Connect with us

ព័ត៌មានអន្ដរជាតិ

Trump ថា ប្រជាជនអ៊ីរ៉ង់​ រាប់លាននាក់ ចូលរួមបុណ្យសពលោក Ali Khamenei «ធ្វើពុតជាយំទេ»

បានផុស

នៅ

ស្របពេលប្រជាជនអ៊ីរ៉ង់ ទូទាំងប្រទេស កំពុងកាន់ទុក្ខអតីតមេដឹកនាំរបស់ខ្លួន ដែលត្រូវអាមេរិក និងអ៊ីស្រាអែល រួមដៃគ្នាធ្វើឃាត បែរជាប្រមុខសេតវិមាន ដូណាល់ ត្រាំ និយាយបែបចំអកឡកឡឺយ មនុស្សរាប់លាននាក់ចូលរួមពិធីបុណ្យសពលោក Ali Khamenei ថា ពួកគេធ្វើពុត ជាយំទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ក្នុងកិច្ចសម្ភាសតាមទូរសព័្ទជាមួយសារព័ត៌មាន Axios កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ លោកត្រាំ និយាយថា លោកពិតជាភ្ញាក់ផ្អើលដែលឃើញមនុស្សរាប់លាននាក់ ចូលរួមពិធីបុណ្យសពនោះ ប៉ុន្តែអ្វីដែលលោកឃើញ គឺ «ទឹកភ្នែកក្លែងក្លាយ» ព្រោះលោកជឿថា មនុស្សភាគច្រើន មិនចូលចិត្ត Ali Khamenei ទេ។

យ៉ាងណា លោកត្រាំ បញ្ជាក់ថា អាមេរិក-អ៊ីរ៉ង់ បានព្រមព្រៀងគ្នា លើបទឈប់បាញ់បណ្តោះអាសន្នរយៈពេលមួយសប្តាហ៍ ដើម្បីទុកពេលឲ្យអ៊ីរ៉ង់ រៀបចំពិធីបុណ្យសពនេះ។

ប្រជាជនអ៊ីរ៉ង់ ចូលរួមពិធីបុណ្យសពលោក Ali Khamenei (រូប៖ Reuters)

សូមជម្រាបជាថ្មី ប្រជាជនអ៊ីរ៉ង់ចន្លោះប្រមាណពី ១៥ ទៅ ២០ លាននាក់ បានកកកុញពេញដងផ្លូវ ចូលរួមក្នុងពិធីបុណ្យសពរយៈពេល ៦ថ្ងៃ ដែលចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា ឆ្នាំ២០២៦។

ប្រជាជនកាន់ទុក្ខ នាំគ្នាស្លៀកពាក់ខោអាវពណ៌ខ្មៅ ចូលរួមណែនណាន់តាន់តាប់ ក្នុងបរិវេណវិហារឥស្លាម Imam Khomeini Grand Mosalla ដែលជាកន្លែងតម្កល់សព Ayatollah ក្នុងមឈូសកញ្ចក់គ្របដណ្តប់ដោយទង់ជាតិ។

ប្រជាជនអ៊ីរ៉ង់ ចូលរួមពិធីបុណ្យសពលោក Ali Khamenei (រូប៖ Reuters)

ទោះកំពុងមានទុក្ខធំយ៉ាងណា អ្នកចូលរួមដ៏ច្រើនលើសលប់ ក៏មានកាន់បដាពណ៌ក្រហម ដែលតំណាងឲ្យការសងសឹកដោយឈាម ព្រមទាំងស្រែកខ្លាំងៗ ដាក់បណ្តាសាឲ្យ សហរដ្ឋអាមេរិក និង អ៊ីស្រាអែល វិនាស។

អ្វីដែលបង្កជាចម្ងល់ គឺថា គេមិនឃើញវត្តមានរបស់កូនប្រុសដែលជាមេដឹកនាំកំពូលថ្មី លោក Mojtaba Khamenei ឡើយ នាំឲ្យកើតជាសំណួរ និងចម្ងល់ថា តើពេលនេះគាត់កំពុងនៅឯណា ហើយស្ថានភាពរបស់គាត់ យ៉ាងម៉េចហើយ ប៉ុន្តែគេឃើញកូ​នប្រុស ៣នាក់ទៀតរបស់លោក Ali Khamenei ដូចជា Masoud, Mostafa និង Meysam ​ដែលចូលរួមជាមួយលោកប្រធានាធិបតី Masoud Pezeshkian និងមេឆ្មាំបដិវត្ត Ahmad Vahidi។

ប្រជាជនអ៊ីរ៉ង់ ចូលរួមពិធីបុណ្យសពលោក Ali Khamenei (រូប៖ Reuters)

ក្រៅពីនោះ គឺឃើញមានវត្តមាន ប្រធានរដ្ឋសភា Mohammad Bagher Ghalibaf, មេតុលាការកំពូល Gholam-Hossein Mohseni Ejei និង មេបញ្ជាការកងកម្លាំង Quds លោក Esmail Qaani៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម