Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែន ឱ្យក្លាយជាសាលារៀនឌីជីថល

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែន ឱ្យក្លាយជាសាលារៀនឌីជីថល ដើម្បីធានាបានថា ធនធានមនុស្សនៅតាមតំបន់ព្រំដែនមានសមត្ថភាពឌីជីថលក្នុងការប្រកួតប្រជែងខ្ពស់សម្រាប់អនាគតកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថានសិក្សាតាមតំបន់ព្រំដែនខេត្តព្រះវិហារ នៅវិទ្យាល័យតេជោ ហ៊ុន សែន ជាំក្សាន្ត ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គោលដៅយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើទំនើបកម្មសាលារៀនតាមតំបន់ព្រំដែនឱ្យក្លាយជាសាលារៀនឌីជីថល តាមរយៈការរៀបចំបន្ទប់សិក្សាបច្ចេកវិទ្យា ការប្រើប្រាស់ថ្នាលសិក្សាឌីជីថលកម្រិតបឋម និងមធ្យមសិក្សា ជាពិសេសគឺការជំរុញឱ្យយុវជនជំនាន់ក្រោយស្វែងយល់ពីបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) តាំងពីវ័យក្មេងឱ្យបានច្បាស់លាស់ ដើម្បីធានាបានថាធនធានមនុស្សនៅតាមតំបន់ព្រំដែនមានសមត្ថភាពឌីជីថលក្នុងការប្រកួតប្រជែងខ្ពស់សម្រាប់អនាគតកម្ពុជា។

បន្ថែមលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់ការណែនាំដល់បុគ្គលិកអប់រំទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តកំណែទម្រង់សាលារៀនឱ្យកាន់តែស៊ីជម្រៅ ចាប់តាំងពីកម្រិតមត្តេយ្យសិក្សា ដោយជំរុញមាតាបិតាឱ្យបញ្ជូនកូនមកសាលាឱ្យបានច្រើន និងពង្រឹងមូលដ្ឋានគ្រឹះអំណានដំបូង និងគណិតវិទ្យាដំបូងសម្រាប់កម្រិតបឋមសិក្សា។

លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការចូលរួមគាំទ្រកាន់តែខ្លាំងថែមទៀតពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល ក្នុងការតាមដានយ៉ាងជិតស្និទ្ធលើការសិក្សារបស់កូនៗ នៅផ្ទះ សហការជាមួយលោកគ្រូ អ្នកគ្រូ និងបង្កបរិយាកាសសិក្សាប្រកបដោយភាពកក់ក្តៅ ដើម្បីជំរុញស្មារតីកុមារឱ្យស្រឡាញ់ការរៀនសូត្រ។

យ៉ាងណាក៏ដោយ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូតាមតំបន់ព្រំដែនទាំងអស់ ដែលបានខិតខំប្រឹងប្រែងជម្នះរាល់ការលំបាកដើម្បីបន្តបេសកកម្មផ្តល់សេវាអប់រំជូនដល់សិស្សានុសិស្សនៅតាមតំបន់ព្រំដែន ដូចជា ការវិលត្រឡប់មកកាន់សាលាវិញនាពេលនេះ។

លោកឧបនាយករដ្ឋមន្ត្រី សូមឱ្យបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទាំងអស់ បន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ដើម្បីធានាបាននូវសុខសន្តិភាព៕
អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម