Connect with us

ព័ត៌មានអន្ដរជាតិ

ហ្សេលេនស្គី ស្នើ​ខែល Patriot តែលោក ត្រាំ សុំ​ពិចារណា​តិច​សិន ព្រោះ​វា​«ថ្លៃ​ណាស់»

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានជួប​​​បេសកជនអាមេរិកលោក Keith Kellogg នៅទីក្រុងរ៉ូម ដើម្បីស្នើសុំជាផ្លូវការនូវការគាំទ្រ​​ដែន​អាកាស​របស់​ក្រុង​វ៉ាស៊ីនតោន ក្នុង​នោះ​មាន​ទាំង​ប្រព័ន្ធការពារ Patriot ខណៈដែលអ៊ុយក្រែន​កំពុង​ប្រឈមមុខនឹងការកើនឡើងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់រុស្ស៊ី​កាន់​តែ​ខ្លាំង។

លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី និង​លោក Keith Kellogg (រូបថត៖ គណនី X លោកហ្សេលេនស្គី)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់​ពី​ជួប​លោក Kellogg លោក ហ្សេលេនស្គី បាន​​​​​បង្ហោះ​សារ​នៅ​លើ​​បណ្ដាញ​សង្គម​ X កាល​ពី​ថ្ងៃ​ទី​៩​ខែ​កក្កដាថា «ពួក​យើងបានពិភាក្សាអំពីការផ្គត់ផ្គង់អាវុធ និងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន ចំពេលមានការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំង។ នេះនៅតែជាអាទិភាពកំពូល»។ បន្ថែម​ពី​ការ​ស្នើ​សុំ​ជំនួយ លោក ហ្សេលេនស្គី ក៏​បាន​កត់​សម្គាល់​ផង​ដែរ​នូវ​​ការពិភាក្សាលើការទិញសព្វាវុធរបស់សហរដ្ឋអាមេរិក ការផលិតរួមគ្នា​លើ​វិស័យ​ការពារជាតិ និងការពង្រីកការផលិតយោធានៅក្នុង​ទឹក​ដី​អ៊ុយក្រែន។

ពាក់ព័ន្ធ​នឹង​​សំណើ​របស់​លោក ហ្សេលេនស្គី ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានឆ្លើយ​តប​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស Patriot គឺ​ «ថ្លៃណាស់» ដោយគូសបញ្ជាក់​ថា ឃ្លាំង​អាវុធ​របស់​ក្រុង​វ៉ាស៊ីនតោន​មាន​កំណត់។ លោកបាន​ប្រាប់​ថា ខែល Patriot គឺកម្រ ហើយការសម្រេចចិត្តណាមួយក្នុងការផ្តល់ពួកវា​ឲ្យ​ទៅ​អ៊ុយក្រែន នឹងត្រូវការការពិចារណាផ្ទៃក្នុងបន្ថែមទៀត។

សូម​ជម្រាប​ថា កិច្ចប្រជុំនៅទីក្រុងរ៉ូម​នេះ បានធ្វើឡើងចំពេល​មានការវាយលុកពីលើអាកាសដ៏ធំបំផុតរបស់រុស្ស៊ី ដែល​មាន​យន្តហោះគ្មានមនុស្សបើក និង​មីស៊ីល​ជាង ៧៤០គ្រាប់​ផ្លោង​ទៅ​​លើ​ទឹក​ដី​អ៊ុយក្រែន។ លោក ហ្សេលេនស្គី បានរំលឹកឡើងវិញនូវតម្រូវការបន្ទាន់របស់អ៊ុយក្រែន សម្រាប់ការពង្រឹងការការពារដែនអាកាស។ លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំង​ជាង​មុន​លើ​​ប្រភព​ចំណូល​ប្រេង​របស់​រុស្ស៊ី​ផង​ដែរ៕

ប្រព័ន្ធ​ការពារ​អាកាស Patriots (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម