Connect with us

ព័ត៌មានជាតិ

បិទសិក្ខាសាលាថ្នាក់តំបន់ស្ដីពីសកម្មភាពមីនក្នុងតំបន់មេគង្គ-ឡានឆាង ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាដោះស្រាយបញ្ហាមីន

បានផុស

នៅ

អង្គ​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្ដីពី​សកម្មភាព​មីន​ក្នុង​តំបន់​មេគង្គ-ឡាន​ឆាង ប្រព្រឹត្តទៅ​អស់​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​ទី ២៧ ដល់​ថ្ងៃ​ទី ២៩ ខែ​តុលា ឆ្នាំ ២០២៥ នៅ​សណ្ឋាគារ​អង្គរ​ភែ​លេស​រី​ហ្សត និង ស្ប៉ា ខេត្ត​សៀមរាប ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​ឆ្ពោះ​ទៅ​សម្រេច​បាន​តំបន់​មេគង្គ​-​ឡាន​ឆាង ដែល​មិន​មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ត្រូវ​បាន​បិទ​កាលពី​រសៀល​ម្សិលមិញ ក្រោម​អធិបតីភាព លោក លី បញ្ញា​រិ​ទ្ធិ៍ អគ្គលេខាធិការ​អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់​ខ្ពស់​របស់ លោក​បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធាន​ទី ១ អាជ្ញាធរ​មីន និង​វត្តមាន​របស់​លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អង្គ​សិក្ខា​សាលា​នេះ គឺជា​ផ្នែក​មួយ នៃ​គម្រោង «កិច្ច​សហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ក្នុង​សកម្មភាព​មីន​» ដែល​គាំទ្រ​ដោយ​មូលនិធិ​ពិសេស​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​គោល​បំណង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់ និង​ការ​ចែករំលែក​ចំណេះដឹង និង​ជំនាញ ក្នុង​វិស័យ​សកម្មភាព​មីន រវាង​ប្រទេស​នានា​នៅ​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង។

សិក្ខាសាលា​នេះ​មាន​ការ​ចូលរួម​ពី​អ្នក​ជំនាញ​មកពី​អង្គការ​អន្តរជាតិ និង​តំណាង​ស្ថាប័ន​ជាតិ ដែល​បម្រើ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​សកម្មភាព​មីន​របស់​ប្រទេស​ក្នុង​តំបន់​មេគង្គ​-​ឡាន​ឆាង រួមមាន ចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម និង​កម្ពុជា។

លោក លី បញ្ញា​រិទ្ធិ៍ លើក​ឡើង​ថា សិក្ខាសាលា​បាន​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ ដោយ​គណៈប្រតិភូ​ចាប់ផ្ដើម​ការ​អញ្ជើញ​ទៅ​ទស្សនកិច្ច​សារមន្ទីរ​តេ​ជោ​សន្តិភាព ដែល​ជា​ផ្នែក​ប្រវត្តិសាស្ត្រ និង​ផ្នែក​មនុស្សធម៌ នៃ​សកម្មភាព​មីន​នៅ​កម្ពុជា។ ការ​ទស្សនកិច្ច​ទៅកាន់​សារមន្ទីរ​សន្តិភាព​តេ​ជោ បាន​រំលឹក​ឲ្យ​ចងចាំ​អំពី​ដំណើរ​ដ៏​វែងឆ្ងាយ និង​ឈឺ​ចាប់​ពី​សង្គ្រាម​ទៅ​សន្តិភាព ជា​ដំណើរ​មួយ​ដែល​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​បាន​ចែករំលែក​គ្នា។ ការ​ទស្សនា​ប្រាសាទអង្គរវត្ត​នៅ​ពេល​រសៀល បាន​ផ្តល់​ឲ្យ​គណៈប្រតិភូ​បាន​ឃើញ​អរិយធម៌​បុរាណ​របស់​កម្ពុជា ដែល​ជា​ភស្តុតាង​រស់រាន​ថា សន្តិភាព និង​វប្បធម៌ អាច​រស់​រួមគ្នា និង​រីកចម្រើន​ទៅ​ជាមួយគ្នា​បាន។

លោក​បាន​បន្ត​ថា សិក្ខាសាលា​បាន​ដំណើរការ​ពិភាក្សា ដោយ​មាន​ការ​ផ្លាស់ប្ដូរ​បច្ចេកទេស និង​ការ​ចែករំលែក​ចំណេះដឹង​ដែល​ផ្ដោត​លើ​ប្រធានបទ​គ្របដណ្ដប់​លើ​វិស័យ​សកម្មភាព​មីន​យ៉ាង​ទូលំ​ទូលាយ រួមមាន ការ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ដោយសារ​មីន ការ​អប់រំ​អំពី​គ្រោះថ្នាក់​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ ការ​បោសសម្អាត​មីន ការ​គ្រប់គ្រង​ព័ត៌មាន និង​បញ្ហា​បរិស្ថាន​ក្នុង​សកម្មភាព​មីន។

លោក​ក៏បាន​បង្ហាញ​នូវ​ការ​អរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​ផ្តល់​ជំនួយ​ថវិកា​ក្នុង​ការ​រៀបចំ​សន្និសីទ​នេះ នៅ​ក្រោម​ក្របខណ្ឌ នៃ​កិច្ច​សហ​ប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ និង​អរគុណ​ចំពោះ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ជួយ​សម្របសម្រួល​ការងារ​សម្រាប់​ព្រឹត្តិការណ៍​នេះ​ផង​ដែរ៕

អត្ថបទ ៖ គឿន វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម