Connect with us

ព័ត៌មានជាតិ

នេះ​មក​ស្គាល់​ក្រុមហ៊ុន​ផលិត​ចំណី​សត្វ​​​ក្នុងស្រុក​ធំៗ ​ទិញផលកសិកម្មពី​កសិករ​ខ្មែរ​រាប់លានតោន​ផលិតចំណីសត្វ

បានផុស

នៅ

ប្រទេស​កម្ពុជា​មាន​​រោងចក្រ​ផលិតចំណីសត្វ​ ដែល​បានជួយសម្រួល​​ប្រមូល​ទិញ​កសិផល​ពី​កសិករដូចជា​ពោត​ ដំឡូង​មី​ កន្ទក់​ ចុង​អង្ករ​ក្នុងមួយឆ្នាំៗរាប់សែនតោន ដែល​​រួមចំណែក​កាត់​បន្ថយ​ការនាំចូលពី​បរទេស និង​បង្កើនតម្លៃសេដ្ឋកិច្ចក្នុង​ស្រុកបន្ថែម​ទៀត។

ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី (ខេមបូឌា)

ក្រុមហ៊ុនអិមភីក អេស៊ីអិមស៊ី ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​​ ម៉ុង ឫទ្ធី​គ្រុប។ ​ក្រុមហ៊ុន​អិម ភីក អេស៊ីអិមស៊ី បាន​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ផលិត​ចំណីសត្វ​នៅ​ឆ្នាំ ២០១៦ នៅលើផ្ទៃដី ២៤ ហិកតា ស្ថិត​ក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

ជាមួយសមត្ថភាព​អាច​​ផលិត​ចំណី​សត្វ​​បាន​ប្រមាណ ៣០ ០០០ តោន​ក្នុង​មួយ​ខែ វត្តមាន​រោងចក្រផលិតចំណីសត្វក្នុងស្រុកក្រោម​​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​សេដ្ឋីកសិកម្ម ម៉ុង ឫទ្ធី បានរួមចំណែក​ប្រើប្រាស់​វត្ថុធាតុដើមទិញពីប្រជាកសិករខ្មែរ និង​បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្រុមហ៊ុនអេហ្រ្គី-ម៉ាស្ទ័រ ខូអិលធីឌី

ក្រុមហ៊ុន អេហ្រ្គី-ម៉ាស្ទ័រ ជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា ខាង​ផលិត​ចំណី​សត្វ​តាំង​ពី​ឆ្នាំ​ ២០០៤។ មានទីតាំងនៅស្រុកពញាឮ​ ខេត្ត​កណ្តាល ​​បង្កើតឡើងជាយូរឆ្នាំមក​ដោយសហគ្រិន​ខ្មែរ ដែល​រោងចក្រ​នេះ​មាន​ផលិត​ចំណី​សត្វចិញ្ចឹម​ច្រើនប្រភេទមាន​ដូចជា​ជ្រូក មាន់ ទា​ជាដើម។


ក្រុមហ៊ុន ឌឹ ហឺស្ស ធីអិមអេច

ឌី ហឹស្ស ធីអិមអេច គឺជាក្រុមហ៊ុនផលិតចំណីសត្វមួយក្នុងចំណោមក្រុមហ៊ុនផលិត​ចំណី​សត្វ​ធំ​ជាង​គេទាំង ១០ នៅក្នុងពិភពលោក ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​នែតដឺឡង់ (ហូឡង់)។

កាលពី​ឆ្នាំ ២០២០ ក្រុមហ៊ុន​បាន​ចាប់ផ្តើម​ដំណើរការ​រោងចក្រ​ផលិត​ចំណី​សត្វ​ក្នុង​ខេត្ត​កំពង់ស្ពឺ​ ក្រោម​ទុន​វិនិយោគ​ប្រមាណ ១៥ លាន​ដុល្លារ ដែល​មាន​សមត្ថភាព​ផលិត​ចំណី​សត្វគ្រប់​ប្រភេទ​ចំនួន ១៥,០០០​តោន/​ខែ និង​មាន​ផែនការ​ពង្រីក​ផលិតចំណីសត្វ ១៨០,០០០​តោន/ឆ្នាំ។

វត្ថុធាតុដើមក្នុងស្រុក​ដែលក្រុមហ៊ុនប្រើ​គឺដំឡូងមី ពោតក្រហម ចុងអង្ករ កន្ទក់ ថ្មហ្មត់ កាកដូង កាក​ស្រាបៀ និង​ម្សៅឆ្អឹងសត្វ។ បច្ចេកទេសផលិត ភាគច្រើនត្រូវបាននាំយកពីសហភាពអឺរ៉ុប ខណៈ​២០%​នៃ​ថាមពល​ដែលប្រើប្រាស់ក្នុងរោងចក្រ គឺបានពីថាមពលពន្លឺព្រះអាទិត្យ។

ក្រុមហ៊ុន អេ អេន ធី ហ្វីដ

រោងចក្រផលិតចំណីសត្វ ANT FEED CO., LTD មានទីតាំង​ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល​គ្រុប​ភ្នំពេញ (RGPPSEZ)។

ANT គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន DaChan Great Wall Group ដែលជាក្រុមអាជីវកម្ម​ពហុ​ឧស្សាហកម្មដែលគ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងអាស៊ីក្នុងតៃវ៉ាន់ កម្ពុជា ចិន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងវៀតណាម។

ANT ជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យចំណីសត្វ ហើយ​រោងចក្រ​នៅ​កម្ពុជា​ត្រូវបាន​ដាក់ឱ្យដំណើរការនៅឆ្នាំ 2019 ដែលជាការបោះជំហានថ្មីមួយនៅក្នុងទីផ្សារកម្ពុជា។

ក្រុមហ៊ុន ស៊ីជេ ជេលជីដាងហ្វីដ (ខេមបូឌា) ខូអិលធីឌី

កាលពី​ឆ្នាំ ២០២៥ ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស បានចុះហត្ថលេខាទិញភាគហ៊ុន 100% នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ ស៊ីជេ ជេលជីដាង ហ្វីដ នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​ទាំង​នៅ​ប្រទេស​វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង និង​ហ្វីលីពីន ដើម្បីពង្រីកខ្លួន និង​ពង្រឹង​ជំហរនៅ​តំបន់​អាស៊ី។

ការទិញសិទ្ធិកាន់កាប់​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ ឌឹហឺស្ស​ បាន​ជួយ​​បង្កើនលទ្ធភាពការ​ផលិតចំណីសត្វ​របស់​ក្រុមហ៊ុន​ រួមចំណែក​ដល់​វឌ្ឍនភាព​វិស័យ​ចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​នៅ​កម្ពុជា។

ក្រុមហ៊ុនផលិតចំណីសត្វ គ្រីនហ្វីត (GREENFEED Cambodia)

ក្រុមហ៊ុន គ្រីនហ្វីត (ខេមបូឌៀ) ជាក្រុមហ៊ុនផលឹតចំណីសត្វឈានមុខគេមួយនៅកម្ពុជាតាំង​ពី​ឆ្នាំ​២០០៨។ សព្វថ្ងៃក្រុមហ៊ុន កំពុងតែផលិតចំណីសត្វផ្គត់ផ្គង់​នៅ​លើ​ទីផ្សារទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុនស៊ី.ភី

ក្រុមហ៊ុន ស៊ីភី ខេមបូឌា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CPF មានមូលដ្ឋាននៅ​ប្រទេសថៃ និង​បាន​ប្រតិបត្តិការ​នៅកម្ពុជាអស់រយៈពេល ២៥ ឆ្នាំមកហើយ។ បច្ចុប្បន្ន រោងចក្រ​ចំណីសត្វ របស់ក្រុមហ៊ុន ស៊ីភី មាន ២ ទីតាំង នៅខេត្តកណ្តាល និងប៉ៃលិន។

ក្រុមហ៊ុនស៊ី.ភី.ខេមបូឌា បាន​ប្រមូលទិញវត្ថុធាតុដើមដូចជា ពោត និងដំឡូងមីពី​ប្រជាកសិករ​នៅ​តាមបណ្តា​ខេត្តភាគ​ពាយ័ព្យ​ដូចជា​​ខេត្ត​បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​ក្នុងមួយឆ្នាំៗ​ប្រមាណ​ ២០០ ០០០ ​តោន ដើម្បី​កែច្នៃ​ធ្វើជា​ចំណីសត្វសម្រាប់​ផ្គត់​ផ្គង់​នៅក្នុង​ប្រទេស និង​នាំចេញ​ទៅ​ក្រៅ​ប្រទេស។

ក្រុមហ៊ុនបេតាហ្រ្គោ (ខេមបូឌា) ខមភេនី លីមីធីត

ក្រុមហ៊ុន Betagro ជា​ក្រុមហ៊ុន​ផលិត​និង​កែច្នៃសាច់ដ៏ធំមួយរបស់ថៃ។ ក្រុមហ៊ុន Betagro បាន​​វិនិយោគ​នៅកម្ពុជា ដូចជាការផលិតចំណីសត្វ និងកសិដ្ឋានចិញ្ចឹមជ្រូក និងមាន់ជាដើម។ ក្រៅ​ពីកម្ពុជា ក្រុមហ៊ុន​ក៏មានវិនិយោគ​នៅប្រទេសឡាវ និងមីយ៉ាន់ម៉ាផង​ដែរ។

សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាង

សហគ្រាសផលិតចំណីសត្វដង្ខៅប៉ាងជា​សហគ្រាស​ក្នុងស្រុក ដែលមាន​ផលិត​ចំណី​សត្វ​សម្រាប់​ផ្គត់ផ្គង់​ដល់​គោ​ពូជ និង​គោ​បំប៉ន​សាច់​គ្រប់​ប្រភេទ។ ចំណី​សត្វដែល​ផលិត​ដោយ​សហគ្រាស​ខ្មែរនេះ​​មាន​គុណភាព​ខ្ពស់ មិន​ចាញ់​ចំណី​នាំ​ចូល​នោះ​ទេ។

កាលពីឆ្នាំ ២០២៥ ក្រោម​ការ​សម្របសម្រួល​ពី​ក្រសួង​ពាណិជ្ជកម្ម​ សហគ្រាសផលិត​ចំណីសត្វដង្ខៅប៉ាងបានចុះអនុស្សរណៈ​យោគ​យល់​គ្នា​​ដើម្បី​ប្រមូល​ទិញ​ផលកសិកម្មពីកសិករ​មាន​ពោត​ក្រហម ដំឡូងមី​ កញ្ចុង​អង្ករ​សម្រាប់​ផលិត​ចំណីសត្វ​ផ្គត់ផ្គង់ទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម