Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ លើកទឹកចិត្តឲ្យចងសម្ព័ន្ធភាពជាមួយខេត្តប៉ះពាល់ពីជម្លោះព្រំដែនជួយស្តារហេដ្ឋារចនាសម្ព័ន្ធរងខ្ទេចខ្ទាំពីសង្គ្រាម

បានផុស

នៅ

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវវិធានការលើកទឹកចិត្តឱ្យមន្ទីរអប់រំយុវជន និងកីឡា រាជធានី ខេត្ត ចងសម្ព័ន្ធភាពជាមួយនឹងខេត្តដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន ដើម្បីផ្តល់ការគាំទ្រ និងស្តារហេដ្ឋារចនាសម្ព័ន្ធអប់រំ ដែលបានរងខ្ទេចខ្ទាំពីសង្គ្រាម ក៏ដូចជាការអភិវឌ្ឍសាលារៀន នៅតាមជាយដែនឱ្យមានភាពគត់មត់នៅក្នុងរយៈពេលខ្លីខាងមុខ និងក្នុងរយៈពេលវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ជានិមិត្តរូប នៅវិទ្យាល័យ ហ៊ុន សែន ចុងកាល់ ខេត្តឧត្តរមានជ័យ លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ក្រៅពីនេះក្រសួងអប់រំក៏បាននិងកំពុងខិតខំកៀរគរ និងផ្តល់សម្ភារៈចាំបាច់មួយចំនួនសម្រាប់ការសម្រួលដំណើរការរៀនសូត្រដល់សាលារៀនដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែននេះផងដែរ​ ខណៈឆ្នាំនេះមានសាលារៀនដែលនៅមិនទាន់អាចបើកបានចំនួន៤ ក្នុងនោះ១សាលានៅខេត្តបន្ទាយមានជ័យ ២សាលានៅខេត្តឧត្តរមានជ័យ និង២សាលាទៀតនៅខេត្តព្រះវិហារ ដោយសារសាលារៀននៅមានគ្រាប់មិនទាន់ផ្ទុះដែលមិនទាន់បានរំដោះចេញ។

លោក ឧបនាយករដ្ឋមន្ត្រី បានបន្តទៀតថា ដើម្បីដោះស្រាយបញ្ហានេះ ក្រសួង មន្ទីរ និងអង្គភាពពាក់ព័ន្ធបាននិងកំពុងរៀបចំឱ្យមានការបង្រៀននៅតាមផ្ទះ, ការរៀនបណ្តោះអាសន្ននៅតាមសាលារៀននៅជិតបំផុត, ការបែងចែកវេនសិក្សាព្រឹក និងរសៀល, និងការបង្រៀននៅក្នុងជំរំ។

លើសពីនេះទៀត ក្រសួងអប់រំបាននាំយកនូវអំណោយជាសម្ភារៈសិក្សា សៀវភៅសិក្សាគោល និងសៀវភៅអំណានផ្សេងៗ ជូនដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលារៀននៅតាមបណ្តោយព្រំដែន ជាពិសេសសាលារៀនដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីប្រទេសជិតខាង ដោយក្នុងនោះមានការប្រគល់ជូនបន្ទប់សិក្សាឌីជីថលផងដែរ។

លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ការចូលរួមរបស់សប្បុរសជននានា ក្នុងការគាំទ្រដែលបានផ្តល់នូវគ្រឿងឧបភោគបរិភោគ សម្ភារៈកីឡា ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗមួយចំនួនទៅដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែនកន្លងមកនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម