Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីន ជួបគ្រោះរញ្ជួយដីកម្រិតធ្ងន់ ខណៈអាមេរិក ព្រមានថា រលកយក្សស៊ូណាមិ ដ៏គ្រោះថ្នាក់ អាចវាយប្រហារ ច្រើនប្រទេស

បានផុស

នៅ

គ្រោះរញ្ជួយដីកម្រិតធ្ងន់ បានវាយប្រហារកោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដោយកម្លាំងដ៏ខ្លាំងរបស់វា បានបណ្តាលឲ្យប្រទេសជាច្រើន នៅតាមបណ្តោយឆ្នេរមហាសមុទ្រ ប៉ាស៊ីហ្វិក ទាញប្រកាសអាសន្ន រលកយក្សស៊ូណាមិ ក្នុងនោះមានទាំងជប៉ុន និងឥណ្ឌូណេស៊ីផងដែរ។

(រូប៖ Philippine Institute of Volcanology and Seismology)

សហរដ្ឋអាមេរិក ក៏ព្រមានដែរថា រលកស៊ូណាមិដ៏មានគ្រោះថ្នាក់ អាចនឹងកើតមានឡើង ជាទ្រង់ទ្រាយធំក្នុងរយៈពេលបីម៉ោងខាងមុខ នៅតាមបណ្តោយឆ្នេរសមុទ្រឥណ្ឌូណេស៊ី ហ្វីលីពីន ប៉ាលូ តៃវ៉ាន់ និងប៉ាពូអាស៊ីនូវែលហ្គីណេ។

តាមការផ្សាយរបស់ CNA, ជាមួយនឹងជម្រៅ ១គីឡូម៉ែត្រ ដំបូងឡើយរញ្ជួយដីនេះ ត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវ ភូគព្ភសាស្ត្រអាល្លឺម៉ង់ (GFZ) វាស់ថា មានកម្រិតដល់ទៅ ៨.២រ៉ិចទ័រឯណោះ ប៉ុន្តែក្រោយមកត្រូវបានទីភ្នាក់ងារហ្វីលីពីន Phivolcs ទម្លាក់មកនៅត្រឹម ៧.០រ៉ិចទ័រ ខណៈ BMKG របស់ឥណ្ឌូណេស៊ី បន្ទាបមកនៅ ៧.៧ រ៉ិចទ័រ។

(រូប៖ GFZ)

ភ្លាមៗនេះ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានចេញមកប្រកាស ឲ្យពលរដ្ឋនៅតំបន់តាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសទីក្រុង General Santos ត្រូវជម្លៀសជាបន្ទាន់ ទៅកាន់កន្លែងសុវត្ថិភាព ដោយមិនអាចបង្អង់យូរបានឡើយ។

ស្របពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏ចេញសេចក្តីថ្លែងការណ៍ ជំរុញឲ្យប្រជាជន ស្តាប់តាមការណែនាំរបស់មន្ត្រីផ្នែកគ្រោះមហន្តរាយ នៅតាមមូលដ្ឋាន ហើយត្រូវជម្លៀសខ្លួន ជាបន្ទាន់ផងដែរ។

(រូប៖ Reuters)

ដ្បិតតែហ្វីលីពីន មិនទាន់បញ្ចេញរបាយការណ៍អំពីការខូចខាត និងមនុស្សរងគ្រោះ ប៉ុន្តែតាមរយៈរូបភាព និងវីដេអូដែលចែកចាយលើបណ្តាញសង្គម គេឃើញថា អគារនិងសាលារៀន បានបាក់ស្រុត ចំណែកនៅជប៉ុន ក៏មានអគារនិងផ្ទះ ដួលរលំផងដែរ។

សូមជម្រាបថា ហ្វីលីពីន និងឥណ្ឌូណេស៊ី មានទីតាំងស្ថិតនៅលើតំបន់ ដែលមានទម្រង់ផ្ទាំងតិចតូនិកដ៏ស្មុគស្មាញនៃ «ខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក» Pacific Ring of Fire ដែលជាខ្សែក្រវាត់ មានសកម្មភាពរញ្ជួយដី លាតសន្ធឹងចាប់ពីអាមេរិកខាងត្បូង រហូតដល់តំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម