ព័ត៌មានជាតិ
រាជរដ្ឋាភិបាល ចាត់ទុកវិស័យវប្បធម៌រួមចំណែកយ៉ាងសំខាន់ក្នុងការ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព
រាជរដ្ឋាភិបាល ចាត់ទុកវិស័យវប្បធម៌ជាដួងព្រលឹង អត្តសញ្ញាណ កិត្យានុភាព និងជាមោទនភាពរបស់ជាតិ ព្រោះវិស័យនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

ថ្លែងបិទសិក្ខាសាលាអនាគតគោលនយោបាយឧស្សាហកម្ម វប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា កាលពីរសៀលថ្ងៃទី ១១ មិថុនា នៅសណ្ឋាគារហៃយ៉ាត់ភ្នំពេញ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា «បើនិយាយពីវិស័យវប្បធម៌ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ខ្ពស់ជាប់ជានិច្ច ព្រោះជាដួងព្រលឹង ជាអត្តសញ្ញាណ ជាកិត្យានុភាព និងជា មោទនភាពរបស់ជាតិ។ ជាពិសេស រាជរដ្ឋាភិបាល មានបំណងក្នុងការកែប្រែសក្ដានុពលវប្បធម៌ដែលមានស្រាប់ បូករួមជាមួយយុទ្ធសាស្ត្រ អភិវឌ្ឍន៍ ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋថ្មីៗ ដើម្បីលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ច ប្រកបដោយចីរភាព ស្របទៅតាមបរិបទ នៃការអភិវឌ្ឍវប្បធម៌នៅក្នុងតំបន់ និងពិភពលោក»។

លោកស្រីរដ្ឋមន្ត្រី បានបន្តថា ហេតុនេះ ការរៀបចំសិក្ខាសាលានេះ គឺជាការឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ជាតិផង និងចូលរួមផ្សព្វផ្សាយឱ្យមានការយល់ដឹងកាន់តែទូលំទូលាយ និងកាន់តែប្រសើរអំពីឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋផង ដើម្បីធ្វើយ៉ាងណាឱ្យវិស័យឯកជន និងរដ្ឋ បានយល់ដឹង ហើយចូលរួមលើកស្ទួយទិសដៅសម្រាប់ការអភិវឌ្ឍវិស័យនេះឱ្យសមស្របទៅនឹងគោលនយោបាយវប្បធម៌ជាតិនៅកម្ពុជា។

លោកស្រីរដ្ឋមន្ត្រី បានបន្តទៀតថា ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ជាវិស័យថ្មីមួយមែន តែមានការរីកចម្រើនជាងគេក្នុងពិភពលោក។ វិស័យនេះ អាចជួយឱ្យសេដ្ឋកិច្ចរីកចម្រើនតាមរយៈផលិតផល និង សេវាកម្មវប្បធម៌។

ជាក់ស្ដែងបើតាមរបាយការណ៍របស់ យូណេស្កូ ឆ្នាំ ២០២២ ស្ដីពី «រៀបចំ និងកែសម្រួលគោលនយោបាយវប្បធម៌ ជំរុញការច្នៃប្រតិដ្ឋ ដើម្បីការអភិវឌ្ឍ» ក៏បានបញ្ជាក់ដែរថា វិស័យឧស្សាហកម្ម វប្បធម៌ និងការច្នៃប្រតិដ្ឋ បានចូលរួមចំណែកដល់ផលិតផលក្នុងស្រុក សរុបចំនួន ៣.១% និងអត្រាអ្នកធ្វើការក្នុងវិស័យនេះមានចំនួន ៦.២% ហើយផ្នែកនាំចេញ ផលិតផលវប្បធម៌ និងសេវា បានកើនឡើងទ្វេដង បើប្រៀបធៀបពីឆ្នាំ ២០០៥ រហូតដល់ឆ្នាំ ២០១៩ ដោយគិតជាទឹកប្រាក់មានចំនួនសរុប ៣៨៩.១ ប៊ីលានដុល្លារសហរដ្ឋអាមេរិក។

លោកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងឃើញថា យើងអាចទាញផលប្រយោជន៍បានយ៉ាងច្រើនឥតគណនាពីវិស័យវប្បធម៌ ព្រោះវិស័យនេះជាប្រភពមិនចេះរីងស្ងួតក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ហេតុដូច្នេះ មិនថា រដ្ឋ ឬឯកជន សុទ្ធតែអាចចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលជូនប្រជាជនតាមរយៈការច្នៃប្រតិដ្ឋវប្បធម៌»។
លោកស្រីរដ្ឋមន្ត្រី លើកឡើងទៀតថា សិក្ខាសាលាអនាគតគោលនយោបាយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋកម្ពុជា គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ជាពិសេសខ្មែរដែលជាជាតិដែលសំបូរទៅដោយមត៌ក វប្បធម៌ រូបី និងអរូបី ដែលជាទីចាប់អារម្មណ៍របស់មនុស្សទូទាំងសកលលោក។
លោកស្រីរដ្ឋមន្ត្រី បញ្ជាក់បន្ថែមទៀតថា សិក្ខាសាលានាពេលនេះ នឹងនាំយើងងាកមកចាប់អារម្មណ៍កាន់តែខ្លាំង និងគិតគូរ យកមកពិចារណាបន្ថែមទៀត ដើម្បីផ្សព្វផ្សាយបន្ត និងធ្វើយ៉ាងណាឱ្យវិស័យវប្បធម៌ក្លាយជាវិស័យធំមួយក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាពតាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ប្រកបដោយភាពច្នៃប្រតិដ្ឋ។ ដូចនេះយើងត្រូវប្រឹងប្រែងរួមគ្នាក្នុងស្មារតីលើកស្ទួយតម្លៃវប្បធម៌ ការពារ លើកតម្កើងកេរដំណែលវប្បធម៌ជាតិ ពង្រឹងសក្ដានុពលវប្បធម៌ ផ្សព្វផ្សាយអំពីផលិតផលវប្បធម៌ដ៏សម្បូរបែប ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិយើង និងដើម្បីសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល ដែលប្រទេសកម្ពុជា នឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ គឺ សម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


