Connect with us

ព័ត៌មានអន្ដរជាតិ

ស្ត្រី​អាមេរិក​​​​ជាប់​ច្រវាក់ក្នុង​ព្រៃ​​ភ្នំ​​ និង​អត់​អាហារ​៤០ថ្ងៃ​ក្នុង​ប្រទេស​ឥណ្ឌា ប៉ូលិស​ត្រដាង​ការ​ពិត​

បានផុស

នៅ

កាលពីប៉ុន្មានថ្ងៃមុន មានការរកឃើញស្ត្រីជនជាតិអាមេរិកម្នាក់បានជាប់ច្រវាក់ជើងនឹងដើមឈើនៅក្នុងព្រៃមួយនៅភាគខាងលិចរដ្ឋ Maharashtra របស់ប្រទេសឥណ្ឌា ក្នុងសភាពស្គមស្គាំងជាខ្លាំងដែលបណ្ដាលឲ្យផ្ទុះការវែកញែកពេញបណ្ដាញសង្គម បន្ទាប់ពីស្រ្តីរូបនេះបានសរសេររៀបរាប់ថាប្ដីរបស់នាងបានចាក់ច្រវាក់ជើងនាង​ចង​ភ្ជាប់​នឹងដើមឈើ​អស់​រយៈ​ប្រមាណ៤០ថ្ងៃដោយគ្មានអាហារនិងទឹកបរិភោគ​ ខណៈប៉ូលិសបានឲ្យដឹងបន្ទាប់ពីការស៊ើបអង្គេតថា ស្រ្តីរូបនេះបានចាក់ច្រវាក់ជើងខ្លួនឯង ដោយគ្មាននរណាម្នាក់បានធ្វើនោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​BBC​នៅ​ថ្ងៃ​ទី៧ខែសីហានេះ។

(រូបភាព៖ BBC)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ត្រីសញ្ជាតិអាមេរិករូបនេះ ឈ្មោះ Lalita Kayi អាយុ៥០​ឆ្នាំត្រូវបានជួយសង្គ្រោះប្រហែល១០ថ្ងៃមុនពីក្នុង​ព្រៃក្រាស់ក្នុងស្រុក Sindhudurg បន្ទាប់ពីនាងស្រែកសម្រែកសុំជំនួយដែលបានឮដោយ​គង្វាលគោ។ បន្ទាប់ពីការរកឃើញស្រ្តីរូបនេះនាងមិនអាចនិយាយបានទេ ហើយបានសរសេរជា​លាយលក្ខណ៍អក្សរ​ទៅកាន់​ប៉ូលិសដោយ​បាន​ចោទប្រកាន់​ប្តី​នាង​ថា៖​«ចាក់​ច្រវាក់​នាង ហើយ​ទុក​នាង​នៅក្នុង​ព្រៃ​ឲ្យ​ស្លាប់​ដោយ​គ្មាន​អាហារ ឬ​ទឹក​ក្នុងរយៈពេល៤០ថ្ងៃ»​។

ការរកឃើញ Kayi បានធ្វើឱ្យប្រទេសឥណ្ឌាមានការភ្ញាក់ផ្អើល ហើយប៉ូលីសបានបង្កើតក្រុមជាច្រើនដើម្បីស៊ើបអង្កេតពីរបៀបដែលស្រ្តីរូបនេះបានមកនៅក្នុងព្រៃក្នុងសភាពបែបនេះ។ បន្ទាប់ពីការសាកសួរ លោក Saurabh Agarwal ​អធិការ​ប៉ូលិស​ស្រុក Sindhudurg បានប្រាប់ BBCថា៖​«Kayi ឥឡូវនេះបាននិយាយថា នាងមិនបានរៀបការទេ នាងពិបាកចិត្តដោយសារតែទិដ្ឋាការរបស់នាងអស់សុពលភាព ហើយនាងក៏អស់លុយ ដូច្នេះនាងបានទិញសោរ និងច្រវាក់ ហើយចាក់ខ្លួនឯងនឹងដើមឈើ»។

(រូបភាព៖ BBC)

នាងក៏ត្រូវបានរកឃើញថា កើត​មានជម្ងឺវិកលចរិក។ យោងតាមលោកវេជ្ជបណ្ឌិត Sanghamitra Phule អគ្គនាយកនៃមន្ទីរពេទ្យវិកលចរិកដែល Kayi កំពុងត្រូវបានព្យាបាលបានប្រាប់ BBC ថា៖«ស្ថានភាពរបស់នាងកំពុងប្រសើរឡើង ដោយនាងអាចញ៉ាំ ដើរ និងហាត់ប្រាណ» ហើយគ្រូពេទ្យក៏កំពុងផ្តល់ឱ្យនាងនូវសារធាតុចិញ្ចឹមមួយចំនួនដែលរាងកាយរបស់នាងខ្វះខាត។

គួរបញ្ជាក់ថានាង​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ថ្ងៃ​ទី២៧ខែ​កក្កដា ដោយ​អ្នក​ឃ្វាល​គោ​ដែល​បាន​យក​គោ​ទៅ​ស៊ី​ស្មៅ​ក្នុង​ព្រៃ ហើយ​បាន​ឮ​សំឡេង​ស្ត្រី​ម្នាក់​ស្រែក​ខ្លាំងៗចេញ​ពី​ព្រៃ​ជើង​ភ្នំ។ អ្នកឃ្វាលគោបានឃើញ​ជើង​ម្ខាង​របស់​នាង​ត្រូវ​បាន​ជាប់ច្រវាក់នឹង​ដើម​ឈើ ហើយនាង​ស្រែក​ដូច​ជាសត្វ បន្ទាប់មកអ្នកឃ្វាលគោបាន​ទូរស័ព្ទ​ទៅ​អ្នក​ភូមិ​ផ្សេង​ទៀត និង​ប៉ូលិស​មូលដ្ឋាន។

(រូបភាព៖ BBC)

ប៉ូលិស​បាន​ដោះ​ច្រវាក់​ចេញ ហើយ​ជួយ​សង្គ្រោះ​នាង ខណៈដែលនាងមានសភាពស្លេកស្លាំងជាខ្លាំង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយបន្ទាប់ពីសុខភាពផ្លូវកាយបានប្រសើរឡើង នាងត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យវិកលចរិក ដើម្បីព្យាបាលបន្ថែម។ ប៉ូលិសបានបានរកឃើញច្បាប់ចម្លងលិខិតឆ្លងដែនដែលបញ្ជាក់ថា នាងជាពលរដ្ឋអាមេរិក មកពីរដ្ឋ Massachusetts និងឯកសារមួយចំនួនទៀតដែលមានអាសយដ្ឋានផ្ទះរបស់នាងក្នុងរដ្ឋ Tamil Nadu រួមទាំងមានទូរសព្ទដៃ ថេប្លេតមួយគ្រឿង និងប្រាក់ ៣១,០០០ រូពី (៣៧០ ដុល្លារ ) ជាកម្មសិទ្ធិរបស់នាង។

ដំបូង Kayi ​មិន​អាច​និយាយ​បានដោយនាងបាន​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ប៉ូលិស និង​គ្រូពេទ្យ​តាមរយៈការ​សរសេរ​។ក្នុងការសរសររៀបរាប់នោះ នាងបាននិយាយថា នាងបានរៀបការជាមួយបុរសម្នាក់នៅរដ្ឋ Tamil Nadu ភាគខាងត្បូង ហើយបានចោទប្រកាន់គាត់ចំពោះការចាក់ច្រវាក់នាងនឹងដើមឈើ។ នាង​បាន​អះអាង​ថា នាង​បាន​បាត់​បង់​អាហារ និង​ទឹក​អស់​រយៈពេល៤០ថ្ងៃ។ ទោះយ៉ាងណា ប៉ូលិសបានសាកសួរការអះអាងរបស់នាង ព្រោះវាមិនទំនងទេដែលនាងអាចរស់បានដោយគ្មានអាហារ ឬទឹកក្នុងរយៈពេលយូរដូច្នេះ។

ពាក់ព័ន្ធនឹងករណីរបស់ Kayi ស្ថានទូតអាមេរិកបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយលើកឡើងពីសិទ្ធិឯកជនភាពរបស់Kayi ខណៈគ្រួសារ​របស់​នាង​នៅ​សហរដ្ឋ​អាមេរិកបាន​ទាក់ទង​ជាមួយ​នាងតាម​ទូរស័ព្ទ៕

(រូបភាព៖ X)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម