Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បញ្ចប់គម្រោងជួសជុលតួប៉មលេខ ១៣ នៃប្រាសាទឥដ្ឋ លើភ្នំបាខែង ក្នុងដំណាក់កាលទី ១

បានផុស

នៅ

ក្រុមការងារ​បច្ចេកទេស​របស់​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចំណាយ​ពេល ៧ ខែ ដើម្បី​ជួសជុល​ពង្រឹង​តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​លេខ ១៣ ឬ G13 នៅ​លើ​ភ្នំ​បាខែង ឱ្យ​រឹងមាំ​ឡើងវិញ ហើយ​បាន​បញ្ចប់​ការ​ជួសជុល​នេះ​ក្នុង​ដំណាក់កាល​ទី ១ នៅ​ខែ​វិច្ឆិកា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឈុន រតនា មន្ត្រី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ និង​បុរាណវិទ្យា នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឱ្យ​ដឹង​ថា គម្រោង​ជួសជុល​តួ​ប៉ម​ប្រាសាទ​ឥដ្ឋ​លេខ ១៣ ដំណាក់កាល​ទី ១ បាន​ចាប់ផ្ដើម​តាំងពី​ខែ​ឧសភា ដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ។ ការ​ជួសជុល​ដំណាក់កាល​ទី ១ នេះ ក្រុមការងារ​បាន​ជួស​ជុល​តួ​ប៉ម​ទី ១៣ ចាប់​តាំងតែ​ពី​ខឿន ជើង​ជញ្ជាំង រហូតដល់​ផ្តែរ​ខាងលើ សរុប​កម្ពស់​ប្រវែង ៥ ម៉ែត្រ ដែល​រង​ការ​ពុក​ផុយ ខូចខាត​ដោយសារ​កត្តា​អាយុកាល សម្ភារៈ​សំណង់​ពុក​ផុយ​ដោយសារ​ធម្មជាតិ និង​កង្វះ​ការ​ថែទាំ​យូរអង្វែង។

អ្នកស្រី ឈុន រតនា បញ្ជាក់​ទៀត​ថា ការងារ​ជួសជុល​នេះ ក្រុមការងារ​បាន​រក​ឃើញ​ថ្ម​ភក់​របស់​ខឿន​តួ​ប៉ម​លេខ ១៣ ទិស​ខាង​ខាងលិច​ចំនួន​ប្រមាណ​ជិត ១០០ ដុំ ហើយ​បាន​យក​ទៅ​រៀប​នៅ​តាម​ទីតាំង​ដើម​ធ្វើ​ឱ្យ​ខឿន​នេះ​មាន​ភាព​រឹង​ ដើម្បី​ទប់​លំនឹង​ប្រាសាទ​នេះ​ឡើងវិញ ដែល​អាច​រក្សា​បាន​នូវ​ទម្រង់​ដើម​ នៃ​រចនាសម្ព័ន្ធ ​នៃ​ខឿន​នេះ​បាន​មួយ​ផ្នែក ដោយ​មុន​ជួសជុល​នៅ​សេសសល់​ស្លាកស្នាម​មាន​ថ្ម​ខឿន​ចំនួន ១១ ដុំ តែប៉ុណ្ណោះ។

ក្រោយពី​ជួសជុល​រួចរាល់ អ្នក​ជំនាញ​សង្កេត​ឃើញ​ថា តួ​ប៉ម​របស់​ប្រាសាទ​ឥដ្ឋ​លេខ ១៣ នៅ​លើ​ខ្នងភ្នំ​បាខែង ដែល​ធ្លាប់តែ​ទ្រុឌទ្រោម បាន​ប្រែក្លាយ​ទៅជា​មាន​ស្ថានភាព​រឹងមាំ​ជាថ្មី​ឡើងវិញ ដែល​ធ្វើ​ឱ្យ​តួ​ប៉ម​ឥដ្ឋ​នេះ អាច​ឈរ​បង្អួត​ភ្នែក​ភ្ញៀវ​ទេសចរ​ដោយ​ពុំ​បាច់​ប្រើ​ជន្ទល់​ទ្រ​ដូច​កាលពីមុន​ទៀត​ឡើយ។ ចំពោះ​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ នៅ​លើ​ខ្នងភ្នំ​បាខែង ដំណាក់កាល​ទី​ ២ គ្រោង​នឹង​អនុវត្ត​នៅ​ឆ្នាំក្រោយ បន្ត​ចាប់ពី​ផ្តែរ រហូតដល់​កំពូល ​នៃ​ប្រាសាទ ហើយ​តួ​ប៉ម​ប្រាសាទ​ទាំងមូល​ នឹង​រឹងមាំ​ជា​បន្តបន្ទាប់៕

អត្ថបទ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម