឡូវនេះ រូបិយប័ណ្ណឌីជីថល​​គឺជាប្រភពចំណូលដ៏ធំបំផុតរបស់លោក ត្រាំ ​ដោយសារ​ផលប្រយោជន៍ពី​​គោលនយោបាយដែលលោកបានដាក់ចេញក្នុងនាមជាប្រធានាធិបតីអាមេរិក។

ក្នុងរបាយការណ៍​បង្ហាញទ្រព្យសម្បត្តិ និងចំណូល ដែលបានដាក់ជូនការិយាល័យសីលធម៌រដ្ឋាភិបាលសហរដ្ឋអាមេរិក លោក ត្រាំ បានរាយការណ៍ថា ក្រុមហ៊ុនរបស់លោករកចំណូលបានជិត ៨០០ លានដុល្លារ ពីក្រុមហ៊ុនរូបិយប័ណ្ណឌីជីថល World Liberty Financial ដែលលោក និងកូនៗរបស់លោកបានបង្កើតរួមគ្នា។ ចំណូលដែលត្រូវចែកជាមួយសមាជិកគ្រួសារនោះ បានមកពីការលក់ថូកខិនគ្រីបតូ និងការលក់ភាគកម្មសិទ្ធិក្នុងអាជីវកម្មរបស់ក្រុមហ៊ុន​ World Liberty Financial ។

ក្រៅពីនេះ លោក ត្រាំ ​ក៏​​​រកចំណូលបានប្រមាណ ៦៣៥ លានដុល្លារ ពីការលក់កាក់គ្រីបតូប្រភេទ Meme របស់លោកផងដែរ។

​គួរកត់សម្គាល់ថា របាយការណ៍​ចុងក្រោយបង្ហាញពីរបៀបដែល​គ្រីបតូ​បានក្លាយជាប្រភពចំណូលធំបំផុតរបស់​ ត្រាំ។ កាលពីឆ្នាំ ២០២៤​ លោកបានរាយការណ៍ថា​រក​បានប្រាក់ចំណូលចំនួន ៥៧,៣៥ លានដុល្លារពីការលក់ថូខឹនគ្រីបតូរបស់ World Liberty Financial ប៉ុន្តែតួលេខនេះ បានកើនឡើងដល់ជិត ៨០០ លានដុល្លារ​។

​រ៉យទ័របាន​ប៉ាន់ប្រមាណថា គ្រួសារលោក​ ត្រាំ ​កើបលុយ​យ៉ាងហោចណាស់ ២,៣ ​ប៊ីលានដុល្លារ ពីអាជីវកម្មទាក់ទងនឹង​គ្រីបតូ ចាប់តាំងពីលោកវិលត្រឡប់មកកាន់សេតវិមានវិញនៅឆ្នាំ ២០២៥។

​ក្រោយ​ចូលកាន់តំណែង លោក ​ត្រាំ បានដាក់ចេញ​គោលនយោបាយដែលអំណោយផលសម្រាប់ឧស្សាហកម្ម​​គ្រីបតូ រួមទាំងច្បាប់សម្រាប់​កាក់គ្រីបតូដែលមានស្ថេរភាពតម្លៃ (stablecoins) និងការបន្ធូរបន្ថយការត្រួតពិនិត្យ និងការអនុវត្តច្បាប់​ពី​និយតករអាមេរិក

ក្រៅពី​គ្រីបតូ​ លោក ត្រាំ បានរាយការណ៍ថា​រកចំណូល​​ជាង ៨០ លានដុល្លារ ពីការដោះស្រាយផ្លូវច្បាប់ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងឆ្នាំ ២០២៥​ និង ៥២ លានដុល្លារពីការផ្តល់អាជ្ញាប័ណ្ណឱ្យប្រើឈ្មោះរបស់​លោក ដល់គម្រោងអចលនទ្រព្យនៅបរទេស ជាពិសេសនៅមជ្ឈិមបូព៌ា។

សេតវិមានបាននិយាយថា លោក ​ត្រាំ និងក្រុមគ្រួសារ​ មិនមានជម្លោះផលប្រយោជន៍ (Conflict of Interest) ទេ ហើយផលប្រយោជន៍អាជីវកម្មរបស់លោក ត្រូវបានគ្រប់គ្រងដោយកូនៗ ទោះបីជាលោកនៅតែជាអ្នកទទួលផលពី​មូលនិធិគ្រប់គ្រងទ្រព្យ​ ដែលទទួលបានប្រាក់ចំណូលក៏ដោយ។

ក្រៅពីនោះ អាជីវកម្មជា​ប្រពៃណីរបស់លោក ​ត្រាំ ក៏បានបន្តដំណើរការល្អផងដែរ។ ទីលាន​វាយ​កូន​ហ្គោល និង​រមណីយដ្ឋាន​របស់​ប្រធានាធិបតីរូបនេះ ​​​រក​ចំណូល​បាន​ជាង ៥០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៥ ដែល​កើនឡើង ១៥% ​ធៀបនឹងឆ្នាំ ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម