Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខណាតូ៖​ ទោះ​បី សង្រ្គាម​អ៊ុយ​ក្រែន​ចប់​ ក៏​រុស្ស៊ី​នៅ​តែ​ជា​ការ​គំរាម​កំហែង​​​ដល់​អឺរ៉ុប​​

បានផុស

នៅ

អគ្គ​លេខាធិការ​អង្គការណាតូ (NATO)​ លោក Mark Rutte បានព្រមាន​នៅ​ថ្ងៃពុធថា ប្រទេសរុស្ស៊ី​នឹងនៅ​បន្តគំរាមកំហែង​រយៈពេលវែង​ដល់សន្តិសុខ​អឺរ៉ុប​​នៅតំបន់​មហាសមុទ្រ​អាត្លង់ទិក ​បើ​ទោះបី​ជា​ការ​​​បញ្ចប់​សង្គ្រាម​ប្រឆាំង​នឹងអ៊ុយក្រែនក៏​ដោយ​។

ថ្លែងក្នុងសន្និសីទសារព័ត៌​មានរួមគ្នា​មួយនិង​ចុះ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន Anadolu នៅ​ថ្ងៃ​ទី​០១ ខែ​កក្តដា ឆ្នាំ​២០២៦​ នៅទីក្រុងប៊ែរឡាំងជាមួយ​អធិការបតីអាល្លឺម៉ង់ លោក Rutte បាន​ជំរុញឱ្យសម្ព័ន្ធមិត្តរក្សា​សម្ពាធ​លើទីក្រុងមូស្គូ បង្កើន​ល្បឿនលើ​វិស័យ​ការពារជាតិ និងវិនិយោគ​បន្ថែមទៀត​លើឧស្សាហកម្មការពារ​ជាតិ។

អគ្គ​លេខាធិការ​អង្គការណាតូ លោក Mark Rutte ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Rutte ប្រាប់អ្នក​យកព័ត៌មាន​ថា៖ « យើង​ត្រូវតែ​រក្សាសម្ពាធលើ​រុស្ស៊ី។ សូម្បីតែពេលសង្គ្រាមរបស់​ពួក​គេ​ប្រឆាំងនឹងអ៊ុយក្រែន​បញ្ចប់ក៏ដោយ រុស្ស៊ី​នឹងនៅតែជាការគំរាមកំហែង​រយៈពេលវែង​ដល់​សន្តិសុខអឺរ៉ុប-អាត្លង់ទិក! បរិយាកាស​សន្តិសុខ​អន្តរជាតិ​កាន់តែ​មានភាព​ប្រែប្រួល និងស្មុគស្មាញ​»។

លោក​ក៏​បានថ្លែងអំណរ​គុណ​ដល់ប្រទេសអាល្លឺម៉ង់​ ចំពោះការគាំទ្រ​ផ្នែកហិរញ្ញវត្ថុ និងយោធា​ដ៏រឹងមាំ​ចំពោះអ៊ុយក្រែន ហើយលើក​ឡើង​ថា កិច្ចប្រជុំកំពូល​ណាតូ​សប្តាហ៍ក្រោយ​ នៅទីក្រុងអង់ការ៉ា​នឹងផ្តល់ឱកាសដល់​សម្ព័ន្ធមិត្ត និងដៃគូ​ដើម្បីពិភាក្សាអំពី​ជំនួយសន្តិសុខ​ប្រកបដោយ​ចីរភាព អាច​ព្យាករណ៍បាន និងយូរអង្វែង​សម្រាប់អ៊ុយក្រែន​។

លោក Rutte បាន​គូសបញ្ជាក់ថា ប្រទេស​នៅអឺរ៉ុប​ ក៏កំពុងផ្តល់ការគាំទ្រយ៉ាងច្រើន​ដល់ទីក្រុងកៀវ​ ប៉ុន្តែ​ការគាំទ្រជាបន្តបន្ទាប់​របស់សហរដ្ឋអាមេរិក​គឺជាគន្លឹះក្នុងការរក្សាសមត្ថភាព​ការពារជាតិរបស់អ៊ុយក្រែន​។

លោក Rutte បន្ថែម​ថា៖ « ពេលនិយាយអំពី​ការការពារ​អ៊ុយ​ក្រែន សហរដ្ឋអាមេរិក​នៅតែមិនអាចខ្វះបាន។ លំហូរនៃការគាំទ្រ​សំខាន់ៗ​ពីអាមេរិកចូល​ទៅក្នុងប្រទេស​អ៊ុយក្រែននៅតែបន្ត ​ជា​ពិសេស​សារៈសំខាន់នៃប្រព័ន្ធការពារដែន​អាកាស Patriot ក្នុងការការពារហេដ្ឋារចនា​សម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន និង​ហេដ្ឋារចនា​សម្ព័ន្ធថាមពល និងផ្នែក​ខាងក្នុង​របស់​ទី​ក្រុង​​»។

លោកបន្ត​ថា៖ « មានតែ​សហរដ្ឋអាមេរិកទេដែល​អាចធ្វើបែបនេះ​​ទ្រង់​ទ្រាយធំ ហើយ​ទី​ក្រុង​វ៉ាស៊ីន​តោន​នៅតែធ្វើ​គាំទ្រ​ និង​ជួយតាមវិធីជា​ច្រើនទៀត មិនមែន​ត្រឹម​តែ​បង្ហាញ​ក្នុងសន្និសីទសារព័ត៌មាន​នោះទេ»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម