ព័ត៌មានអន្ដរជាតិ
ឥណ្ឌា មិនបោះបង់ជំហរបំផ្លាញបណ្ដាញភេរវកម្ម ពេលរំឭកខួប១ឆ្នាំក្នុងជម្លោះជាមួយប៉ាគីស្ថាន
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ថា ឥណ្ឌានៅតែប្រកាន់ជំហររឹងមាំដូចដែលធ្លាប់មាន ក្នុងឆន្ទៈកម្ចាត់អំពើភេរវកម្ម និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីដែលបង្កលក្ខណៈងាយស្រួលដល់បណ្តាញភរវករ។
ការថ្លែងបែបនេះរបស់នាយករដ្ឋមន្ត្រីឥណ្ឌា កើតឡើងក្នុងខួបមួយឆ្នាំ ចាប់តាំងពីការបើកប្រតិបត្តិការដែលឥណ្ឌាប្រសិទ្ធនាមថា «ប្រតិបត្តិការ Sindoor» ព្រមទាំងរំលឹកខួបមួយឆ្នាំនៃជម្លោះដ៏សាហាវ ជាមួយបងប្អូនសត្រូវ ប៉ាគីស្ថាន។

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP ទំនាក់ទំនងរវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ បានធ្លាក់ចុះយ៉ាងដុនដាបកាលពីឆ្នាំមុន បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ២២ ខែមេសា នៅតំបន់ Pahalgam ក្នុងដែនដី Kashmir គ្រប់គ្រងដោយឥណ្ឌា ដោយបណ្តាលឲ្យមនុស្ស ២៦ នាក់បាត់បង់ជីវិត ដែលភាគច្រើនជាអ្នកទេសចរហិណ្ឌូ ហើយវាបាននាំឲ្យមានជម្លោះដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។
ឥណ្ឌាបានចោទប្រកាន់ប៉ាគីស្ថានថា បានគាំទ្រការវាយប្រហារនេះ ប៉ុន្តែទីក្រុង Islamabad បានបដិសេធការចោទប្រកាន់នេះ ដែលបង្កឲ្យមានវិធានការការទូតសងសឹកគ្នាទៅវិញទៅមក និងការកើនឡើងនូវភាពតានតឹងយោធាយ៉ាងខ្លាំងក្លា។ ជម្លោះបានឈានដល់ការកើនឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីឥណ្ឌាបានបើកការវាយប្រហារកាលពីថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥ ទៅលើអ្វីដែលខ្លួនបានពណ៌នាថាជា «ជំរំភេរវករ» នៅក្នុងប្រទេសប៉ាគីស្ថាន។
ហេតុការណ៍នោះបានជំរុញឲ្យមានការឆ្លើយតបភ្លាមៗពីទីក្រុង Islamabad ដែលនាំឲ្យមានការវាយប្រហារតាមអាកាស ការប្រើប្រាស់ហ្វូងដ្រូន និងការបាញ់ផ្លោងកាំភ្លើងធំធុនធ្ងន់ដាក់គ្នាទៅវិញទៅមក រវាងប្រទេសជិតខាងដែលមានអាវុធនុយក្លេអ៊ែរទាំងពីរនេះ។
យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍ដដែលនោះ ប្រទេសប៉ាគីស្ថានបានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ ដើម្បីរំលឹកខួបនៃជម្លោះដែលទីក្រុង Islamabad ហៅថា «Marka-e-Haq» ឬ «សមរភូមិនៃការពិត» ថា ពួកគេនឹងការពារខ្លួនយ៉ាងរឹងមាំបំផុតប្រឆាំងនឹងការវាយប្រហារណាមួយ។ ជាពិសេស រាល់ការគំរាមកំហែងណាមួយមកលើមាតុភូមិរបស់យើង នឹងត្រូវតបតវិញដោយសាមគ្គីភាពជាតិ ឆន្ទៈដ៏រឹងមាំ និងកម្លាំងតាមរយៈគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


