Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសមិនទទួលស្គាល់ដាច់ខាតចំពោះការកែប្រែព្រំដែនដោយប្រើកម្លាំងពីយោធាថៃ

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ។ ចំពោះការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំង សម្ដេចនាយករដ្ឋមន្ត្រី បានប្រកាសមិនទទួលស្គាល់នោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចធិបតី បញ្ជាក់ជាថ្មីថា បញ្ហាព្រំដែនកម្ពុជា និងថៃ គឺជាព្រំដែនអន្តរជាតិរវាងរដ្ឋ និងរដ្ឋ ហើយត្រូវបានការពារដោយច្បាប់អន្តរជាតិ ពិសេសធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ដូច្នេះរាជរដ្ឋាភិបាល ប្រកាន់ជំហរការពារអធិបតេយ្យ និងបូរណភាពទឹកដី ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ស្របតាមរយៈយន្តការច្បាប់អន្តរជាតិ ហើយកម្ពុជា ប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែព្រំដែនដោយប្រើប្រាស់កម្លាំង។

ការបញ្ជាក់ជាថ្មីដូច្នេះរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សនិន្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

សម្ដេចធិបតី អះអាងថា ការខិតខំដោះស្រាយបញ្ហាព្រំដែនដោយសន្ដិវិធី ផ្អែកតាមច្បាប់អន្តរជាតិ គឺជាមូលដ្ឋានដ៏មានតម្លៃក្នុងការដោះស្រាយបញ្ហាជម្លោះ ដោយទទួលបានផលជានិរន្តរភាព ជាព្រំដែនសុខសន្ដិភាពសម្រាប់កូនចៅជំនាន់ក្រោយ។

តាមសម្ដេចនាយករដ្ឋមន្ត្រី បើទោះជាបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មានទស្សនខុសគ្នាច្រើន ក៏ប៉ុន្តែ សម្ដេចធិបតី ថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំដោះស្រាយបញ្ហានេះជានិច្ច ទោះរាជរដ្ឋាភិបាលមិនបានបង្ហាញជាសាធារណៈទៅដល់ប្រជាជនក៏ដោយ។

ជាថ្មីម្ដងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា បូរណភាពទឹកដី  និងប្រជាពលរដ្ឋ គឺជាអាទិភាពធំបំផុតដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់កន្លងមក បច្ចុប្បន្ន និងទៅអនាគត។

សម្ដេច លើកឡើងក្នុងប្រសាសន៍ដើមថា៖ «សម្រាប់រាជរដ្ឋាភិបាលមិនបោះបង់ចោលកាតព្វកិច្ចនេះទេ គឺយើងការពារអធិបតេយ្យភាព និងទឹកដី ក៏ដូចជាអាយុជីវិត និងសុខទុក្ខប្រជាជនយើង ជាពិសេសអ្នករស់នៅព្រំដែន ជនភៀសសឹកដែលយើងត្រូវធ្វើ ការងារទាំងព្រមដែលយើងត្រូវធ្វើគ្រប់មុខព្រួយទាំងអស់ ហើយនេះជាការប្ដេជ្ញាចិត្ត ហើយមិនមែនជាការប្ដេជ្ញាចិត្តតែមួយមុខទេ ប៉ុន្តែជាការធ្វើយ៉ាងសកម្មជាប់ជាប្រចាំ»

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម