ព័ត៌មានជាតិ
ក្រសួងសុខាភិបាលកំពុងពិនិត្យករណីពេទ្យដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ៥០០រៀល
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឱ្យដឹងថាក្រសួងកំពុងពិនិត្យលើករណីដែលដែលពេទ្យដកថ្នាំពីអ្នកជំងឺវិញព្រោះតែលុយ៥០០រៀលនិងយកវីដេអូមកមកផ្សព្វផ្សាយលើបណ្ដាញសង្គមដែលកំពុងធ្វើឱ្យមហាជនមានប្រតិកម្មហើយ។

ឆ្លើយទៅនឹងសំណួររបស់កម្ពុជាថ្មីនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ មិនទាន់មានយោបល់យ៉ាងណាចំពោះករណីដែលពេទ្យដកថ្នាំពីអ្នកជំងឺវិញព្រោះខ្វះលុយ៥០០រៀលទេ តែថាករណីនេះលោកបានបញ្ជូនទៅថ្នាក់លើដើម្បីពិនិត្យហើយ។
កាលពីចុងសប្ដាហ៍មុនមហាជនជាបន្តបន្ទាប់បានប្រតិកម្មចំពោះវីដេអូមួយដែលត្រូវបានបង្ហោះដោយគ្រូពេទ្យស្រីម្នាក់ដែលបានស្ដីបន្ទោសលើអ្នកជំងឺដែលសុខចិត្តដើរចេញវិញបន្ទាប់ពីសុំឱ្យពេទ្យចុះថ្លៃថ្នាំ៥០០រៀលតែពេទ្យមិនចុះ។
និយាយក្នុងវីដេអូនោះ ស្ដ្រីម្នាក់ដែលទំនងជាគ្រូពេទ្យដែលលក់ថ្នាំបានបរិយាយថា បុរសម្នាក់បានពិគ្រោះជំងឺរមាស់ក្បាលរបស់គាត់ដែលពេទ្យតម្រូវឱ្យយកសាប៊ូទៅកក់ ឬផ្សំថ្នាំ។ ពេលនោះអ្នកជំងឺបានលើកឡើងថាលោកសុំផ្សំថ្នាំលេប ខណៈថ្នាំផ្សំនោះអស់ ១៣៥០០រៀល តែអ្នកជំងឺបានសុំត្រឹម ១ ៣០០០រៀល តែពេទ្យមិនព្រម។
ក្នុងវីដេអូនោះពេទ្យបាននិយាយថា៖ «ហើយប្រភេទបែបពូហ្នឹងមានប៉ុន្មាននាក់ទៀតដែលទិញគេឱ្យគេផ្សំថ្នាំច្រកថង់ឱ្យហើយកាត់ឱ្យហើយគាត់អត់យក? អ៊ីចឹងបងៗដែលមានបើក Pharmacy មើលមុខគាត់លេងៗទុកទៅ ក្រែងល៎គាត់ទៅដល់ Pharmacy បងៗផ្សំថ្នាំហើយអត់យកអ៊ីចឹង សួរយើងឡើងច្រើន ឱ្យគេឈរចាំគ្រប់គ្នាអីអ៊ីចឹងណា! ហើយសម្រាប់អ្នកទិញថ្នាំទៅតាម Pharmacy គេផ្សេងៗ កុំតថ្លៃគេអី។ គេអ្នកលក់ថ្នាំគេមានក្រមសីលធម៌វិជ្ជាជីវៈគេណាស់! គេមានសុជីវធម៌ណាស់កុំតថ្លៃដូចផ្សារត្រី»។

ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជាលោកវេជ្ជបណ្ឌិត អ៊ូច វុទ្ធី មានប្រសាសន៍ថាជារឿងដែលសោកស្ដាយដែលគ្រាន់តែលុយ៥០០រៀលបែរជាមិនលើកលែងហើយគ្រូពេទ្យយកវីដេអូទៅបង្ហោះបង្កើតឱ្យមានការរើសអើងលើអ្នកជំងឺដូច្នេះ។ លោកថាវាជារឿងដែលខុសក្រមសីលធម៌គ្រូពេទ្យធ្ងន់ធ្ងរ។
លោកថា៖ «ខុសក្រមសីលធម៌ធ្ងន់ បើគ្រូពេទ្យគេអាចដកសញ្ញាប័ត្រព្យូរចោលតែម្ដង! តែបើស្ត្រីនោះជាអ្នកលក់ថ្នាំ ភាគច្រើនជាឧសថស្ថានមធ្យមដែលឈរលក់ថ្នាំឱ្យគេ។ គឺគេអាចហៅទៅព្រមាន និងសួរនាំ»។
យោងតាមអនុក្រឹត្យស្ដីពីក្រមសីលធម៌គ្រូពេទ្យឆ្នាំ២០០៣ មាត្រា២បានចែងថា ក្នុងការប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ទោះក្នុងលក្ខណៈឯកជនក្ដី ជាសាធារណៈក្ដី គ្រូពេទ្យត្រូវតែគោរពជីវិត រាងកាយ និងសេចក្ដីថ្លៃថ្នូររបស់មនុស្ស។ បន្ថែមលើនេះមាត្រា៧ វក្យខណ្ឌទី២ ក៏បានចែងដែរថាទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គ្រូពេទ្យមិនត្រូវបោះបង់ អាកប្បកិរិយា សុភាពរាបសា ត្រឹមត្រូវ និងត្រូវយកចិត្តទុកដាក់ជួយទំនុកបម្រុងចំពោះមនុស្សដែលខ្លួនពិនិត្យ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
រាយការណ៍បន្ថែមដោយ អុន ស្រីមាន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


