Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ សារភាព ពិតជាទូរស័ព្ទទៅប្រធាន FIFA មែន តែអត់ដឹងថា «កាតក្រហម» ជាអីទេ

បានផុស

នៅ

ជាការចេញមុខនិយាយលើកដំបូង ចាប់តាំងពីមានភាពចម្រូងចម្រាស រឿងលូកដៃអន្តរាគមន៍ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២៦ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា លោកពិតជាបានទូរស័ព្ទទៅប្រធានស្ថាប័នបាល់ទាត់អន្តរជាតិ (FIFA) ឲ្យពិនិត្យឡើងវិញ លើករណីឲ្យកាតក្រហមលើខ្សែប្រយុទ្ធជម្រើសជាតិអាមេរិក កីឡាករ Folarin Balogun មែន ប៉ុន្តែលោកមិនដឹងថា កាតក្រហមហ្នឹងអីគេទេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

ផ្ទុះការរិះគន់លោកត្រាំ ពេញពិភពលោក ចំពោះរឿងនេះ ដោយចោទថា ប្រធានាធិបតីអាមេរិក ប្រើអំណាចលូកដៃក្នុងរឿងបាល់ទាត់ ខណៈប្រធាន FIFA លោក Gianni Infantino ក៏រងការតិទៀនជាអន្តរជាតិ មិនស្ទើរដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងការិយាល័យរាងពងក្រពើ នៃសេតវិមាន កាលពីថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦ ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និយាយថា៖ «អ្វីដែលខ្ញុំធ្វើ គឺគ្រាន់តែស្នើឲ្យមានការពិនិត្យមើលឡើងវិញតែប៉ុណ្ណោះ។ ខ្ញុំមិនបាននិយាយថា អ្នកត្រូវតែធ្វើបែបនេះនោះទេ។ បុរសម្នាក់នេះគឺជាមនុស្សឆ្លាត និងរឹងមាំ លោក Gianni Infantino។ គាត់គឺជាមនុស្សឆ្លាត និងរឹងមាំ ហើយប្រជាប្រិយភាព របស់គាត់បានហក់ឡើងកប់ពពក ព្រោះតែការងារដែលគាត់ធ្វើ គឺអស្ចារ្យណាស់។ ខ្ញុំគ្រាន់តែមានអារម្មណ៍ថា យើងត្រូវតែមានកីឡាករល្អៗបំផុតទាំងអស់ នៅលើទីលាន»។

ប្រធាន FIFA លោក Gianni Infantino (រូប៖ Reuters)

ស្របពេលជាមួយគ្នានោះដែរ លោកត្រាំ ប្រាប់ថា៖ «ខ្ញុំមិនដឹងថា អា កាតក្រហម ហ្នឹងជាស្អីផង។ ដល់ពេលខ្ញុំដឹង ទើបខ្ញុំនិយាយថា ឯងលេងសើចមែនទេ!»។

ជុំវិញរឿងនេះ លោក Infantino ក៏បានចេញសេចក្តីថ្លែងការណ៍មួយដែរ កាលពីថ្ងៃចន្ទ ដោយបញ្ជាក់ថា លោកពិតជា បានពិភាក្សាជាមួយប្រធានាធិបតី ត្រាំ មែន ប៉ុន្តែស្ថាប័នច្បាប់ របស់ FIFA គឺមានឯករាជ្យភាព ហើយរូបលោក គ្មានឥទ្ធិពលអ្វីលើការសម្រេចចិត្តពាក់ព័ន្ធនឹងកីឡាករ Balogun នោះឡើយ។

កីឡាករ Folarin Balogun (រូប៖ Reuters)

សូមជម្រាបជាថ្មី Balogun បានទទួលកាតក្រហម នៅនាទីទី៦៤ ក្នុងជំនួបជាមួយជម្រើសជាតិបូស្នៀ និងហឺហ្សេហ្គោវីណា នៅវគ្គ ៣២ក្រុមចុងក្រោយ នៃពានរង្វាន់ World Cup កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២៦ ដោយសារជាន់ជើងកីឡាករ Tarik Muharemović។

ដូច្នេះ ដើមឡើយរូបគេ នឹងត្រូវខកខាន មិនអាចចូលលេងបានឡើយ ក្នុងជំនួបសំខាន់នៅវគ្គ ១៦ក្រុមចុងក្រោយ ជាមួយជម្រើសជាតិបែលហ្ស៊ិក នៅព្រឹកថ្ងៃអង្គារ ប៉ុន្តែពេលនេះ បម្រាមនោះត្រូវបានដកចេញវិញហើយ ក្រោយលោក ត្រាំ បានទូរស័ព្ទទៅប្រធាន FIFA រហូតដល់ទៅ ៣លើក៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម