Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ អះអាង​ថា បាញ់ទម្លាក់ដ្រូនអាមេរិក MQ-9 និង​កម្ទេចឃ្លាំង​យន្តហោះ F-35

បានផុស

នៅ

នា​​ថ្ងៃពុធ ទី​១០​ ខែ​មិថុនា ឆ្នាំ​២០២៦ នេះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានបើកការ​វាយ​ប្រហារ​យ៉ាងខ្លាំង​ក្លា ដោយ​​បាញ់ទម្លាក់ដ្រូនប្រយុទ្ធដ៏ទំនើបប្រភេទ MQ-9 របស់សហរដ្ឋអាមេរិក នៅភាគខាងត្បូងប្រទេស រួចបន្តបញ្ជូនហ្វូងមីស៊ីល និងដ្រូនធ្វើអត្តឃាតទៅវាយប្រហារលើគោលដៅយោធាអាមេរិករហូតដល់ទៅ ២១កន្លែង ទូទាំងតំបន់ ក្នុងនោះរួមមានទាំងការ​អះអាង​ថា បានបំផ្លាញឃ្លាំង​ផ្ទុក​យន្តហោះចម្បាំង F-35 នៅក្នុងប្រទេសហ្សកដានី ថែមទៀតផង។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Anadolu នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ភាគីអ៊ីរ៉ង់ បានបញ្ជាក់ថា ការបាញ់កម្ទេចដ្រូនលំដាប់កំពូល MQ-9 និងការវាយប្រហារតាមមូលដ្ឋានទ័ពអាកាស និងទ័ពជើងទឹកអាមេរិកទូទាំងតំបន់នេះ គឺជាការឆ្លើយតបយ៉ាងចាស់ដៃទៅនឹង «ការឈ្លានពានរបស់អាមេរិក»។ អ៊ីរ៉ង់បាន​បញ្ជាក់​ថា មីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន បានកម្ទេចគោលដៅធំៗចំនួន ៤ នៅឯមូលដ្ឋានទ័ពអាកាស Al-Azraq ក្នុងប្រទេសហ្សកដានី ដែលជាកន្លែងលាក់ទុកយន្តហោះចម្បាំង F-35 និងមជ្ឈមណ្ឌលបញ្ជាការដ្ឋាន។ យ៉ាង​ណាមិញ កងទ័ពហ្សកដានី បានចេញមុខទាត់ចោលភ្លាមៗ ដោយបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់មីស៊ីលចំនួន ៥គ្រាប់ ហើយអំបែងមីស៊ីលដែលធ្លាក់នោះ មិនបានបង្កឱ្យមានមនុស្សស្លាប់ ឬខូចខាតទ្រព្យសម្បត្តិអ្វីឡើយ។

ក្រៅពីការបាញ់មីស៊ីល អ៊ីរ៉ង់ក៏បានបញ្ជូនហ្វូងដ្រូនទៅវាយប្រហារលើមូលដ្ឋានទ័ព Ali Al Salem នៅក្នុងប្រទេសគុយវ៉ែត​បន្ថែមទៀត។ រលកនៃការសងសឹកយ៉ាងកំហុករបស់អ៊ីរ៉ង់នេះ កើតឡើងត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក បានបើកការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធការពារដែនអាកាស និងស្ថានីយរ៉ាដារបស់អ៊ីរ៉ង់ នៅជិតច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដើម្បីសងសឹកឱ្យការដែលអ៊ីរ៉ង់បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធ Apache របស់ខ្លួន កាលពីថ្ងៃអង្គារ។

ជាមួយគ្នានេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានព្រមានខ្លាំងៗទៅកាន់ប្រទេសជិតខាង ពិសេសបណ្តាប្រទេសនៅតំបន់ឈូងសមុទ្រពែរ្ស កុំអនុញ្ញាតឱ្យអាមេរិក និងអ៊ីស្រាអែល ប្រើប្រាស់ទឹកដី ឬមូលដ្ឋានទ័ពរបស់ខ្លួន ដើម្បីមកវាយប្រហារលើអ៊ីរ៉ង់ឱ្យសោះ បើមិនដូច្នេះទេ អ៊ីរ៉ង់នឹងប្រើសិទ្ធិការពារខ្លួនវាយកម្ទេចទីតាំងទាំងនោះភ្លាមៗ។

គួរបញ្ជាក់ថា តំបន់មជ្ឈិមបូព៌ាទាំងមូល បានធ្លាក់ក្នុងសភាពតានតឹង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ដៃគ្នាបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈមកម្ល៉េះ។ ទោះបីជាធ្លាប់មានកិច្ចព្រមព្រៀងឈប់បាញ់បណ្តោះអាសន្នកាលពីថ្ងៃទី៨ មេសាក៏ដោយ ក៏​ការចរចា ត្រូវបានជាប់គាំងទៅវិញ ដោយសារតែការមិនចុះសម្រុងគ្នាលើលក្ខខណ្ឌ​មួយ​ចំនួន​ រហូតរុញច្រានឱ្យតំបន់ទាំងមូលធ្លាក់ចូលក្នុងសង្រ្គាមសងសឹកគ្នាមិនចេះចប់មិនចេះហើយបែបនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម