ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ចេញបាតុកម្មនៅហ្វីលីពីន ជុំវិញរឿងអាស្រូវពុករលួយកម្មវិធីគ្រប់គ្រងទឹកជំនន់
ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ បានដើរដង្ហែក្នុងទីក្រុងម៉ានីល និងទីក្រុងផ្សេងទៀតកាលពីថ្ងៃអាទិត្យទី២១ខែកញ្ញាឆ្នាំ២០២៥ ដើម្បីទាមទារឲ្យមានការទទួលខុសត្រូវចំពោះអ្វីដែលពួកគេនិយាយថាជារឿងអាស្រូវពុករលួយដ៏ធំបំផុតរបស់ប្រទេសក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងគ្រោះទឹកជំនន់ក្លែងក្លាយដែលមានតម្លៃរាប់ពាន់លានដុល្លារ។

ក្រុមអ្នកតវ៉ារួមមានសិស្ស និស្សិត ក្រុមសាសនា តារាល្បីៗ និងប្រជាពលរដ្ឋមកពីគ្រប់មជ្ឈដ្ឋាននយោបាយ។ ពួកគេបានចោទប្រកាន់តំណាងរាស្រ្ត និងមន្ត្រីរដ្ឋាភិបាលថាបានកឹបកេងប្រាក់យ៉ាងច្រើនពីកិច្ចសន្យាសាងសង់ ខណៈដែលគម្រោងការពារទឹកជំនន់ដែលមានបំណងការពារសហគមន៍ត្រូវបានទុកចោលមិនទាន់បញ្ចប់។
រដ្ឋាភិបាលហ្វីលីពីន បានប៉ាន់ប្រមាណការខាតបង់យ៉ាងហោចណាស់ ១,៤៨ពាន់លានផោនក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមសកម្មជនបរិស្ថាន Greenpeace បាននិយាយថា ច្រើនជាង ១៣ពាន់លានផោនត្រូវបានលួចបង្វែរចេញពីកម្មវិធីទាក់ទងនឹងអាកាសធាតុក្នុងឆ្នាំ២០២៣តែឯង។ ការលេចធ្លាយរឿងអាស្រូវនេះ បានកើតឡើងនៅក្នុងខែកក្កដា ខណៈដែលភ្លៀងមូសុង និងខ្យល់ព្យុះបានវាយលុកប្រទេសហ្វីលីពីន។
លោក Cardinal Pablo Virgilio David ប្រធានសន្និសិទគណៈសង្ឃកាតូលិកនៃប្រទេសហ្វីលីពីន បានមានប្រសាសន៍ថា «គោលបំណងរបស់យើងគឺមិនមែនដើម្បីអស្ថិរភាពទេ ប៉ុន្តែដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យរបស់យើង» ដោយប្រជាជនហ្វីលីពីនទាមទារឲ្យមានតម្លាភាព និងយុត្តិធម៌។
ប៉ូលិសបានឲ្យដឹងថា ការតវ៉ាភាគច្រើនមានលក្ខណៈសន្តិភាព ទោះបីជាមនុស្ស ៧២នាក់ក្នុងនោះមានអនីតិជនចំនួន ២០នាក់ត្រូវបានចាប់ខ្លួនក៏ដោយ។ យ៉ាងហោចណាស់មន្ត្រី ៣៩នាក់បានរងរបួស។
មន្ត្រីក្រុងម៉ានីល បានប្រាប់ថា មនុស្សប្រហែល ៥០ ០០០នាក់បានចូលរួមការជួបជុំនាពេលព្រឹកនៅក្នុងឧទ្យានក្រុង ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតបានប្រមូលផ្តុំគ្នានៅពេលក្រោយនៅឯផ្លូវ EDSA ដែលធ្លាប់ជាកន្លែងតវ៉ាជាប្រវត្តិសាស្ត្រនៃការផ្គួលរំលំរបបផ្ដាច់ការ។
លោក Manuel Dela Cerna អាយុ ៥៨ឆ្នាំ ជាបាតុករម្នាក់ បាននិយាយថា «ពួកគេកំពុងខ្ជះខ្ជាយប្រាក់របស់ប្រជាជន ខណៈពេលដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ផ្ទះរបស់ពួកគេត្រូវបានទឹកបំផ្លិចបំផ្លាញ ខណៈដែលក្រុមមន្ត្រីជិះយន្តហោះឯកជន រស់នៅក្នុងវិមាន»។
រឿងអាស្រូវនេះ បានធ្វើឲ្យមានការធ្លាក់ចុះផ្នែកនយោបាយកាន់តែខ្លាំងនៅក្នុងប្រទេសហ្វីលីពីន។ នៅក្នុងសវនាការតាមទូរទស្សន៍របស់ព្រឹទ្ធសភា ម្ចាស់ក្រុមហ៊ុនសំណង់មួយបានចោទប្រកាន់តំណាងរាស្រ្ត និងមន្ត្រីជិត ៣០នាក់ពីបទទទួលសំណូក។ លោកប្រធានាធិបតី Ferdinand Marcos Jr. បានទទួលស្គាល់ពីបញ្ហានេះ ដោយបានហៅអំពើពុករលួយថា «គួរឲ្យរន្ធត់» និងបង្កើតស្ថាប័នឯករាជ្យមួយដើម្បីស៊ើបអង្កេត។
លោក Marcos បានជំរុញឲ្យក្រុមបាតុកររក្សាសន្តិភាព ប៉ុន្តែបាននិយាយថា លោកមិនបានបន្ទោសពួកគេ«សម្បីតែបន្តិច» ចំពោះកំហឹងរបស់ពួកគេនោះទេ។ លោកថែមទាំងនិយាយថា «ប្រសិនបើខ្ញុំមិនមែនជាប្រធានាធិបតីទេ ខ្ញុំប្រហែលជានៅតាមផ្លូវជាមួយពួកគេ។ ពិតណាស់ ពួកគេខឹង។ ពួកគេខឹង ខ្ញុំក៏ខឹង។ យើងទាំងអស់គ្នាគួរតែខឹង ព្រោះអ្វីដែលកំពុងកើតឡើងគឺមិនត្រឹមត្រូវ»។
សូមជម្រាបថា បាតុករភាគច្រើនមិនបានទាមទារឲ្យលោក Marcos លាលែងពីតំណែងនោះទេ ដោយពួកគេបានអំពាវនាវឲ្យមានការទទួលខុសត្រូវពេញលេញ និងកំណែទម្រង់យូរអង្វែង ដើម្បីទប់ស្កាត់អំពើពុករលួយនៅគ្រប់កម្រិតនៃរដ្ឋាភិបាល៕


ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


