Connect with us

ព័ត៌មានអន្ដរជាតិ

សេចក្តីរាយការណ៍៖ អាមេរិក ​ត្រៀម​ផ្តល់កញ្ចប់ជំនួយ​សព្វាវុធ​ថ្មី​តម្លៃ ២ ពាន់​លាន​ដុល្លារ​ឲ្យ អ៊ុយក្រែន (មានវីដេអូ)

បានផុស

នៅ

សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជាង ២ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ខណៈជំនួយថ្មីនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលទាំងគ្រាប់រ៉ុកកែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់បែក និងអាវុធផ្សេងទៀតផងដែរ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ដែលដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប។

ក្រុមមន្ត្រីបាននិយាយនៅថ្ងៃពុធទី០១ខែកុម្ភៈថា ជំនួយនេះ នឹងត្រូវប្រកាសយូរបំផុតក្នុងសប្តាហ៍នេះ។ ពួកគេបន្ថែមថា កញ្ចប់នេះនឹងរួមបញ្ចូលផងដែរ នូវឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot, គ្រាប់បែកមានសមត្ថភាពខ្លាំង និងអាវុធប្រឆាំងរថក្រោះ Javelin។

យោងតាមមន្ត្រីម្នាក់, ផ្នែកមួយនៃកញ្ចប់ទឹកប្រាក់ ១.៧២ពាន់លានដុល្លារ នឹងបានមកពីមូលនិធិដែលគេស្គាល់ថា គំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឲ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីក្រុមហ៊ុននានា ជាជាងពីស្តុកសព្វាវុធរបស់សហរដ្ឋអាមេរិក។

បន្ថែមពីលើមូលនិធិ USAI, ជំនួយដែលមានតម្លៃជាង៤០០លានដុល្លារ ត្រូវបានគេរំពឹងថានឹងបានមកពីមូលនិធិរបស់អាជ្ញាធរដកប្រាក់ប្រធានាធិបតី ដែលអនុញ្ញាតឲ្យប្រធានាធិបតីយកចេញពីភាគហ៊ុនអាមេរិកបច្ចុប្បន្នក្នុងគ្រាមានអាសន្ន។

មន្ត្រីរូបនេះដដែលបន្ថែមថា ជំនួយថ្មីក៏មានសម្ភារបរិក្ខារពេទ្យយ៉ាងច្រើនផងដែរ ពោលគឺគ្រប់គ្រាន់សម្រាប់បំពាក់ដល់មន្ទីរពេទ្យចំនួនបី។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមានបានបដិសេធធ្វើអត្ថាធិប្បាយ ខណៈខ្លឹមសារ និងទំហំនៃកញ្ចប់ជំនួយនេះ អាចផ្លាស់ប្តូររហូតដល់ពួកគេត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ លោក បៃដិន សម្រេចហើយថាមិនផ្ដល់យន្តហោះចម្បាំង F-16 ឲ្យ អ៊ុយក្រែន ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម