ព័ត៌មានជាតិ
ពិធីដាក់ដំណើរការនាវាអប់រំ PLP action Lab និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅតំបន់ទន្លេសាប
កាលពីរសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៥ ថ្មីៗ នេះ អង្គការ Aide et action បានរៀបចំពិធីដាក់ឱ្យដំណើរការនាវាអប់រំ បំពាក់បន្ទប់កុំព្យូទ័រ ឬ PLP action Lab និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីជួយឧបត្ថម្ភដល់សិស្សានុសិស្សដែលកំពុងខ្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន និងផ្ដល់ជូននូវកុំព្យូទ័រសម្រាប់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សសិក្សានៅសាលាបឋមសិក្សាកំពង់ប្រហុក។
លោក វូន សម្ផស្ស បានឱ្យដឹងថា នាវាអប់រំនេះ គឺជាការប្រសិទ្ធិនាមឱ្យទូក ពីព្រោះថា មធ្យោបាយធ្វើដំណើរនៅស្រុកទន្លេនេះ សំខាន់បំផុត គឺ ទូក។ សម្រាប់ការផ្ដល់ជូននាវាអប់រំ ឬទូកនេះ ផងដែរ ដើម្បីឱ្យសិស្សានុសិស្សធ្វើដំណើរទៅរៀនបានទៀងទាត់រៀងរាល់ថ្ងៃ ជាពិសេសកុមារដែលមានឪពុកម្ដាយជាអ្នកនេសាទ។

លោកបានបញ្ជាក់ថា នេះគឺជាស្ពានចម្លងដ៏សំខាន់បំផុតសម្រាប់កុមារនៅសហគមន៍ទន្លេសាបនេះ ដើម្បីទទួលបានការអប់រំគ្រប់ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាព។ ក្រៅពីទូក ឬនាវាអប់រំ អង្គការ អេដ អេ អាកស្យុង ក៏បានបំពាក់នូវបន្ទប់កុំព្យូទ័រផងដែរ សម្រាប់ឱ្យគ្រូ និងសិស្ស អាចរៀន និងប្រើប្រាស់នូវមាតិកាអប់រំជាច្រើន។

លោក តាត ចាន់រិទ្ធ នាយកសាលានៅសាលាបឋមសិក្សាកំពង់ប្រហុក បានឲ្យដឹងដែរថា នាវាអប់រំ និង PLP action Lab ពិតជាមានប្រយោជន៍ច្រើនដល់កុមារ ដែលអាចឱ្យកុមារសិក្សាពីមេរៀនជាច្រើនតាមប្រព័ន្ធអនឡាញ និងធ្វើឱ្យកាត់បន្ថយការអាក់ខាន នៃការមករៀនរបស់កុមារដោយការគ្មានមធ្យោបាយធ្វើដំណើរមកសាលារៀន។

លោកបានបន្ថែមថា មិនត្រឹមតែមានប្រយោជន៍សម្រាប់កុមារប៉ុណ្ណោះទេ នាវាអប់រំនេះ ក៏អាចជួយសម្រាលបន្ទុកក្នុងគ្រួសារផងដែរ ព្រោះថាក្នុងគ្រួសារនីមួយៗ មានទូកតែមួយប៉ុណ្ណោះសម្រាប់ប្រកបរបរនេសាទ ហើយត្រូវបែងចែកពេលវេលាជូនកូនមកសាលារៀន។ ពេលខ្លះ អាណាព្យាបាលរបស់សិស្សមកពីនេសាទវិញហួសម៉ោងជូនកូនទៅសាលារៀន ទើបធ្វើឱ្យកុមារមិនបានទៅរៀនទៀងទាត់ ហើយអាចឈានដល់ការបោះបង់ការសិក្សាទៀតផង។

រីឯអាណាព្យាបាលរបស់កុមារវិញ ក៏មានសេចក្ដីសោមនស្សរីករាយចំពោះការផ្ដល់ជូននាវាអប់រំរបស់អង្គការ ពីព្រោះនាវាអប់រំនេះ ជួយកាត់បន្ថយចំណាយក្នុងគ្រួសារបានច្រើន ដោយមិនចាំបាច់ខាតពេលវេលាជូនកូនទៅសាលារៀន ហើយមានពេលក្នុងការទៅប្រកបរបរនេសាទ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែម។ នេះបើតាមលោក ម៉ៃ ឡូ ដែលជាអាណាព្យាបាលរបស់សិស្សនៅក្នុងភូមិកំពង់ប្រហុក។

លោក ឡូ បានបន្តដោយសេចក្ដីសប្បាយចិត្តថា លោក នឹងបន្តជំរុញកូនឱ្យទៅរៀនបានដិតដល់ ដើម្បីឱ្យកូនមានចំណេះតទៅមុខ និងមានអនាគតភ្លឺស្វាង ពីព្រោះបើគ្មានចំណេះទេ នឹងក្រមួយជីវិត។
ការផ្ដល់ជូននាវាអប់រំ និងបន្ទប់កុំព្យូទ័រ ឬ PLP action Lab របស់អង្គការ អេដ អេ អាកស្យុង នេះឃើញថា កុមារនៅទីនោះសប្បាយចិត្តខ្លាំង ពីព្រោះថាបានមធ្យោបាយធ្វើដំណើរទៅរៀនដើម្បីបង្កើនចំណេះ និងពិសេសនោះបានរៀនកុំព្យូទ័របន្ថែម។

កុមារា រ៉ុង រដ្ឋា បានប្រាប់ថា កុមារាមានអារម្មណ៍ថាសប្បាយចិត្តនៅពេលសាលាមានបន្ទប់កុំព្យូទ័រសម្រាប់ឱ្យសិក្សា និងជាពិសេសនៅពេលទទួលបានទូកពីអង្គការ ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅរៀន។
កុមារី វី សុភី ក៏បានបន្ថែមថា កុមារពិតជារំភើបណាស់ចំពោះការផ្ដល់នាវាអប់រំនេះ ពីព្រោះបានជូនប្អូនទៅរៀនផង និងទៅរៀនខ្លួនឯងផង។
កុមារីមួយរូបនេះ បន្តថា កាលពីមិនទាន់បានទទួលនាវាអប់រំនេះ កុមារីទៅសាលាដោយការជិះទូកជាមួយអ្នកក្នុងភូមិរបស់ខ្លួន។
ចំពោះគោលបំណងថ្ងៃអនាគតរបស់កុមារទាំងពីរនេះ គឺខិតខំប្រឹងប្រែងរៀនសូត្រ ហើយធ្វើជាគ្រូបង្រៀនដើម្បីបង្រៀនក្មេងៗ ជំនាន់ក្រោយនៅឃុំកោះជីវាំង ខេត្តបាត់ដំបងនេះ ឱ្យមានចំណេះដឹង និងអនាគតភ្លឺស្វាងទៅថ្ងៃខាងមុខ៕
អត្ថបទ ៖ គឿន វេត


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២០ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


