Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខសន្តិសុខ អ៊ីរ៉ង់ ផ្តែផ្តាំទៅ ​លោក ត្រាំ ត្រូវនិយាយជាមួយអ៊ីរ៉ង់ដោយការគោរព

បានផុស

នៅ

អគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលក្នុងប្រទេសអ៊ីរ៉ង់ បានចេញមុខរិះគន់យ៉ាងធ្ងន់ៗទៅលើប្រធានាធិបតីអាមេរិក ដោយលោកលើកឡើងវិញថា អ៊ីរ៉ង់មិនចេះស្តាប់ភាសាគំរាមកំហែងនោះទេ ហើយការខ្វះការគោរពណាមួយចំពោះប្រជាជនអ៊ីរ៉ង់ នឹងត្រូវជួបការឆ្លើយតបយ៉ាងម៉ឺងម៉ាត់តាមរយៈទម្រង់ផ្សេងវិញ។

លោក Mohammad Baqer Zolghadr(រូបភាព៖Tasnim News Agency)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចេញផ្សាយពី CMN នៅថ្ងៃ ទី៧ ខែកក្កដា, លោក Mohammad Baqer Zolghadr ដែលទើបតែត្រូវបានតែងតាំងជាអគ្គលេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល បានផ្ញើសារដាស់តឿនចំៗ ទៅកាន់ប្រធានាធិបតីអាមេរិក ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលអ៊ីរ៉ង់ចាត់ទុកថា ជាការគំរាមកំហែងផ្ទាល់ដល់ពលរដ្ឋចំនួន ៩១ លាននាក់នៃសាធារណរដ្ឋឥស្លាមមួយនេះ។

លោក Zolghadr បានថ្លែងថា «ខ្ញុំសូមប្រាប់ទៅកាន់ប្រធានាធិបតីដែលកំពុងភាន់ច្រឡំរបស់អាមេរិក ដែលថ្ងៃនេះ បានគំរាមកំហែងដល់ប្រជាជនអ៊ីរ៉ង់ចំនួន ៩១ លាននាក់ ថា កាលពីមុន អ្នកក៏ធ្លាប់បានប្រើប្រាស់វោហាសាស្ត្រស្រដៀងគ្នានេះដែរ ក្នុងនាមជាមេដឹកនាំនៃប្រទេសមួយដែលគ្មានឫសគល់ច្បាស់លាស់ និងមានប្រវត្តិសាស្ត្រត្រឹមតែ ២៥០ ឆ្នាំ ដោយបានគំរាមកំហែងលុបបំបាត់អរិយធម៌រាប់ពាន់ឆ្នាំរបស់អ៊ីរ៉ង់»។

មន្ត្រីសន្តិសុខជាន់ខ្ពស់រូបនេះបានសង្កត់ធ្ងន់ថា រាល់ការប៉ុនប៉ងកន្លងមករបស់អាមេរិកក្នុងការប្រើប្រាស់ជំហរឈ្លានពានបែបនេះ គឺមិនបានផ្តល់លទ្ធផលយុទ្ធសាស្ត្រជាក់ស្តែងណាមួយសម្រាប់ទីក្រុងវ៉ាស៊ីនតោនឡើយ។ លោកបានគូសបញ្ជាក់ទៀតថា «លទ្ធផលដែលអ្នកទទួលបានគឺគ្មានអ្វីក្រៅពីភាពបរាជ័យ ភាពអស់សង្ឃឹម និងការអង្វរករសុំចរចា ក៏ដូចជាការសុំឈប់បាញ់គ្នានោះទេ» ដោយលោកបានរំលឹកឡើងវិញថា ប្រជាជាតិអ៊ីរ៉ង់មិនតក់ស្លុតនឹងការបំភិតបំភ័យណាមួយឡើយ។

លោក Zolghadr បានបញ្ចប់សេចក្តីថ្លែងការណ៍របស់លោក ជាមួយនឹងការព្រមានបែបការទូតយ៉ាងម៉ឺងម៉ាត់ ទាក់ទងនឹងទំនាក់ទំនងទៅថ្ងៃអនាគតរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់ ដោយអះអាងថា រដ្ឋបាលអាមេរិកត្រូវតែផ្លាស់ប្តូរទឹកដមសំឡេងរបស់ខ្លួនជាអចិន្ត្រៃយ៍។ អគ្គលេខាធិការរូបនេះបានព្រមានថា «ត្រូវនិយាយជាមួយប្រជាជនអ៊ីរ៉ង់ដោយការគោរព បើមិនដូច្នេះទេ យើងនឹងឆ្លើយតបទៅអ្នកវិញក្នុងភាសាមួយផ្សេងទៀត»។

សូមបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីពិធីបុណ្យសពរបស់មេដឹកនាំអ៊ីរ៉ង់បានបញ្ចប់ និងការចរចាត្រូវគាំង លោក ត្រាំ បានថ្លែងការណ៍ចេញពីសេតវិមាន ថា អ៊ីរ៉ង់ត្រូវតែជ្រើសរើស បើមិនព្រមធ្វើកិច្ចព្រមព្រៀងទេ អាមេរិកនឹង «បញ្ចប់ការងារនេះ» តាមផ្លូវយោធា។ លោកសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន មានសមត្ថភាពបំផ្លាញស្ពាន និងរោងចក្រថាមពលអគ្គិសនីទំនើបៗទាំងអស់របស់អ៊ីរ៉ង់ឲ្យខ្ទេចខ្ទីអស់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទី ឬមួយរសៀលប៉ុណ្ណោះ ប៉ុន្តែលោកមិនចង់ឲ្យប៉ះពាល់ដល់ប្រជាជនអ៊ីរ៉ង់ ៩១ លាននាក់ នោះទេ ទើបលោកចង់បានកិច្ចព្រមព្រៀង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

មេបញ្ជាការ IRGC៖ ក្តីសុបិនសត្រូវ ដែលចង់ឲ្យអ៊ីរ៉ង់ចុះចាញ់ នឹងត្រូវរលាយសាបសូន្យ
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម