Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ​ប្រកាស​ជ្រើសរើស​ក្រុមកុមារី​ចូលរួម​កម្មវិធី​ប្រកួត​ប្រជែងថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីអប់រំបង្កើតហ្គេម

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការជាមួយអង្គការយូនីសេហ្វ នឹងរៀបចំការ​ប្រកួត​ប្រជែងថ្នាក់ជាតិលើក​ទី២ ឆ្នាំ២០២៥ “កម្មវិធីអប់រំបង្កើតហ្គេម” ដើម្បីចូលរួមគាំទ្រការអប់រំ​បែបឌីជីថលនៅកម្ពុជា និងពង្រីកវិសាលភាពនៃការចូលរួមរបស់កុមារី ឱ្យចាប់យកការសិក្សា​លើការអប់រំស្លែម បច្ចេកវិទ្យានិងសហគ្រិនភាព ជំរុញលើកទឹកចិត្តកុមារី​ឱ្យក្លាយជាអ្នក​អភិវឌ្ឍហ្គេមជាដំណោះស្រាយបញ្ហាក្នុងសហគមន៍ ប្រែក្លាយពីអ្នកលេង ហ្គេមទៅជាអ្នកបង្កើតថ្មីប្រកប​ដោយ​ភាពច្នៃប្រឌិត លើកកម្ពស់ការសិក្សាបែបសកម្មដែលជាតម្រូវការចាំបាច់ សម្រាប់ការបរិវត្តកម្មអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“កម្មវិធីអប់រំបង្កើតហ្គេម” គឺជាកម្មវិធីអប់រំនវានុវត្តន៍បច្ចេកវិទ្យា​បានអនុវត្តសាកល្បង​កាលពីឆ្នាំ២០២៣ នៅតាមបណ្តាប្រទេសចំនួន០៨រួមមាន៖ ប្រទេសអាមេនី ប្រទេសប្រេស៊ីល ប្រទេសកម្ពុជា ប្រទេសឥណ្ឌា ប្រទេសកាហ្សាក់ស្ថាន ប្រទេសម៉ារ៉ុក ប្រទេសម៉ាឡេស៊ី និងប្រទេស​អាហ្វ្រិកខាងត្បូង ដែលមានអ្នកចូលរួមជាង ១៥៤ ០០០ នាក់ជុំវិញពិភពលោក។

កម្មវិធីនេះបានផ្តល់ផលវិជ្ជមានច្រើនដល់សិស្សានុសិស្ស​តាមរយៈការ​សិក្សា​ផ្អែកលើគម្រោង ផ្តល់ឱ្យសិស្សបង្កើននូវបំណិនសំខាន់ចាំបាច់ក្នុង ការបង្កើតថ្មី ការត្រិះរិះ​ពិចារណា ការស្វែងរកឬសគល់នៃបញ្ហា និងដំណោះស្រាយ ការសិក្សាបែបសកម្ម ដែលជាតម្រូវ​ការ​ចាំបាច់សម្រាប់បរិបទថ្មីនៃការអប់រំ ជាពិសេសលុបបំបាត់គម្លាតយេនឌ័រ ដោយបានលើក​កម្ពស់​ការចូល រួមរបស់សិស្សស្រីលើការអប់រំស្លែម បច្ចេកវិទ្យា និងសហគ្រិនភាពផងដែរ។

ក្រសួងអប់រំ យុវជន និង​កីឡាបានប្រកាសជ្រើសរើសក្រុមកុមារីចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ ឆ្នាំ២០២៥ កម្មវិធីអប់រំបង្កើតហ្គេម ​ដើម្បីចូលរួមគាំទ្រការអប់រំបែបឌីជីថលនៅកម្ពុជា។

​ចំពោះលក្ខខណ្ឌនៃការចូលរួមសិស្សស្រីដែលមានអាយុចាប់ពី ១០ឆ្នាំ ដល់ ១៨ឆ្នាំ​ ត្រូវបង្កើត​ជាក្រុម​ដែល​មានសមាជិកចាប់ពី ០២នាក់ ទៅ ០៥នាក់ជាសិស្សា​នុសិស្សដែលកំពុងរៀន​នៅតាមគ្រឹះ​ស្ថាន​សិក្សាសាធារណៈ ឬឯកជនមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងការ​សិក្សា​ស្រាវជ្រាវមានការគាំទ្រពីគណៈគ្រប់គ្រងសាលារៀន មាតាបិតា ឬអ្នកអាណាព្យាបាល ឱ្យចូលរួមកម្មវិធីប្រកួត។

​សិស្សដែលចូលរួមប្រកួតនឹងទទួលបាននូវ​អត្ថប្រយោជន៍ដូចជា ​អភិវឌ្ឍជំនាញបច្ចេកវិទ្យា ការ​អប់រំ​សរសេរកូដ ភាពច្នៃប្រឌិត ការរចនា និងសហគ្រិនភាព​ពិសេសផ្តល់ជំនាញដល់កុមារីកម្ពុជា​ដើម្បី​ត្រៀមខ្លួនក្នុងការដោះស្រាយបញ្ហាជុំវិញការអភិវឌ្ឍសហគមន៍ដោយប្រើប្រាស់បច្ចេកវិទ្យាឌីថលជាដំណោះស្រាយ។ បង្ហាញសក្តានុពលនៃភាពជោគជ័យរបស់កុមារីនិងក្មេងស្រី លើការអបរំបច្ចេកវិទ្យា និងសហគ្រិនភាពចេះធ្វើការងារជាក្រុម និងអភិវឌ្ឍបំណិនសតវត្សទី២១។

ក្រុមជាប់វគ្គផ្តាច់ព្រ័ត្រនឹង​ប្រកាសលើទំព័រហ្វេសប៊ុក​ផ្លូវការរបស់​ក្រសួង​អប់រំ នឹងត្រូវបានអញ្ជើញឲ្យចូលរួមការប្រកួតប្រជែងថ្នាក់ជាតិនៅរាជធានីភ្នំពេញ។

បើតាមក្រសួងអប់រំ ដំណើរការចូលរួមកម្មវិធីសិស្សា​នុសិស្ស​អាចធ្វើការស្វ័យសិក្សា​អំពីកម្មវិធីអប់រំ​បង្កើតហ្គេម (វីដេអូមេរៀន) នៅសាលាឌីជីថល របស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈតំណ៖​https:/link.moeys.gov.kh/​gcclearningkh ជាភាសា ខ្មែរ និងអាចសិក្សាជាភាសាអង់គ្លេស​បាននៅ​លើគេហទំព័រ Agora របស់អង្គការយូនីសេហ្វ តាមរយៈតំណ៖ https://link.moeys.gov.kh/gcconlinecourse។

ក្រសួងអប់រំបានណែនាំដល់សិស្សានុសិស្សដែលមានបំណងចង់ចូលរួមកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ “កម្មវិធីអប់រំបង្កើតហ្គេម” សូម ដាក់ពាក្យស្នើសុំតាមរយៈតំណ៖ https://link.moeys.gov.kh/GameJam25 ឬតាម QR Code ខាងក្រោម ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៥៖០០ល្ងាច៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម