ព័ត៌មានជាតិ
គម្រោងអភិវឌ្ឍធំៗចំនួន ៥ បញ្ចប់ឆ្នាំ២០២៦ នឹងផ្លាស់ប្តូរមុខមាត់ក្រុងកំពង់ចាមកាន់តែរីកចម្រើន
ក្រុងកំពង់ចាមនឹងផ្លាស់ប្តូរមុខមាត់ថ្មីកាន់តែស្រស់បំព្រងនិងកាន់តែអភិវឌ្ឍថែមទៀត ក្រោយគម្រោងអភិវឌ្ឍធំៗចំនួន ៥ បញ្ចប់ក្នុងឆ្នាំ ២០២៦។
គម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម
គម្រោងសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម ជាគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់ទន្លេមេគង្គជំហានទី៤ ក្រោមកម្ចីហិរញ្ញប្បទានសម្បទានរបស់ធនាគារអភិវឌ្ឍអាស៊ី ADB ដែលមានទំហំទឹកប្រាក់ប្រមាណជាង ២២ លានដុល្លារអាមេរិក។
ដំណើរការសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងក្រុងកំពង់ចាម គ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៦ ខណៈវឌ្ឍនភាពមកដល់ពេលនេះសម្រេចបានប្រមាណជាង ៨០,០៧% នៃគម្រោង។ នេះបើតាមការឲ្យដឹងពីលោក ជុំ លីនដា ប្រធានវិស្វករនៃក្រុមហ៊ុនប៉ៃជីងអឺប៊េនខន់ស្ត្រាក់សិនគ្រុបខូអិលធីឌី (BUCG)។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមរំពឹងទុកថា នៅពេលគម្រោងបញ្ចប់ជាស្ថាពរ ក្រុងកំពង់ចាមនឹងមិនមានការលិចលង់ ដោយសារកត្តាទឹកភ្លៀងទៀតនោះទេ។ ជាមួយគ្នានេះ ទឹកកខ្វក់នៅក្នុងក្រុងកំពង់ចាមទាំងមូលក៏នឹងត្រូវបានគ្រប់គ្រងដោយមិនឲ្យហូរពាសវាលពាសកាលចូលទៅក្នុងទន្លេទៀតដែរ ពោលគឺត្រូវហូរចូលទៅក្នុងអាងប្រព្រឹត្តកម្មជាមុនសិន មុននឹងបង្ហូរទៅកាន់ប្រភពទឹកធម្មជាតិ។


ដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិគ្រោងឲ្យរួចរាល់នៅឆ្នាំ ២០២៦
អាជ្ញាធរខេត្តកំពង់ចាមកំពុងអនុវត្តការងារដំឡើងបង្គោលភ្លើងបំភ្លឺតាមផ្លូវជាតិលេខ ៦ និងលេខ ៧ ហើយតាមផែនការនឹងជំរុញឲ្យរួចរាល់នៅឆ្នាំ ២០២៦។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាមនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាមបានប្រាប់កម្ពុជាថ្មីថា ការងារបានចាប់ផ្ដើមអនុវត្តបណ្តើរៗចាប់ពីស្រុកបាធាយព្រំប្រទល់ខេត្តកណ្ដាលដល់រង្វង់មូលស្គន់តាមផ្លូវជាតិលេខ ៦ និងពីរង្វង់មូលស្គន់ដល់ស្រុកតាំងគោកព្រំប្រទល់ខេត្តកំពង់ធំ។
«តាមផែនការរបស់ថ្នាក់ដឹកនាំខេត្តនឹងជំរុញឲ្យចប់រួចរាល់ក្នុងឆ្នាំ ២០២៦»។ នេះបើតាមលោក ស្រី សុភ័ក្រ្ត។
ពាក់ព័ន្ធប្រភពថវិកាសម្រាប់ការអនុវត្តការងារនេះ លោក ស្រី សុភ័ក្រ្ត បានបញ្ជាក់ថា មួយផ្នែកគឺបានមកពីកញ្ចប់ថវិការដ្ឋ និងក៏មានការចូលរួមចំណែកពីសប្បុរសជនមួយចំនួនផងដែរ។
ក្រៅពីរៀបចំដំឡើងបង្គោលភ្លើងបំភ្លឺតាមបណ្តាផ្លូវជាតិ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានណែនាំដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ក្រុមហ៊ុនអគ្គិសនីឲ្យបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ជួសជុលបង្គោលនិងអំពូលភ្លើងចាស់ៗឡើងវិញស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីឲ្យកាន់តែមានភាពស្រស់បំព្រងទ្វេរឡើង និងជួយលើកសម្រស់ក្រុងកំពង់ចាមឲ្យកាន់តែទាក់ទាញភ្ងៀវទេសចរជាតិ និងអន្តរជាតិចូលមកលេងកម្សាន្ត។


អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មីនឹងស្ថាបនារួចរាល់នៅមុនចូលឆ្នាំខ្មែរ
វឌ្ឍនភាពការងារសាងសង់អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មីសម្រេចបានប្រមាណ ៨០% រំពឹងថា នឹងកសាងរួចរាល់១០០% នៅមុនចូលឆ្នាំខ្មែរឆ្នាំ ២០២៦។
អគាររដ្ឋបាលសាលាខេត្តកំពង់ចាមថ្មីសាងសង់ឡើងអំពីបេតុងអាមេមានទំហំបណ្តាយជាង ៥៣ ម៉ែត្រ និងទទឹង ២៤ ម៉ែត្រ កម្ពស់ ៣ ជាន់ ស្ថិតនៅក្នុងក្នុងបរិវេណសាលាខេត្ត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។


ផ្លូវជាតិលេខ ៧ ពីស្គន់ទៅក្រុងកំពង់ចាម នឹងស្ថាបនាបញ្ចប់មុនចូលឆ្នាំខ្មែរ
ប្រភពពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ផ្លូវជាតិលេខ៧ ពីទីប្រជុំជន់ស្គន់ដល់ស្ពានគីហ្សូណាក្រុងកំពង់ចាម នឹងរួចរាល់មុនផែនការអាចសាងសង់បញ្ចប់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថា ផ្លូវជាតិលេខ ៧ ដែលកំពុងស្ថាបនាពង្រីកពី ២ គន្លងទៅ ៤ គន្លង វឌ្ឍនភាពពេលនេះសម្រេចបានប្រមាណ ៨០% ហើយនឹងរួចរាល់មុនពិធីចូលឆ្នាំខ្មែរខាងមុខ។
ក្រោយបញ្ចប់ការស្ថាបនា ផ្លូវជាតិលេខ ៧ ដែលត្រូវបានស្ថាបនាពង្រីកទទឹងផ្លូវដល់ទៅ ២៤ ម៉ែត្រ នឹងសម្រួលដល់ការធ្វើដំណើរទៅមករបស់ពលរដ្ឋលែងលំបាកកកស្ទះ និងនាំលំហូរការធ្វើចរាចរណ៍កាន់តែឆាប់រហ័សជាងមុន។


កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម បើកការដ្ឋានសាងសង់ គ្រោងបញ្ចប់រយៈពេល ២៤ ខែ
កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម បានចាប់ផ្តើមបើកការដ្ឋានសាងសង់ គ្រោងបញ្ចប់ដំណាក់កាលទី ១ ក្នុងរយៈពេល ២៤ ខែ។
កំពង់ផែទេសចរណ៍ដែកបណ្តែតទឹកក្រុងកំពង់ចាម នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើរហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅមករាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាមនិងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ នេះបើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា ការសាងសង់កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម បង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។
កំពង់ផែទេសចរណ៍ក្រុងកំពង់ចាមមានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់។
ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី ១ នឹងប្រើប្រាស់រយៈពេល ២៤ ខែ។ ជាមួយគ្នានេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរក៏នឹងចាប់ផ្តើមនៅឆ្នាំ២០២៦៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


