ការស្វែងយល់ពីវប្បធម៌ ប្រពៃណី និងច្បាប់ទម្លាប់ផ្សេងៗនៃប្រទេសនៅជុំវិញពិភពលោក ជារឿងសំខាន់ដែលយើងគួរសិក្សាស្វែងយល់។ វាមិនត្រឹមតែផ្ដល់នូវចំណេះផ្នែកវប្បធម៌នោះទេ ប៉ុន្តេថែមទាំងបានជួយអ្នកឲ្យចៀសវាងនូវការខុសឆ្គងផ្សេងៗ ប្រសិនបើបានទៅដល់ប្រទេសទាំងនោះ។ ទីនេះ KPT Plus នឹងនាំលោកអ្នកឲ្យបានស្គាល់ប្រពៃណី និងច្បាប់ទម្លាប់មួយចំនួនរបស់ប្រទេសខាងក្រោមនេះ៖
១. ឲ្យចំណីបក្សីនៅប្រទេសសិង្ហបុរី
នៅក្នុងប្រទេសសិង្ហបុរី ការឲ្យចំណីបក្សី ការចោលសំរាម និងការទំពារស្ករកៅស៊ូចោលនៅទីសាធារណៈនឹងត្រូវសមត្ថកិច្ចផាកពិន័យ ។
២. ការងក់និងគ្រវីក្បាលនៅប្រទេសប៊ុលហ្គារីនិងអាល់បានី
វប្បធម៌ទូទៅ ងក់ក្បាលមានន័យថា យល់ស្របឬយល់ព្រម ហើយគ្រវីក្បាលមានន័យថា មិនយល់ស្របឬមិនយល់ព្រម។ ផ្ទុយទៅវិញ នៅប្រទេសប៊ុលហ្គារីនិងអាល់បានី ងក់ក្បាលមានន័យថា មិនយល់ស្រប ហើយគ្រវីក្បាលមានន័យថា យល់ស្រប។
៣. ធ្វើដៃជាសញ្ញា Ok នៅប្រទេសតួកគី
ប្រទេសតួកគី ក៏ដូចប្រទេសអាល្លឺម៉ង់និងប្រេស៊ីលដែរ ការធ្វើដៃសញ្ញា Ok គឺមានន័យស្មើនឹងសញ្ញាដៃម្រាមកណ្ដាល។
៤. ដើរលើផ្លូវកង់នៅប្រទេសហូឡង់
ការជិះកង់គឺជាមធ្យោបាយធ្វើដំណើរចម្បងនៅក្នុងប្រទេសហូឡង់ ហើយជាធម្មតាផ្លូវនោះតែងមានអ្នកជិះកង់និងមនុស្សកកកុញ។ ជាការល្អ មិនគួរដើរលើផ្លូវរបស់កង់ទេ!
៥. ចេញពីជួរនៅប្រទេសអូស្ត្រាលី
នៅអូស្រ្តាលី និងអង់គ្លេសមានវិន័យដូចគ្នា មិនថានៅកន្លែងធ្វើដំណើរ ហាងទំនិញ ឬហាងផ្សេងៗ អ្នកចាំបាច់ត្រូវតម្រង់ជួរ បើពុំនោះទេបុគ្គលិកនឹងមិនបម្រើសេវាកម្មឬលក់ទំនិញឲ្យឡើយ។
៦. ថតរូបដោយគ្មានការអនុញ្ញាតនៅអារ៉ាប់រួម
ការថតរូបនិងបង្ហោះរូបភាពលើបណ្តាញសង្គមនៅអារ៉ាប់រួមដោយគ្មានការអនុញ្ញាតនឹងត្រូវជាប់គុក៦ខែ ហើយត្រូវផាកពិន័យជាប្រាក់ជាង ១៣ ម៉ឺនដុល្លារ។
៧. ប៉ះមនុស្សផ្ទុយភេទនៅប្រទេសឥណ្ឌា
ការប៉ះគ្នាជាមួយមនុស្សផ្ទុយភេទជារឿងចម្លែកបំផុតនិងពុំសូវមានសុជីវធម៌ទេនៅប្រទេសឥណ្ឌា។
៨. ការលើកបង្ហាញបាតដៃរាក់ទាក់នរណាម្នាក់នៅប្រទេសក្រិក
ការលើកបង្ហាញបាតដៃរាក់ទាក់នរណាម្នាក់គឺមានន័យថា អ្នកបដិសេធគេ នៅប្រទេសក្រិក។
៩. ចែកគ្នាចេញលុយនៅប្រទេសបារាំង
ការចែកគ្នាចេញលុយត្រូវបានគេចាត់ទុកថា ជារឿងគ្មានសុជីវធម៌នៅក្នុងប្រទេសបារាំង ពីព្រោះពួកគេមិនចូលចិត្តនិយាយរឿងលុយទេ។
១០. ឲ្យលុយធីបនៅប្រទេសជប៉ុន
ការឲ្យលុយធីបទៅបុគ្គលិកត្រូវបានគេចាត់ទុកថា ជារឿងមិនគួរសម នៅក្នុងប្រទេសជប៉ុន ព្រោះថាគេបានគិតថ្លៃសេវានៅក្នុងវិក័យប័ត្ររួចរាល់អស់ហើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចង់ទៅប្រទេសជប៉ុន គួរដឹង ១០ ចំណុចនេះជាមុនសិន
ចុចអាន៖ ព្រឺសម្បុរ មកឃើញកំពូលផ្នូរដ៏ថ្លៃរាប់ពាន់លានដុល្លារ