ព័ត៌មានអន្ដរជាតិ
ណេតាន់យ៉ាហ៊ូ បញ្ជាដាច់ណាត់៖ «កម្ទេចរាល់ហេដ្ឋារចនាសម្ព័ន្ធហេសបូឡា កុំឱ្យសេសសល់ ក្នុងប្រទេសលីបង់»
លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់កងទ័ពអ៊ីស្រាអែល ឱ្យវាយកម្ទេចរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលជាក្រុមត្រូវបានគាំទ្រដោយប្រទេសអ៊ីរ៉ង់ នៅភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DPA នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងឱកាសចុះសួរសុខទុក្ខកងទ័ព លោក ណេតាន់យ៉ាហ៊ូ បានសង្កត់ធ្ងន់ទៅលើរាល់សំណង់អគារទាំងឡាយណាដែលនៅពីលើដី និងរូងក្រោមដីផ្សេងៗ ដែលក្រុមនេះធ្លាប់ប្រើប្រាស់សម្រាប់វាយប្រហារលើអ៊ីស្រាអែល ដោយលោកបានប្រាប់ចំៗថា «នេះជាបទបញ្ជា៖ មិនត្រូវទុកអ្វីចោលឱ្យនៅសេសសល់ឡើយ»។
ក្រៅពីការបញ្ជាឱ្យកម្ទេចហើយ លោកនាយករដ្ឋមន្ត្រីរូបនេះ ក៏បានណែនាំឱ្យកងទ័ពវាយបកភ្លាមៗដោយគ្មានការរង់ចាំ ប្រសិនបើពួកគេមើលឃើញថា មានការគំរាមកំហែងដល់អាយុជីវិតរបស់ខ្លួន។ អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត លោកបានប្រកាសដាច់អហង្ការថា អ៊ីស្រាអែលនឹងមិនដកទ័ពចេញពីតំបន់ព្រំដែនវិញជាដាច់ខាត រហូតទាល់តែក្រុមហេសបូឡា ទម្លាក់អាវុធទាំងស្រុង និងលែងក្លាយជាការគំរាមកំហែង សម្រាប់ប្រជាជនអ៊ីស្រាអែលតទៅទៀត។
លោក ណេតាន់យ៉ាហ៊ូ បានចាត់ទុកក្រុមហេសបូឡា ថាជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់ប្រទេសអ៊ីរ៉ង់។ លោកបានទម្លាយទិន្នន័យថា បច្ចុប្បន្ន គ្រាប់រ៉ុក្កែតរបស់ក្រុមនេះ នៅសល់តែប្រហែល ៨ភាគរយប៉ុណ្ណោះ ធៀបនឹងចំនួនពីមុន ដែលមានរហូតដល់ទៅ ១៥០ ០០០គ្រាប់។ ជាមួយគ្នានេះ អ៊ីស្រាអែលក៏បានសម្លាប់សមាជិកក្រុមនេះប្រមាណ ៩ ០០០នាក់រួចមកហើយ នៅក្នុងប្រទេសលីបង់។ លោកយល់ឃើញថា វិធានការដ៏មានប្រសិទ្ធភាពបំផុត គឺការបង្កើត «តំបន់ទ្រនាប់សុវត្ថិភាព» ចន្លោះទឹកដីរបស់ក្រុមហេសបូឡា និងប៉ែកខាងជើងនៃប្រទេសអ៊ីស្រាអែល។
ថ្វីដ្បិតតែបែបនេះក្ដី បើក្រឡេកទៅមើលខាងរដ្ឋាភិបាលលីបង់ និងក្រុមហេសបូឡាវិញ ពួកគេបានចេញមុខមកថ្កោលទោស ដោយចាត់ទុក «តំបន់សុវត្ថិភាព» ដែលអ៊ីស្រាអែលបង្ខំបង្កើតឡើងតែឯងនេះ ថាជាការចូលឈ្លានពាន និងរំលោភលើច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ យោងតាមការគណនាពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសលីបង់ ទឹកដីនៅភាគខាងត្បូងដែលអ៊ីស្រាអែល កំពុងគ្រប់គ្រងនាពេលនេះ មានទំហំប្រហែល ៦២០គីឡូម៉ែត្រការ៉េ ដែលស្មើនឹង ៦ភាគរយនៃផ្ទៃដីសរុបរបស់ប្រទេសលីបង់ទាំងមូល៕

ប្រែសម្រួល៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


