ព័ត៌មានអន្ដរជាតិ
ប្រមុខ UN ផ្ញើលិខិតទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល តវ៉ារឿងបិទ UNRWA
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានផ្ញើលិខិតមួយច្បាប់នៅថ្ងៃទី៣០ខែតុលា ទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយតវ៉ានឹងច្បាប់ថ្មីពាក់ព័ន្ធនឹងការបិទទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលទទួលខុសត្រូវក្នុងការជួយជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)។

នៅក្នុងសំបុត្រ លោក Guterres បាននិយាយថា ច្បាប់នេះអាចមាន «ផលប៉ះពាល់ដ៏អាក្រក់» សម្រាប់តំបន់ហ្គាហ្សា និងតំបន់ West Bank ដោយសារតែមិនមានជម្រើសណាដែលល្អជាង UNRWA ក្នុងការផ្តល់ជំនួយដល់ជនជាតិប៉ាឡេស្ទីន។
លោក Guterres បានសរសេរថា៖ «ខ្ញុំសូមអំពាវនាវដល់អ្នក និងរដ្ឋាភិបាលអ៊ីស្រាអែល ឲ្យទប់ស្កាត់ផលវិបាកដ៏អាក្រក់បែបនេះ និងអនុញ្ញាតឲ្យ UNRWA បន្តអនុវត្តសកម្មភាពរបស់ខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលកាន់កាប់ រួមទាំងក្រុងហ្ស៊េរុយសាឡិមខាងកើត ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមច្បាប់អន្តរជាតិ»។
លោក Guterres បានអះអាងថា នៅក្រោមច្បាប់អន្តរជាតិ ប្រទេសដែលមានប្រៀបជាង ត្រូវតែអនុវត្តយន្តការសម្រាប់ផ្តល់ជំនួយដល់ប្រជាជនដែលរស់នៅក្នុងទឹកដីដែលខ្លួនកំពុងកាន់កាប់។ លោកបានបន្ថែមថា៖ «ប្រសិនបើអ៊ីស្រាអែលមិនអាចបំពេញតម្រូវការបែបនេះទេ ខ្លួនមានកាតព្វកិច្ចអនុញ្ញាត និងសម្របសម្រួលសកម្មភាពរបស់អង្គការសហប្រជាជាតិ រួមទាំង UNRWA និងភ្នាក់ងារមនុស្សធម៌ផ្សេងទៀត រហូតដល់អាចបំពេញតម្រូវការរបស់ជនភៀសខ្លួនប៉ាឡេស្ទីននៅក្នុងទឹកដីប៉ាឡេស្ទីនដែលខ្លួនកាន់កាប់»។
សូមរំឭកថា កាលពីថ្ងៃទី២៩ខែតុលាឆ្នាំ២០២៤ សភាអ៊ីស្រាអែល បានបោះឆ្នោតជាមួយសំឡេង៩២ទល់១០ អនុម័តច្បាប់ហាមឃាត់ទីភ្នាក់ងារ UNRWA លែងឲ្យធ្វើប្រតិបត្តិការនៅក្នុងប្រទេសអ៊ីស្រាអែល និងទីក្រុងហ្ស៊េរុយសាឡិមខាងកើតទៀតហើយ ប៉ុន្តែទុកពេលឲ្យបីខែទៀត ទើបចាប់ផ្តើមអនុវត្តជាផ្លូវការ។
លើសពីនេះ សូម្បីទំនាក់ទំនងរវាងក្រុមការងារ UNRWA និងមន្រ្តីអ៊ីស្រាអែល ក៏ត្រូវហាមឃាត់ផងដែរ ដូច្នេះមានន័យថា បុគ្គលិក UNRWA នឹងមិនមានអភ័យឯកសិទ្ធិស្របច្បាប់ទៀតទេនៅក្នុងប្រទេសអ៊ីស្រាអែល ហើយទីស្នាក់ការកណ្តាលរបស់ខ្លួននៅហ្ស៊េរុយសាឡិមខាងកើត ក៏នឹងត្រូវបិទទ្វារផងដែរ។
UNRWA ជាភ្នាក់ងារបស់អង្គការសហប្រជាជាតិ ដែលផ្ដល់ការអប់រំ សេវាសុខភាព និងជំនួយដល់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់នៅហ្គាហ្សា តំបន់ West Bank ប្រទេសហ្ស៊កដានី ប្រទេសលីបង់ និងប្រទេសស៊ីរី។ UNRWA ធ្លាប់មានភាពរកាំរកូសជាមួយអ៊ីស្រាអែលជាយូរណាស់មកហើយ។ ចាប់តាំងពីផ្ទុះសង្គ្រាមនៅហ្គាហ្សា ទំនាក់ទំនងរវាងភាគីទាំងពីរកាន់តែយ៉ាប់យឺនខ្លាំង ហើយអ៊ីស្រាអែលបានអំពាវនាវម្ដងហើយម្ដងទៀតឲ្យមានការរំសាយភ្នាក់ងារ UNRWA នេះចោល៕
ដោយ៖ ឈាង
ចុចអាន៖ អ៊ីស្រាអែល សម្រេចហាមឃាត់ទីភ្នាក់ងារជំនួយ UN លែងឲ្យធ្វើការលើដីរបស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


