ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ជំរុញគ្រូបង្រៀនបន្តបេសកកម្មអប់រំប្រកបដោយគុណភាពកសាងធនធានមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញទឹកចិត្តគ្រូបង្រៀនទាំងអស់ឱ្យបន្តបេសកកម្មផ្តល់នូវការអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន ក្នុងបុព្វហេតុកសាងធនធានមនុស្សរឹងមាំសម្រាប់ប្រទេសជាតិ។

ថ្លែងក្នុងពិធីបើកសន្និសីទគ្រូបង្រៀនថ្នាក់ជាតិឆ្នាំ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ៖ ការស្រាវជ្រាវ គោលនយោបាយ និងការអនុវត្តសម្រាប់ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌” នៅព្រឹកថ្ងៃទី១៧វិច្ឆិកានេះ លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀនគឺដើម្បីឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជាផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាទំនើប និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការអភិវឌ្ឍគ្រូបង្រៀន ត្រូវការនូវគោលនយោបាយអប់រំគ្រូបង្រៀនដែលគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃតម្រូវការអប់រំជាតិ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការលើកកម្ពស់ឋានៈរបស់គ្រូបង្រៀននៅក្នុងសង្គម។ ហេតុដូចនេះហើយ ទើបគោលនយោបាយស្តីពី គ្រូបង្រៀន ត្រូវបានអភិវឌ្ឍ និងកែលម្អជាបន្តបន្ទាប់ដើម្បីទាក់ទាញ និងលើកទឹកចិត្តអ្នកមានសមត្ថភាពឱ្យប្រកបវិជ្ជាជីវៈជាគ្រូបង្រៀន ធានាការបណ្តុះបណ្តាលមុនពេលបម្រើការងារជាគ្រូបង្រៀន ធានាការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនក្នុងពេលបម្រើការងារជាប់ជាប្រចាំ និងធានាលក្ខខណ្ឌចាំបាច់ចំពោះគ្រូបង្រៀនក្នុងការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

គួរបញ្ជាក់ថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ឧត្តមានុវត្តន៍ តាមរយៈការចែករំលែក និងពិភាក្សាអំពីឧត្តមានុវត្តន៍នៃយុទ្ធសាស្រ្ត និងវិធីសាស្រ្តបង្រៀន ដែលមានប្រសិទ្ធភាពក្នុងការលើកកម្ពស់ការសិក្សារបស់សិស្ស ។ ផ្សារភ្ជាប់ ការស្រាវជ្រាវទៅនឹងការអនុវត្ត ដោយមានការធ្វើបទបង្ហាញអំពីការសិក្សាថ្មីៗ និងផលជះ ជាក់ស្តែង។ ការអប់រំឌីជីថល រួមមានបង្ហាញការរួមបញ្ចូលឧបករណ៍ និងធនធានឌីជីថល ទៅក្នុងការបង្រៀននិងរៀន ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់លទ្ធផលសិក្សាសិស្ស។ គំនិតផ្តួចផ្តើមសហការរួមគ្នា តាមរយៈការផ្តល់នូវវេទិកាសម្រាប់ការចែករំលែកលទ្ធផលស្រាវជ្រាវរួមគ្នា ដំណើរការរៀបចំគោលនយោបាយ ទស្សនៈវិស័យសាលារៀន និងការបង្រៀនក្នុងការកែទម្រង់សាលារៀន និងស្ថានភាពនិងវិជ្ជាជីវៈគ្រូបង្រៀន តាមរយៈការ ស្វែងរកយុទ្ធសាស្ត្រកែលម្អ គុណវុឌ្ឍិគ្រូបង្រៀន ការគាំទ្រជាប្រព័ន្ធ ការពង្រាយគ្រូបង្រៀន និងលក្ខខណ្ឌការងាររបស់គ្រូបង្រៀនខណៈបច្ចុប្បន្ន វិទ្យាស្ថានគរុកោសល្យ និងសាលារៀនជំនាន់ថ្មី បានចាប់ផ្តើមធ្វើសមាហរណកម្មបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្រៀនដោយមើលឃើញថា នវានុវត្តន៍ និងការធ្វើសមាហរណកម្មពិតជាផ្តល់នូវភាពងាយស្រួលដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ ក៏ដូចជាការងាររដ្ឋបាលសិក្សា និងរង្វាយតម្លៃការសិក្សាជាដើម៕
អត្ថបទ៖ សំអឿន


-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៧ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១០ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


