ព័ត៌មានជាតិ
មន្រ្តីសុខាភិបាលកោះកុង ដោះស្រាយបញ្ហាអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលផ្នែកឯកជនចំនួន ៣ កន្លែង នៅឆ្នាំ ២០២៥
ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង និងមន្ទីរសុខាភិបាលខេត្ត បានតាមដានឃ្លាំមើល និងដោះស្រាយបញ្ហាកំហុសអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលលើវិស័យឯកជនចំនួន ៣ កន្លែង នៅឆ្នាំ ២០២៥ កន្លងទៅ ដើម្បីចៀសវាងបាតុភាពធ្ងន់ធ្ងរដែលអាចប្រឈមមុខនឹងទោសទណ្ឌផ្លូវច្បាប់ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសុខាភិបាលទាំងមូល។

លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង បង្ហាញថា ក្រុមការងាររបស់លោកកោះហៅគ្រូពេទ្យដែលមានបន្ទប់ពិគ្រោះព្យាបាលសេវាឯកជនចំនួន ៣ មកសួរនាំ និងណែនាំច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឆ្នាំ ២០១៦ ឱ្យយល់ពីដែនកំណត់វិជ្ជាជីវៈរបស់ខ្លួន គោរពក្រមសីលធម៌វិជ្ជាជីវៈ និងពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការធ្វើរោគវិនិច្ឆ័យព្យាបាលជំងឺ។

ក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្រ្តបន្តខេត្តកោះកុង លើកទី ៩ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ លោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ បានឱ្យដឹងទៀតថា កន្លងមកនេះ ក្រុមការងារបានទទួលដឹងឮព័ត៌មានតាមបណ្ដាញសង្គម ក៏ដូចជាបាតុភាពដែលបានកើតឡើងនៅតាមបណ្តាខេត្តមួយចំនួន។ ហេតុដូចនេះចំពោះខេត្តកោះកុង ក៏ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ហើយត្រូវផ្ដល់ព័ត៌មានឱ្យបានឆាប់រហ័ស និងធ្វើការឆ្លើយតបបន្ទាន់ឱ្យបានលឿនទៅតាមការណែនាំរបស់គណៈពេទ្យជាតិ ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីគ្រប់គ្រងព័ត៌មានលើបណ្ដាញសង្គមឱ្យបានទាន់ពេលវេលា។

លោកវេជ្ជបណ្ឌិតប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកោះកុង បន្តថា សង្គមមានការរីកចម្រើន ប្រជាជនមានការចេះដឹងច្រើន ការមកទទួលសេវាមានការកើនឡើង ដូច្នេះការរិះគន់ពីសិទ្ធិរបស់អ្នកជំងឺ សិទ្ឋិអ្នកប្រើប្រាស់សេវា ក៏ធ្វើឱ្យគ្រូពេទ្យកាន់តែជួបបញ្ហាដូចជា ការថ្នាំងថ្នាក់មិនពេញចិត្ត និងឈានទៅការត្អូញត្អែរប្តឹងផ្តល់។ ដូច្នេះគ្រូពេទ្យម្នាក់ៗ ត្រូវតែត្រៀមខ្លួន ប្រុងប្រយ័ត្នការពារខ្លួន ការពាវវិជ្ជាជីវៈរបស់ខ្លួន។
ទាក់ទិនបញ្ហានេះដែរ លោក ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ក៏ក្រើនដល់គ្រូពេទ្យទាំងអស់ថា វិជ្ជាជីវៈអ្នកប្រកបការងារសុខាភិបាល ជារឿងសំខាន់ណាស់មិនដូចអ្នកអាជីវកម្ម ឬការផ្តល់សេវាផ្សេងៗ នោះទេ ដោយចាំបាច់មានការទទួលខុសត្រូវខ្ពស់ណាស់ចំពោះការថែទាំព្យាបាលសុខភាពផ្លូវចិត្ត និងផ្លូវកាយអតិថិជនដែលប្រជាពលរដ្ឋជាអ្នកជំងឺ។

លោកវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ឡឹម តារា សង្កត់ធ្ងន់ថា អ្នកប្រកបការងារសុខាភិបាល ដើរតួនាទីជួយផ្តល់ការជឿទំនុកចិត្ត និងលើកកម្ពស់អភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែរីកចម្រើន។ ករណីរកឃើញថា អ្នកប្រកបការងារសុខាភិបាលណាម្នាក់ បានប្រព្រឹត្តខុសវិជ្ជាជីវ:នឹងទទួលទោសទណ្ឌតាមច្បាប់ជាកំហិតតែម្តង។
យោងតាមច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ចែងអំពីទោសទណ្ឌថា អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលដែលប្រព្រឹត្តកំហុសឆ្គងវិជ្ជាជីវៈសុខាភិបាលដែលពាក់ព័ន្ធ ឬមិនមានសម្បទាគ្រប់គ្រាន់ នឹងទទួលទណ្ឌកម្មខាងវិន័យដូចជា ៖ ព្រមាន កត់ទុកក្នុងឯកសារផ្ទាល់ខ្លួន កំណត់លក្ខខណ្ឌផ្សេងៗ ចំពោះការប្រកបវិជ្ជាជីវ់ៈសុខាភិបាលរយៈពេលកំណត់មួយ ឬជាស្ថាពរ ផ្អាកដកហូតអាជ្ញាបណ្ណ និងលុបឈ្មោះចេញពីបញ្ជីគណៈវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធ។ នេះមិនរាប់បញ្ចូលនឹងបទល្មើសព្រហ្មទណ្ឌនោះទេ។
សម្រាប់លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅតែទាមទារគ្រូពេទ្យ ឬអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ចូលរួមគោរពក្រមសីលធម៌ឱ្យបានកាន់តែល្អប្រពៃ ទើបអាចរក្សាការពារបាននូវ ភាពថ្លៃថ្នូរ កិត្តិយស និងកេរ្តិ៍ឈ្មោះល្អ ដើម្បីកសាងជួរគ្រូពេទ្យមួយដែលមានសមត្ថភាព គុណភាព សម្បទាគ្រប់គ្រាន់ ក្នុងការផ្តល់សេវាប្រកបដោយគុណធម៌ សីលធម៍ គោរពដែនកំណត់វិជ្ជាជីវៈ និងនិយាម ធានាបានសមធម៌ និងសុវត្ថិភាពជូនអ្នក ជំងឺប្រកបដោយការពេញចិត្ត៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
សន្តិសុខសង្គម២ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


