Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តមណ្ឌលគិរី សាងសង់សួនកុមារដ៏ធំនៅកណ្តាលក្រុងបង្កើនកន្លែងកម្សាន្ត

បានផុស

នៅ

រដ្ឋបាលខេត្តមណ្ឌលគិរី បានចាប់ផ្តើមអនុវត្តគម្រោងសាងសង់សួនកុមារថ្មីមួយ នៅកណ្ដាលទីក្រុងសែនមនោរម្យ ដើម្បីបង្កើនកន្លែងកម្សាន្តសម្រាប់កុមារ និងគ្រួសារ ព្រមទាំងជួយលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់។ សួនកុមារនេះ ត្រូវបានរចនាឡើងដោយមានឧបករណ៍លេងសម្រាប់កុមារ សួនបៃតង ផ្លូវដើរកម្សាន្ត និងកន្លែងសម្រាកសម្រាប់ប្រជាពល​រដ្ឋ ក៏ដូចជាភ្ញៀវទេសចរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នាង វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគិរី បានប្រាប់កម្ពុជាថ្មីថា ដើម្បីបង្កើតទីតាំងកម្សាន្តថ្មីៗបន្ថែមទៀត នៅក្នុងក្រុងសែនមនោរម្យ រដ្ឋបាលខេត្តបានចាប់ផ្តើមគម្រោងសាងសង់សួនកុមារថ្មីមួយ ដោយមានគោលបំណងបង្កើតបរិយាកាសរីករាយ និងមានសុវត្ថិភាព សម្រាប់កុមារលេងកម្សាន្ត ព្រមទាំងឲ្យគ្រួសារចំណាយពេលវេលាជាមួយគ្នានៅពេលទំនេរ។ បើតាមអ្នកនាំពាក្យ ការសាងសង់សួនកុមារដ៏ធំទូលាយនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដែលបានចាប់ផ្ដើមស្ថាបនាកាលពីឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់មុនឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

លោក នាង វ​ណ្ណៈ

លោកបានបន្ថែមថា ការសាងសង់សួនកុមារនេះក៏ជាផ្នែកមួយនៃការអភិវឌ្ឍទីក្រុង ឲ្យកាន់តែមានសោភ័ណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តមណ្ឌលគិរី ដែលជាតំបន់មានធម្មជាតិស្រស់ស្អាត និងអាកាសធាតុល្អ។

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា តាមផែនការចក្ខុវិស័យរបស់ខេត្ត មិនមែនមានតែសួនកុមារនេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគម្រោងសំខាន់ពីរបន្ថែមទៀត គឺការបង្កើតផ្សាររាត្រី និងតំបន់កម្សាន្តពេលយប់ Pub Street ផងដែរ ស្របតាមទិសដៅសូចនាករនៃការប្រកួតប្រជែងទីក្រុងស្អាត។ លើសពីនេះ រដ្ឋបាលខេត្តក៏បានត្រៀមថវិកាមួយចំនួន និងសហការជាមួយក្រុមហ៊ុនដៃគូ ដើម្បីអភិវឌ្ឍ និងបង្កើតទីតាំងទាំងនេះឲ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ។

ប្រជាពលរដ្ឋក្នុងតំបន់បានសម្តែងការគាំទ្រចំពោះគម្រោងនេះ ដោយរំពឹងថានឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ ហើយនឹងរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងតំបន់ ព្រមទាំងជំរុញសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ផងដែរ។ ពួកគេរំពឹងថា សួនកុមារថ្មីនេះនឹងក្លាយជាទីកន្លែងកម្សាន្តសំខាន់សម្រាប់កុមារ និងជាកន្លែងជួបជុំសហគមន៍ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមក៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម