Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ីព្រមានពី «មហន្តរាយពិភពលោក» ក្រោយណាតូ ប្រកាសកញ្ចប់ថវិកាយោធាធំដល់​អ៊ុយក្រែន

បានផុស

នៅ

ប្រទេសរុស្ស៊ី បានចេញមុខមកថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការសម្រេចចិត្ត​របស់អង្គការណាតូ (NATO) នៅក្នុងកិច្ចប្រជុំកំពូលនាប្រទេសតួកគី កាលពីថ្ងៃពុធ ដោយ​ព្រមានថា ទង្វើទាំងនេះអាចនឹងបង្កើតឱ្យមានមហន្តរាយដ៏កាចសាហាវបំផុត។

លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិកម្មយ៉ាងក្តៅស្លឹក​ត្រចៀក​ពីរុស្ស៊ីនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីប្លុកសម្ព័ន្ធមិត្តលោកខាងលិចមួយនេះ បានប្រកាសផ្តល់ជំនួយយោធាដ៏ធំសម្បើមទៅឱ្យប្រទេសអ៊ុយក្រែន ព្រមទាំងបានសង្កត់ធ្ងន់ជាថ្មីពីការប្តេជ្ញាចិត្តការពារគ្នារវាងប្រទេសជាសមាជិក។

បើតាម​ទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កក្កដា ឆ្នាំ​២០២៦ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បានលើកឡើងថា អាទិភាពរបស់ណាតូ គឺមិនមានការផ្លាស់ប្តូរទាល់តែសោះ ពោលគឺនៅតែបន្តផ្តោតលើការបំពាក់អាវុធយោធានៅទ្វីបអឺរ៉ុប ការពង្រឹងសមត្ថភាពការពារខ្លួន ការត្រៀមលក្ខណៈសម្រាប់ជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ី និងការបន្តផ្តល់ជំនួយដល់អ៊ុយក្រែន។ លោកស្រីបានគូសបញ្ជាក់តាមរយៈគេហទំព័រផ្លូវការរបស់ក្រសួងថា វាជារឿងដ៏គួរឱ្យស្តាយបំផុត ព្រោះប្រសិនបើក្រុមអ្នកយុទ្ធសាស្ត្ររបស់ណាតូ ព្រមពិចារណា​តែ​​បន្តិច ពួកគេប្រហែលជាមិនធ្វើការសម្រេចចិត្តដ៏គ្មានការទទួលខុសត្រូវបែបនេះទេ ដែលវាអាច​នាំពិភពលោកទាំងមូលទៅរកវិនាសកម្ម មិនមែនត្រឹមតែប្លុកណាតូនោះឡើយ។

នៅក្នុងកិច្ចប្រជុំកំពូលនោះ ប្រទេសជាសមាជិកអង្គការណាតូ បានប្តេជ្ញាចិត្តផ្តល់ជំនួយយោធា ដែលមានតម្លៃរហូតដល់ទៅ ៧០ពាន់លានអឺរ៉ូ (ប្រហែល ៨០ពាន់លានដុល្លារអាមេរិក) ទៅឱ្យអ៊ុយក្រែន សម្រាប់ឆ្នាំ២០២៦ នេះ។ បន្ថែម​ពី​នោះ ពួកគេបានប្រកាសពីកិច្ចព្រមព្រៀងទិញដូរអាវុធ ដែលមានតម្លៃយ៉ាងហោចណាស់ ៥០ពាន់លានដុល្លារ និងបានបញ្ជាក់ជាថ្មីពី «ការប្តេជ្ញាចិត្តដូចដែកថែប» ក្នុងការការពារគ្នាទៅវិញទៅមក តាមស្មារតីនៃមាត្រា៥ របស់អង្គការណាតូ។

យ៉ាងណាមិញ លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បានឆ្លៀតឱកាសទម្លាយឱ្យឃើញពី «ភាពរង្គោះរង្គើ» រវាងសហរដ្ឋអាមេរិក និងដៃគូណាតូ ដោយលោកស្រីកត់សម្គាល់ថា អាមេរិកមិនអាចលាក់បាំងការខកចិត្តរបស់ខ្លួន ចំពោះប្លុកមួយនេះបានទេ។ លោកស្រីបានពន្យល់ថា បញ្ហាដណ្តើមគ្រប់គ្រងកោះហ្គ្រីនលែន មិនត្រូវបានដោះស្រាយទៅតាមអ្វីដែលអាមេរិកចង់បាននោះឡើយ ហើយទីក្រុងវ៉ាស៊ីនតោនក៏កំពុងអាក់អន់ចិត្តយ៉ាងខ្លាំង ដែលសមាជិកសម្ព័ន្ធមិត្តដទៃទៀតមិនព្រមចេញមុខមកគាំទ្រខ្លួននៅពេលដែលខ្លួនត្រូវការ។

ផ្ទុយទៅវិញ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូតេ (Mark Rutte) បាន​ឆ្លើយតប​ថា ជម្លោះពាក្យសម្តីរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំណាតូដទៃទៀត មិនមែនជាភាព​ទន់ខ្សោយនោះទេ ប៉ុន្តែវាបានបង្ហាញពីកម្លាំងប្រជាធិបតេយ្យដ៏ពិតប្រាកដរបស់សម្ព័ន្ធមិត្តទៅវិញទេ។ លោក រូតេ បាននិយាយបែបឌឺដងទៅកាន់ប្រធានាធិបតីរុស្ស៊ីថា លោក វ្ល៉ាឌីមៀរ ពូទីន គួរតែរៀនបើកចំហចិត្តឱ្យមានការជជែកដេញដោលគ្នាជាសាធារណៈបែបនេះឱ្យបានច្រើនដូចណាតូដែរ ទើប​ជា​ការ​ល្អ៕

លោក ម៉ាក រូតេ និង​ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម