Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ទម្លាក់គ្រាប់លើអ៊ីរ៉ង់ «មួយទំហឹង» ក្រោយកប៉ាល់ពាណិជ្ជកម្ម ៣គ្រឿង រងការវាយប្រហារ នៅច្រក Hormuz

បានផុស

នៅ

ស្ថានការណ៍ប្រែឡើងកម្តៅ និងតានតឹងទៀតហើយ ដោយសហរដ្ឋអាមេរិក បានបើកការវាយប្រហារ «មួយទំហឹង» ម្តងទៀត ទៅលើគោលដៅនានា នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។

(រូប៖ CENTCOM)

ទូរទស្សន៍ Sky News បានផ្សាយដោយលើកយកប្រភព ពីបញ្ជាការដ្ឋានកណ្តាលរបស់អាមេរិក (CENTCOM) ថា កងទ័ពរបស់ខ្លួន បានធ្វើសកម្មភាពនេះ កាលពីរាត្រីថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីឆ្លើយតបទៅ នឹងការដែលអ៊ីរ៉ង់ វាយប្រហារលើកប៉ាល់ដឹកជញ្ជូនពាណិជ្ជកម្មចំនួន ៣គ្រឿងនៅក្នុងច្រកសមុទ្រ Hormuz។

កប៉ាល់ទាំង៣នោះ មានដូចជា កប៉ាល់ដឹកឧស្ម័នធម្មជាតិរាវដ៏ធំ របស់ប្រទេសកាតា ឈ្មោះ Al Rekayyat ដែលត្រូវបានដ្រូនបាញ់ប្រហារ បណ្តាលឲ្យឆាបឆេះនៅក្នុងបន្ទប់ម៉ាស៊ីន។

កប៉ាល់ដឹកប្រេងឆៅខ្នាតយក្ស ដោតទង់ជាតិអារ៉ាប៊ីសាអូឌីត ឈ្មោះ Wedyan ដែលរងការខូចខាតរចនាសម្ព័ន្ធ នៅឆ្នេរសមុទ្រប្រទេសអូម៉ង់ និងកប៉ាល់ដឹកប្រេងពាណិជ្ជកម្មមួយគ្រឿងទៀត ដែលរងការវាយប្រហារ ខណៈធ្វើដំណើរចាកចេញពីច្រកសមុទ្រ ប៉ុន្តែព្យាយាមបន្តដំណើរ ទៅកាន់គោលដៅរបស់ខ្លួនដោយជោគជ័យ។

(រូប៖ Reuters)

CENTCOM បញ្ជាក់យ៉ាងច្បាស់ថា ការវាយប្រហារពេញទំហឹងនេះ ជាការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ទៅលើទីក្រុងតេហេរ៉ង់ ដែលហ៊ានកំណត់គោលដៅ ប៉ះពាល់ដល់នាវិកជាជនស៊ីវិល។

ក្នុងការវាយប្រហារនោះ អាមេរិក ចាយពេលអស់ជាច្រើនម៉ោង ដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាស, ហេដ្ឋារចនាសម្ព័ន្ធឃ្លាំមើលឆ្នេរសមុទ្រ, ទីតាំងមីស៊ីលបាញ់ពីដីទៅអាកាស, ទីតាំងមីស៊ីលគ្រូសប្រឆាំងនាវា និងទីតាំងបាញ់បង្ហោះដ្រូន។

ការផ្ទុះជាច្រើនកន្លែង ត្រូវបានគេឮនៅទូទាំងតំបន់ឆ្នេរសមុទ្រយុទ្ធសាស្ត្រ រួមមានទីក្រុងកំពង់ផែភាគខាងត្បូង Sirik, កោះ Qeshm និងមូលដ្ឋានកងទ័ពជើងទឹកដ៏ធំ គឺ Bandar Abbas។

(រូប៖ CENTCOM)

ជុំវិញរឿងនេះ ក្រសួងការបរទេសអ៊ីរ៉ង់បាន ចេញមុខថ្កោលទោសយ៉ាងដាច់អហង្ការ ដោយចោទទីក្រុងវ៉ាស៊ីនតោនថា បាន «រំលោភបំពានយ៉ាងធ្ងន់ធ្ងរ» ទៅលើកិច្ចព្រមព្រៀងទីក្រុងអ៊ីស្លាម៉ាបាដ ដែលជាកិច្ចព្រមព្រៀងក្របខ័ណ្ឌ ត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ កាលពីខែមុន ក្នុងបំណងស្វែងរកការបញ្ចប់សង្រ្គាម។

យ៉ាងណា ក្រសួងការបរទេសអ៊ីរ៉ង់ ប្តេជ្ញាថា ខ្លួននឹងចាត់ រាល់វិធានការចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ និងសន្តិសុខរបស់ខ្លួន៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម