Connect with us

ព័ត៌មានជាតិ

គិតត្រឹមដំណាច់ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីថៃជាង ៦២ម៉ឺននាក់ទទួលបានការងារ

បានផុស

នៅ

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៥ អតីតពលករខ្មែរមកពីប្រទេសថៃ ៦២ម៉ឺននាក់ ទទួលបានការងារធ្វើតាមរយៈយុទ្ធនាការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ខណៈឱកាសការងារនៅមានប្រមាណជិត៩ម៉ឺនកន្លែងបន្ថែមទៀត។ នេះបើតាមលោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន មេសា បានបញ្ជាក់ថា ក្នុងការទទួលបានឱកាសការងារប្រមាណ៦២ម៉ឺននាក់ មានជាង៣០ម៉ឺនឱកាសការងារ គឺទទួលបានតាមរយៈយន្តការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ លោក ស៊ុន មេសា ថា “ក្រសួងដាក់ចេញវិធានការសំខាន់ៗចំនួន៤ដំណាក់កាលដែលក្រសួងបានដាក់ចេញចាប់តាំងពីថ្ងៃទី៨ ខែមិថុនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ តាំងពីការទទួលពលករនៅតាមបន្ទាត់ព្រំដែនរហូតដល់គេហដ្ឋានរបស់អតីតពលករដើម្បីផ្តល់ឱកាសការងារ និងដើម្បីដោះស្រាយបញ្ហាជីវភាពរបស់អតីតពលលករ ក្រសួងបានរៀបចំវេទិកាការងារ ក៏ដូចជា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៥៧៩លើកនៅតាមភូមិឃុំក្នុងខេត្តសំខាន់ៗតាមគោលដៅសំខាន់ៗ”។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា វិស័យឧស្សាហកម្ម កសិកម្ម-កសិឧស្សាហកម្ម និងសេវាកម្ម គឺជាវិស័យដែលបានស្រូបកម្លាំងពលកម្មច្រើនជាងគេ។ ក្រៅពីឱកាសការងារជាង៦២ម៉ឺននាក់ អតីតពលកររាប់សិបម៉ឺននាក់ផ្សេងទៀត បានងាកទៅប្រកបរបរកសិកម្មតាមគ្រួសារ និងបង្កើតមុខរបរតូចតាចនៅតាមមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ ប្រជាពលរដ្ឋ និងអតីតពលករប្រមាណជាង៩៥ម៉ឺននាក់ បានវិលត្រឡប់មកកម្ពុជាវិញក្រោយអរិយភាពតាមព្រំដែនរវាងកម្ពុជា និងថៃ និងស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងឱកាសការងារ ដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងស្រុក លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់អតីតពលករដទៃទៀតដែលកំពុងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧​ដើម្បីទទួលបានឱកាសការងារក្នុងស្រុកជាជាងការប្រថុយប្រថានធ្វើការចំណាកស្រុកនៅប្រទេសថៃដែលមិនមានអត្ថប្រយោជន៍ដ៏សម្បូរបែបដូចនៅកម្ពុជានោះទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម