ព័ត៌មានជាតិ
រដ្ឋមន្រ្តីសុខាភិបាល បន្លំជាពលរដ្ឋសាមញ្ញចុះតាមមណ្ឌលសុខភាព ដើម្បីធ្វើតេស្តការផ្តល់សេវាសាធារណៈ
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា កាលពីថ្ងៃទី ២៩ខែតុលា ឆ្នាំ២០២៥ ដែលជាថ្ងៃឈប់សម្រាកបុណ្យជាតិ បានក្លែងបន្លំជាប្រជាពលរដ្ឋសាមញ្ញអញ្ជើញចុះពិនិត្យការផ្តល់សេវានៅមណ្ឌលសុខភាពវិហារសួគ៌ ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយពុំជូនដំណឹងជាមុន ដើម្បីកែលម្អការផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមជនបទកាន់តែប្រសើរ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ការចុះពិនិត្យនេះគឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់នៃក្រសួងសុខាភិបាលក្នុងការពង្រឹងអភិបាលកិច្ច លើទីលានអនុវត្ត ការស្តាប់ពីក្រុមការងារមូលដ្ឋាន ការគាំទ្រចំពោះបុគ្គលិកសុខាភិបាលក្នុងសហគមន៍ និងធានាថាប្រជាពលរដ្ឋគ្រប់រូប ទោះនៅទីណាក៏ដោយ ទទួលបានសេវាសុខាភិបាលសមរម្យ និងប្រសើរឡើងព្រមទាំងរស់នៅដោយសុខដុម។ លោកបន្តទៀតថាការកែលម្អគុណភាពសេវាសុខាភិបាលត្រូវការភាពហ្មត់ចត់ សេចក្តីថ្លៃថ្នូរ និងការគោរពតាមស្តង់ដារបច្ចេកទេស និងអនាម័យ។ មណ្ឌលសុខភាពនីមួយៗត្រូវក្លាយជាគំរូនៃការជឿទុកចិត្តសម្រាប់ប្រជាពលរដ្ឋ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានធ្វើការវាយតម្លៃថាបន្ទាប់ពីមានការចុះពិនិត្យជាក់ស្តែងនៅមណ្ឌលសុខភាពវិហារសួគ៌ឃើញថា អ្នកជំងឺទទួលបានការពេញចិត្ត ដោយមានស្មារតីសហការល្អ និងអាកប្បកិរិយារួសរាយរាក់ទាក់ល្អហើយការត្រួតពិនិត្យ និងព្យាបាលជំងឺបានអនុវត្តទាន់ពេលវេលា បង្ហាញពីការខិតខំរបស់បុគ្គលិកសុខាភិបាល។ចំណែកការទុកដាក់ថ្នាំសង្កូវ និងសម្ភារៈពេទ្យមានកម្រិតមធ្យម ត្រូវបន្តរៀបចំ និងតាមដានឱ្យបានប្រសើរជាងមុន។ រីឯភាពស្អាត និងអនាម័យវិញត្រូវបន្តការកែលម្អឱ្យបានប្រសើរឡើងផងដែរ។

បន្ទាប់ពីទទួលបានកែណែនាំ ក្រុមការងារនៃមណ្ឌលសុខភាពវិហារសួគ៌ទាំងអស់បានទទួលយកការកែលម្អ និងប្តេជ្ញាចិត្តពង្រឹងការខិតខំប្រឹងប្រែង ដើម្បីធានាបាននូវបរិស្ថានផាសុខភាព អនាម័យ សុវត្ថិភាព ក្នុងការបម្រើសេវាសុខាភិបាលដែលមានគុណភាពជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយក្នុងមូលដ្ឋាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៨ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


